បុរសដែលល្អពិតប្រាកដ មិនមែនស្ថិតត្រង់ថា គេមានរូបរាងស្រស់សង្ហា មានគ្រួសារខ្ពង់ខ្ពស់ មានតំណែងយសសក្តិធំ ឬកើតក្នុងត្រកូលអភិជន និយាយស្ដីផ្អែមល្ហែម ពូកែលួងលោមនោះឡើយ។ តែបុរសដែលល្អពិតប្រាកដ លុះត្រាតែគេ មានប៉ុន្មានចំណុចនេះ ទោះគេមិនមែនជាអ្នកមាន មិនបានកើតក្នុងគ្រួសារអភិជន គ្មានតំណែងធំក៏ដោយ ក៏គេអាចទាក់ចិត្តនារីល្អពិតប្រាកដ ឱ្យព្រមជ្រើសរើស និងទទួលយកគេ មករួមដំណើរជីវិតជាមួយបានដែរ។
១. មានចំណេះពិតប្រាដក
ពាក្យថា មានចំណេះដឹងពិតប្រាកដ មិនសំដៅលើសាលា ឬថ្នាក់ដែលគេបានរៀននោះឡើយ ព្រោះមនុស្សខ្លះ រៀនច្រើនហួសកម្រិត តែបែរជាល្ងង់ល្ងិត ព្រហើន អសីលធម៌ទៅវិញ។ ប៉ុន្តែសម្រាប់បុរសដែលមានចំណេះដឹងពិត គឺគេជាបុគ្គលដែលចេះគិត ចេះពិចារណា ដឹងខុសត្រូវ ខ្មៅស ល្អអាក្រក់ ព្រោះទែចំណេះដឹងដែលគេមាន គឺអូសទាញគេឱ្យនៅឆ្ងាយពីអំពើខុសច្បាប់ និងការប្រព្រឹត្តខ្លួនមិនល្អទាំងពួង មិនយកខ្លួនទៅពាក់ព័ន្ធនឹងស្រី ស្រា ល្បែង ឬថ្នាំញៀនទាំងឡាយនោះឡើយ។ យ៉ាងណាមិញ បុគ្គលដែលមានចំណេះដឹងពិត គេចេះប្រើជីវិត និងប្រព្រឹត្តខ្លួនប្រកបដោយភាពថ្លៃថ្នូរ ដែលជាបុគ្គលធ្វើឱ្យអ្នកជុំវិញមានការគោរព ស្រឡាញ់ រាប់អាន និងខ្លាចក្រែងគេផងដែរ។ ដូច្នេះ បុរសបែបនេះ គេមិនធ្វើឱ្យប្រពន្ធកូន ក្រុមគ្រួសាររបស់គេខកចិត្ត ឬរងការឈឺចាប់ដោយសារតែទង្វើដែលមិនគប្បីរបស់គេនោះឡើយ។
២. មានទំនួលខុសត្រូវខ្ពស់
មនុស្សម្នាក់ៗ មិនថាប្រុស ឬស្រី មិនថាស្ថិតក្នុងជីវិតគ្រួសារ ឬការងារនោះទេ ចាំបាច់បំផុតគឺ ត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះទង្វើ សម្ដី និងអាកប្បកិរិយារបស់ខ្លួនជាធំ។ មិនថាធ្វើអ្វី គិតអ្វី និយាយអ្វី ខុស ឬត្រូវ គឺគាត់ត្រូវស្ថិតក្នុងចំណុចមួយគឺ ត្រូវមានទំនួលខុសត្រូវចំពោះរឿងហេតុទាំងអស់។ សម្រាប់បុរសដែលជាមេគ្រួសារ សំខាន់បំផុត មិនថាគ្រប់យ៉ាង កើតឡើងដោយសារតែទង្វើគាត់ ឬជាបញ្ហាដែលកើតមានក្នុងជីវិតនោះទេ ទំនួលខុសត្រូវរបស់គាត់ ក្នុងនាមជាមេគ្រួសារគឺ រ៉ាប់រងការប្រឈមុខ ដោះស្រាយរាល់គ្រប់ឧបសគ្គ និងបញ្ហាទាំងពួង ដោយភាពចេះដឹង និងក្លាហានក្នុងនាមជាប្ដី ជាឪពុក ដែលព្រមលះបង់ដើម្បីប្រពន្ធកូន និងគ្រួសារដ៏កក់ក្ដៅរបស់គាត់។
៣. មានចិត្តស្មោះទៀងត្រង់
សេចក្ដីទៀងត្រង់របស់បុរសម្នាក់ វាពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី ដែលអាចទាក់ចិត្តឱ្យនាងជ្រើសរើសយកគាត់។ ព្រោះថាគ្មានមនុស្សស្រីណា ចង់បានដៃគូជីវិតដែលសាវា មានស្រី លួចក្បត់ចិត្តនាងនោះឡើយ។ សេចក្ដីស្មោះត្រង់របស់ស្វាមីចំពោះភរិយា គឺជាធាតុចម្បងដែលនាំឱ្យគ្រួសារមានភាពកក់ក្ដៅ និងមានសុភមង្គល ជារឿងដែលនារីគ្រប់រូបប្រាថ្នាចង់បាន។ ម្យ៉ាងវិញទៀត នៅពេលដែលគ្រួសារមួយដែលមានស្វាមីល្អប្រសើរ នោះនឹងធ្វើឱ្យគ្រប់គ្នា ស្ញប់ស្ញែង និងច្រណែនជាមួយនឹងសំណាងរបស់នារីដែលជាភរិយា វាពិតជាបុណ្យសំណាងរបស់នាងពិតប្រាកដណាស់។
៤. មានភាពកត្តញ្ញូ
ភាពកត្តញ្ញូរបស់មនុស្សម្នាក់ៗ មិនថាចំពោះតែមាតាបិតានោះទេ គឺចំពោះមនុស្សដែលមានគុណលើគេ គឺជាចំណុចដែលនាំឱ្យបុគ្គលនោះ ទទួលបានភាពជោគជ័យ រុងរឿង ព្រោះមនុស្សដែលចេះដឹងគុណ មិនចេះស្រកស្រុតនោះឡើយ មិនថាទៅដល់ទីណាក៏ដោយ រមែងទទួលបានជីវិតដែលល្អប្រសើរ មានតែអ្នកស្រឡាញ់ចូលចិត្ត។ វាក៏ដូចគ្នា បុរសដែលចេះដឹងគុណ មានភាពកត្តញ្ញូ គេប្រាកដជាមិនធ្វើឱ្យឪពុកម្ដាយខកចិត្តដោយសារគេទេ គេក៏រឹតតែមិនធ្វើឱ្យភរិយារងទុក្ខដែរ ព្រោះតែគេយល់ និងដឹងថា ភរិយាក៏ប្រៀបដូចជាម្ដាយអ៊ីចឹង ដូច្នេះ ការចេះដឹងគុណ ភាពកត្តញ្ញូតាធម៌របស់គេ ក៏មានចំពោះឪពុកម្ដាយរបស់អ្នកដូចគ្នា។
៥. មានគោលដៅជីវិតពិតប្រាកដ
បុរសដែលមានគោលដៅពិតប្រាកដ គេខ្លាចបំផុតគឺ មិនមានអនាគតល្អ គេខ្លាចបំផុតគឺ ជីវិតដែលមិនមានភាពរីកចម្រើនល្អប្រសើរ ដូច្នេះ គេនឹងធ្វើគ្រប់យ៉ាង ខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ត្រូវតែមានបាន មិនឱ្យអ្នកដទៃមើលងាយគេឡើយ ដូច្នេះហើយ ទើបនារីចង់បានបុរសបែបនេះមកធ្វើជាគូជីវិត ព្រោះនាងនឹងមិនលំបាក វេទនាទេតទៅថ្ងៃមុខ បើមានគាត់ជាខ្នងបង្អែកសម្រាប់គ្រួសារ។ ទោះជាយ៉ាងណា បុរសដែលមានគោលដៅពិត រឹតតែខ្លាចបំផុតគឺ ខ្លាចនារីម្នាក់ត្រូវមកលំបាកវេទនា ព្រោះតែធ្វើជាភរិយារបស់គាត់ ដូច្នេះ ជីវិតនេះ គឺគាត់នឹងធ្វើគ្រប់យ៉ាង ដើម្បីប្រពន្ធកូន និងក្រុមគ្រួសាររបស់គាត់ជាចាំបាច់ មិនអាច្ខវល់ខ្វាយរឿងអត់ប្រយោជន៍ ឬចំណាយពេលជាមួយអ្នកដទៃ ដោយចោលប្រពន្ធកូននោះឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ