ដូចលោកអ្នកបានជ្រាបរួចមកហើយថា អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយមកទល់សព្វថ្ងៃ អ្នកឧកញ៉ា គិត ម៉េង គឺជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានក្រុមហ៊ុន និងជំនួញជាច្រើនស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុនដ៏ល្បីមួយនេះ។
តែទោះជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណា អ្នកឧកញ៉ា និងលោកជំទាវ ស្រីតូច ចំណាន ហាក់ប្រកាន់ខ្លួនជាសាមញ្ញជន ដោយមិនដែលបង្អួតពីភាពមានបានរបស់ខ្លួន ថែមទាំងធ្វើខ្លួនយ៉ាងស្និទ្ធស្នាលជាមួយដៃគូជំនួញផ្សេងៗ រួមទាំងបុគ្គលិកដទៃដោយមិនប្រកាន់ខ្លួន ដែលជាទង្វើគួរឱ្យកើតសរសើរ និងពេញដោយក្តីគោរពស្រលាញ់មែនទែន។
សម្រាប់ថ្ងៃរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេដឹងថាជាថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ផ្ទាល់ តែអ្នកឧកញ៉ា បែរជារៀបចំកម្មវិធីសាមញ្ញលក្ខណៈគ្រួសារទៅវិញ ដែលរៀបចំឡើងនៅភូមិគ្រឹះរបស់លោក ស្ថិតនៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញផ្ទាល់តែម្តង ដោយអ្នកឧកញ៉ាបានអញ្ជើញតែក្រុមគ្រួសារ និងអ្នកស្និទ្ធស្នាលមកចូលរួមតែប៉ុណ្ណោះ។
ដោយក្នុងនោះក៏មានវត្តមានលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍ទូរទស្សន៍បាយ័ន រួមទាំងឥស្សរជន និងអ្នកជំនួញល្បីជាច្រើនផងដែរ។ តែអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ រួមទាំងលោកជំទាវ ហ៊ុន ម៉ាណា ហាក់មានការនឹករលឹក និងមានក្តីស្រលាញ់រាប់អានចំពោះគ្នាជាខ្លាំងមើលទៅស្និទ្ធស្នាលរំភើបមែនទែន៕