ចង់បានស្បែកស្អាតម៉ដ្ឋខៃ លោកអ្នកប្រហែលជាស្វះស្វែងផលិតផលដែលមានដាក់លក់នៅទីផ្សារជាច្រើន មិនថាជាឡេ ស្ក្រាប់ និងផលិតផលសម្រស់ដទៃទៀត។ តែយ៉ាងណាផលិតផលគីមីមានតម្លៃថ្លៃ និងពេលខ្លះអាចប៉ះពាល់ស្បែកអ្នកនាពេលអនាគតបានផងដែរ។
យ៉ាងណាគ្មានអ្វីល្អជាងផលិតផលធម្មជាតិនោះឡើយក្រៅពីចំណាយលុយអស់តិច មិនប៉ះពាល់ដល់ស្បែក បានស្បែកស្អាតម៉ដ្ឋខៃ និងងាយស្រួលធ្វើទៀតផង។
ថ្ងៃនេះក្នុងស្រុក សូមចែករំលែករូបមន្តស្ក្រាប់ធ្វើពីខ្ទិះដូង ដែលមិនត្រឹមតែជួយដល់ស្បែកថែមទាំងផ្តល់ក្លិនឈ្ងុយដល់ស្បែកផងដែរ សូមតាមដានរូបមន្តខាងក្រោមនេះ ៖
#រូបមន្តទី១
គ្រឿងផ្សំ
-អំបិល ១ភាគ២ ពែង
-ខ្ទិះដូង ២ស្លាបព្រា
-ប្រេងដូង ១ស្លាបព្រា
-ទឹកឃ្មុំ (ដាក់ក៏បានមិនដាក់ក៏បាន)
វិធីធ្វើ៖ យកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នា រួចច្រកទុកក្រឡស្អាតទុកប្រើប្រាស់បានតាមតម្រូវការ។
#រូបមន្តទី២
គ្រឿងផ្សំ
-ស្ករស កន្លះពែង
-ខ្ទិះដូង កន្លះពែង
-ប្រេងដូងបន្តិច
វិធិធ្វើ៖ យកគ្រឿងផ្សំខាងលើលាយកូរបញ្ចូលគ្នាឱ្យសព្វជាការស្រេច។
#រូបមន្តទី៣
គ្រឿងផ្សំ
-ម្សៅដូង 1/2 ពែង
-ស្ករស 1/3 ពែង
-ខ្ទិះដូង ៤ ស្លាបព្រាបាយ
-ប្រេងដូងបន្តិច
វិធីធ្វើ៖ គ្រាន់តែយកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នា ហើយកូរឱ្យសព្វរួចទុកក្នុងក្រឡស្អាតជាការស្រេច។
#រូបមន្តទី៤
គ្រឿងផ្សំ
-ខ្ទិះដូង ២ស្លាបព្រា
-ម្សៅ Oatmeal (រកបាននៅផ្សារទំនើប) ២ស្លាបព្រា
-ទឹកឃ្មុំ ១ស្លាបព្រា
វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់កួរបញ្ចូលគ្នាឱ្យសព្វ រួចរក្សាទុកក្នុងក្រឡ។
###ការប្រើប្រាស់៖
-អ្នកអាចជ្រើសយកវិធីធ្វើស្ក្រាប់ខ្ទិះដូងខាងលើមួយណាក៏បានសម្រាប់ប្រើប្រាស់ដោយវាមានប្រសិទ្ធភាពដូចគ្នា។ តែអ្នកគួរផលិតស្ក្រាប់នេះសមល្មមប្រើប្រាស់បានហើយ ដោយអ្នកអាចរក្សាស្ក្រាប់នេះនៅក្នុងទូទឹកកកបានរយៈពេល ១សប្តាហ៍ ។
-រាល់ពេលងូតទឹក អ្នកអាចដុសលាងសម្អាតខ្លួនឱ្យបានស្អាត រួចយកស្ក្រាប់នេះមកដុសសម្អាតលើផ្ទៃមុខ និងរាងកាយបានដោយទុករយៈពេល ១៥នាទី ទៅ២០នាទី រួចលាងសម្អាតនឹងទឹកស្អាតចេញជាការស្រេច តែបើអ្នកមានអារម្មណ៍ថានៅស្អិត អ្នកអាចលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ ឬលាងនឹងសាប៊ូបន្ថែមក៏បាន។ (ស្ក្រាប់នេះអាចប្រើប្រាស់លើស្បែករាងកាយបានរាល់ថ្ងៃ តែសម្រាប់ផ្ទៃមុខគួរតែប្រើ ២ដង ទៅ៣ដងបានហើយក្នុងមួយសប្តាហ៍)។
-ជួយកម្ចាត់កោសិកាស្បែកដែលមិនល្អ ចាស់ៗ ឬងាប់ចោល ហើយផ្តល់ឱ្យស្បែកផលិតកោសិកាថ្មីដែលមានភាពស្រស់ស្អាត
-កម្ចាត់ស្នាម ស្នាមសង្វារ ស្បែកស្រអាប់ ក្រិន និងជាំខ្មៅដោយសារកំដៅថ្ងៃចេញ
-ជួយឱ្យស្បែកប្រែជាទន់ រលោង មានសំណើម ម៉ដ្ឋខៃ ស្រស់ថ្លា និងសខ្ចី គួរឱ្យចង់ស្ទាបអង្អែល
-កម្ចាត់បញ្ហាលើស្បែកផ្សេងៗបានច្រើនយ៉ាងដោយមានប្រសិទ្ធភាពខ្ពស់ ៕
រក្សាសីទ្ធ៖ ក្នុងស្រុក (ហាមធ្វើការចម្លងដោយគ្មានការអនុញ្ញាតិ)