ពេលជួបជុំមិត្តភក្តិ បងប្អូន ក្នុងឱកាសបុណ្យទាន ឬកម្មវិធីផ្សេងៗ ក៏តែងតែមានអ្នកសួរនាំខ្ញុំ ក្រើនរំឭកខ្ញុំជាច្រើនលើកច្រើនសារ ហើយលើកនូវឃ្លាមួយចំនួននេះដដែលៗ ដែលធ្វឱ្យខ្ញុំស្ដាប់ហើយមានអារម្មណ៍ថា ធុញទ្រាន់ និងសាំចិត្តយ៉ាងខ្លាំង។
- អ្ហែងចាស់ហើយ អាយុក៏ច្រើន ល្មមយកប្រពន្ធមួយនឹងគេហើយ។
- អ្ហែងចាស់ហើយ ល្មមយកប្រពន្ធមួយ មកដាំបាយធ្វើម្ហូប ធ្វើឱ្យផ្ទះកក់ក្ដៅនឹងគេហើយ។
- អ្ហែងអាយុច្រើនហើយ ល្មមយកប្រពន្ធបង្កើនកូនចៅនឹងគេហើយ។
- អ្ហែងមើល ម៉ែឪអ្ហែងចាស់ៗអស់ហើយ យកប្រពន្ធមួយមក ឱ្យមើលថែម៉ែឪ មនុស្សចាស់ ទាល់តែមានអ្នកចាំមើលថែទើបបាន។
- អ្ហែងខំប្រឹងធ្វើការរាល់ថ្ងៃ ស្អីក៏មាន ល្មមយកប្រពន្ធមកមួយនឹងគេហើយ ឱ្យរៀបចំផ្ទះសម្បែង មនុស្សប្រុសនៅផ្ទះម្នាក់ឯង ផ្ទះសម្បែងកខ្វក់ គ្មានអ្នកជួយទុកដាក់លុយកាក់មិនមែនស្រួលទេ ....។
ខ្ញុំជឿថា ប្រហែលជាមនុស្សមនុស្សជាច្រើន ដែលធ្លាប់ឮឃ្លាទាំងនេះ ហើយក៏ប្រហែលជាក្នុងចំណោមអ្នកអាន ក៏ធ្លាប់មានអ្នកនិយាយឃ្លាទាំងនេះ ទៅមនុស្សជុំវិញខ្លួនអ្នកដែរ។ ប៉ុន្តែខ្ញុំចង់បកស្រាយឱ្យអ្នកបានដឹង និងយល់ នូវឃ្លាដែលអ្នកបានឮ ឬឃ្លាដែលអ្នកបាននិយាយទាំងនេះថា ៖
ក្នុងគំនិតអ្នក អ្នកចង់យកប្រពន្ធមក ដើម្បីតែឱ្យបម្រើអ្នក និងឪពុកម្ដាយដែលចាស់ជរា ឈឺថ្កាត់តែប៉ុណ្ណឹងមែនទេ? អ្នកយកនាងមកធ្វើជាដៃគូជីវិត ដៃគូគំនិត ឬយកនាងមកធ្វើជាអ្នកបម្រើអ្នក ឬឪពុកម្ដាយអ្នកទៅ? មនុស្សស្រីម្នាក់ នៅក្នុងគ្រួសាររបស់នាង នាងប្រៀបបានព្រះនាង នាងជាគ្រាប់ពេជ្រដ៏មានតម្លៃ នាងជាកែវភ្នែក ជាជីវិតរបស់ឪពុកម្ដាយនាង បើអ្នកយកនាងមកដើម្បីឱ្យចាំបម្រើ ឬមើលការខុសត្រូវលើខ្លួនអ្នក និងបម្រើឪពុកម្ដាយរបស់អ្នកនោះ នាងសុខចិត្តនៅព្រៅ នៅជាមួយឪពុកម្ដាយរបស់នាង មើលថែតបស្នងសងគុណឪពុកម្ដាយរបស់នាងល្អជាង ព្រោះឪពុកម្ដាយនាង ជាអ្នកចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីបាតជើងក្រហម មិនមែនសម្រាប់ឱ្យមកធ្វើជាអ្នកបម្រើរបស់អ្នកនោះឡើយ។
កុំគិតថា អ្នកមានលុយ ១ម៉ឺន ២ម៉ឺន ៣ម៉ឹន ចូលស្ដីដណ្ដឹងនាង រៀបការពេញច្បាប់ ក្រាបក្បាលដល់កន្ទេល ហើយគិតថា អ្នកមានសិទ្ធិប្រើនាងតាមតែអំពើចិត្តនោះ នាងជាប្រពន្ធ ជាដៃគូក្នុងការរួមដំណើរជីវិតជាមួយនឹងអ្នក មិនមែនជាអ្នកបម្រើរបស់អ្នក ឬសាច់ញាត់បងប្អូនរបស់អ្នកនោះទេ។
ពាក្យថា យកប្រពន្ធមួយទៅ ច្បាស់ណាស់ថា នាងប្រាកដជាបំពេញនូវតួនាទីជាប្រពន្ធរបស់អ្នក មើលថែឪពុកម្ដាយរបស់អ្នក ទុកដូចឪពុកម្ដាយរបស់នាង រៀបចំទុកដាក់ក្នុងផ្ទះរបស់អ្នក ព្រោះវាជាផ្ទះរបស់នាង ទុកដាក់លុយកាក់របស់អ្នក ព្រោះវាជាទ្រព្យរបស់នាងដែរ ... តែមិនគួរប្រើពាក្យថា "យកប្រពន្ធមួយមក ទុកគ្រាន់ចាំផ្ទះ មើលផ្ទះ ថែគ្រួសារ ថែម៉ែឪ ... " ពាក្យទាំងនេះ វាស្មើនឹងបង្ហាញពីគំនិតរបស់អ្នក មិនឱ្យតម្លៃដល់មនុស្សស្រីម្នាក់ដែលមានភេទដូចម្ដាយអ្នក បងស្រីអ្នក ប្អូនស្រីអ្នក កូនស្រីរបស់អ្នក ... សូមប្រើពាក្យឱ្យបានសមរម្យផង មុននឹងនិយាយឃ្លាអស់ទាំងហ្នឹងទៅកាន់នរណាម្នាក់ ព្រោះវាក៏មិនមែនជាឃ្លាសម្រាប់លេងសើចដែរ បែបនេះ គេហៅថា លេងសើចខ្វសីលធម៌ គ្មានសុជីវធម៌ ហើយកុំថា ប្រកាន់នឹងពាក្យបែបនេះ តែពាក្យនេះ វាគួរឱ្យប្រកាន់ពិតមែន ... សួរថា បើគេនិយាយឃ្លាអស់តាំងហ្នឹង ទៅកាន់សាច់ញាតិ បងប្អូន កូនចៅអ្នក អ្នកមានអារម្មណ៍បែបណា ព្រោះក្នុងគំនិតគេ ទុកសាច់ញាតិ បងប្អូន កូនចៅអ្នក ស្មើអ្នកបម្រើតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ