បើអ្នកនៅតែបែបហ្នឹង សម្រាប់យើង គឺមានផ្លូវតែមួយប៉ុណ្ណោះគឺ បែកគ្នា!

មួយរយៈនេះ មានរឿងថ្នាក់ចិត្តច្រើនណាស់ ក៏មានមនុស្សខ្លះ ធ្វើឱ្យទាស់ចិត្តច្រើនដែរ តែអ្វីដែលខ្ញុំអាចធ្វើបានគឺ ញញឹមទទួលយក ហើយក៏ស្ងៀមស្ងាត់ទៅ ដោយមិនចង់និយាយអ្វីទាំងអស់ ព្រោះមានអារម្មណ៍ថាហត់ចិត្ត នឿយគំនិតជាមួយនឹងមនុស្សមួយចំនួន ... មនុស្សខ្លះ គេមិនចាំទេថា កន្លងមកនេះ គេបានធ្វើអ្វីខ្លះដាក់ខ្ញុំ គេមិនដឹងទេថា គេបានធ្វើរឿងមិនគប្បីនឹងខ្ញុំច្រើនប៉ុនណា គេឃើញត្រឹមតែភាពស្ងៀមស្ងាត់របស់ខ្ញុំ ហើយគេក៏បែរជាមកខឹង ស្ដីបន្ទោស ថាខ្ញុំខុសប្លែកប្រែប្រួលទៅវិញ ... ។

1bc56fe3c8cf48b2057b71fde1c586ca

- កុំឆ្ងល់! ថាហេតុអ្វីក៏ខ្ញុំស្ងប់ស្ងាត់ ព្រោះអ្នក ទើបខ្ញុំគ្មានពាក្យអ្វីដែលត្រូវនិយាយ។

- កុំឆ្ងល់! ថាហេតុអ្វីក៏ខ្ញុំប្រួលប្រែ ព្រោះអ្នក ទើបខ្ញុំលែងចង់ធ្វើជាខ្ញុំដូចកាលពីមុន។

- កុំឆ្ងល់! ថាហេតុអ្វីក៏ខ្ញុំព្រងើយកន្តើយ ព្រោះអ្នក មិនដែលរវល់នឹងខ្ញុំ មិនដែលឱ្យតម្លៃខ្ញុំ។

- កុំឆ្ងល់! ថាហេតុអ្វីក៏ខ្ញុំមិនសូវមាត់ក និយាយលេងច្រើនដូចមុន ព្រោះអ្នក ខ្ញុំនិយាយលេងលែងបាន អ្នកប្រកាន់ច្រើន សូម្បីតែរឿងមិនគួរប្រកាន់។

- កុំឆ្ងល់! ថាហេតុអ្វីក៏ខ្ញុំមិនសូវនៅក្បែរអ្នក សួរនាំ យកចិត្តទុកដាក់នឹងអ្នក ព្រោះអ្នក មិនត្រូវការទង្វើអស់ទាំងហ្នឹងពីខ្ញុំ ដូច្នេះ ខ្ញុំក៏អត់មានភារៈអ្វីដែលត្រូវធ្វើទៀតទេ ...។

4f0f202c4bcc3eb1e50ef89ec71d583c

ខ្ញុំអត់ដឹងថា គួរនិយាយពាក្យអ្វី គួរធ្វើបែបណាទេ ខ្ញុំនឹកដល់តែពាក្យមួយឃ្លានេះប៉ុណ្ណោះ " ជួយមនុស្សដែលខ្វះខាត ឱ្យរបស់ទៅមនុស្សដែលគេត្រូវការ ទើបមានតម្លៃ " ... រាល់ថ្ងៃ មិនថាខ្ញុំធ្វើអ្វីក៏អ្នកទាស់ចិត្ត មិនធ្វើសោះក៏ខុសចិត្តអ្នក ដូច្នេះខ្ញុំក៏មិនមានកម្លាំងគ្រប់គ្រាន់ នឹងទៅផ្គាប់ផ្គន់ តម្រូវចិត្តអ្នកទៀតដែរ ... ខ្ញុំជាមនុស្ស ខ្ញុំក៏ចេះហត់ ខ្ញុំក៏ចេះមានអារម្មណ៍តូចចិត្តដូចគ្នា។ កន្លងមកនេះ ពេលខ្លះ អ្នកធ្វើអ្វី និយាយអ្វី ក៏មិនដែលខ្វល់ដល់អារម្មណ៍ខ្ញុំទេ តែពេលដែលខ្ញុំធ្វើអ្វី ខុសបន្តិច អ្នកក៏ចាប់ថ្នាក់ យកដាក់ក្នុងចិត្ត ហើយមើលឃើញតែកំហុសខ្ញុំ​ ចុះអ្នក? អ្នកដែលមើលឃើញពីកំហុសរបស់ខ្លួនឯងទេ? អ្នកដែលមើលឃើញពីទង្វើមិនគប្បីដែលអ្នកបានធ្វើមកលើខ្ញុំដែរទេ? ឬទុកខ្ញុំជាតុក្កតា ជាផ្ទាំងស្ស៊ីបសម្រាប់អ្នកលេង បាញ់បោះតាមតែអំពើចិត្តអ្នក? សុំទោស! ខ្ញុំក៏មិនចង់បែបនេះដែរ​ តែអារម្មណ៍ពិត ខ្ញុំហត់ចិត្តខ្លាំងពិតមែន ... ខ្ញុំគ្មានកម្លាំងនឹងតស៊ូជាមួយអ្នកទៀតទេ បើអ្នកនៅតែបែបហ្នឹង សម្រាប់យើង គឺមានផ្លូវតែមួយប៉ុណ្ណោះគឺ បែកគ្នា ដើរផ្លូវរៀងខ្លួន ជួនកាល​ អាចមកពីខ្ញុំ មិនសក្តិសមនឹង និងមិនអាចយល់ពីអារម្មណ៍របស់អ្នកតទៅទៀតបាន ...៕

941e581f4aad17f1cf5af5bc7839aa1e

#មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ