រឿងស្នេហា មនុស្សថោកទាបបំផុត គឺមនុស្សដែលហែកកេរ្តិ៍ ឬបើកកកាយអាថ៌កំបាំងអតីតគូស្នេហ៍ ដែលខ្លួនធ្លាប់ស្រលាញ់

ជាធម្មតារឿងស្នេហា ពេលស្រលាញ់គ្នាល្អូកល្អើននឹងគ្នា ពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ ដៃគូម្ខាងៗប្រាកដជាមានសេចក្តីទុកចិត្តគ្នាខ្លាំងទៅវិញទៅមក ដោយហ៊ានបង្ហាញ និងនិយាយប្រាប់គ្នាទៅវិញទៅមកពីរឿងវិជ្ជមាន និងអវិជ្ជមានរបស់ខ្លួនព្រោះតែពាក្យមួយម៉ាត់ថា ទុកចិត្តមនុស្សដែលខ្លួនស្រលាញ់។

អ្នកខ្លះហ៊ានបង្ហាញពីទុក្ខលំបាករបស់ខ្លួន ចំណុចខ្សោយរបស់ខ្លួន រឿងអាថ៌កំបាំងពីមុន និងបច្ចុប្បន្នរបស់ខ្លួន ពេលខ្លះថែមទាំងហ៊ានបើកកាយរឿងគ្រួសារខ្លួនឯងប្រាប់មនុស្សដែលខ្លួនស្រលាញ់ទៀត ព្រោះតែយល់ថាគេជាមនុស្សស្និទ្ធស្នាលបំផុត និងទុកចិត្តបំផុតសម្រាប់ជីវិតយើង។

អ្នកខ្លះទៀត ឈានរហូតដល់ហ៊ានលះបង់ខ្លួនប្រាណឱ្យគ្នា បំពានទំនៀមទម្លាប់ ខុសប្រពៃណី ដែលភាគច្រើនគឺអ្នកខូចខាតគឺខាងស្រីតែម្តង ហើយកាន់តែធ្ងន់ធ្ងរទៅទៀតនោះ ដោយសារតែពាក្យទុកចិត្ត និងស្រលាញ់ពេញបេះដូងពេញដោយភាពឆោតល្ងង់មិនបានពិចារណាច្បាស់លាស់ព្រោះតែស្នេហាមោហ៍បាំងបិទរហូតលែងចេះគិត ហ៊ានថតរូបស៊ីចស៊ី អាក្រាត ឬថតវីដេអូ ឱ្យគូស្នេហ៍ម្ខាងទៀតក៏មាន ព្រោះតែឆោតល្ងង់គិតថាមនុស្សម្នាក់នោះនឹងទទួលខុសត្រូវ ឬយល់ថាដូចជាប្តីជាប្រពន្ធនឹងគ្នាទៅហើយ ដែលនេះជាទង្វើមួយដែលត្រូវតែប្រយ័ត្ន និងចៀសវាងប្រព្រឹត្តិដាច់ខាត។

F30fa97e3227e8f10e848a6ebdfd8768

ពិចារណា៖ អ្នកប្រហែលជាបានដឹងបានឭហើយថា ក្នុងសង្គមសព្វថ្ងៃមនុស្សដែលក្បត់សេចក្តីទុកចិត្តយើងសាហាវបំផុតគឺជាមនុស្សជិតស្និទ្ធ នៅក្បែរ និងជាមនុស្សដែលយើងទុកចិត្តបំផុត​ ដែលអាចជាមិត្តជិតស្និទ្ធអ្នក ក្រុមគ្រួសារអ្នក និងបងប្អូនអ្នកជាដើមក៏ថាបាន ចុះត្រឹមតែជាគូស្នេហាតើយើងអាចទុកចិត្តបានខ្លាំងយ៉ាងណាថាគេមិនក្បត់យើង?

ដូច្នេះអ្នកត្រូវរៀនប្រើពិចារណញ្ញាណ និងចេះគិតពិចារណាឱ្យច្បាស់លាស់ មុននឹងបើកកាយរឿងផ្ទាល់ខ្លួនរបស់អ្នកទៅកាន់នរណាម្នាក់   ហើយជនដែលថោកទាបបំផុតគឺការយកចំណុចខ្សោយ ឬអាថ៌កំបាំងដែលគេខំទុកចិត្តប្រាប់យកទៅហែកកេរ្តិ៍ និងបង្ខូចកេរ្តិ៍ឈ្មោះនិយាយដើមគេ ជាពិសេសមនុស្សដែលធ្លាប់ស្រលាញ់គ្នា មិនថាពេលបែកបាក់គ្នាដោយសន្តិវិធី ឬមានជម្លោះខឹងស្អប់គ្នាយ៉ាងណាក៏ដោយ គេក៏ធ្លាប់ជាមនុស្សដែលអ្នកស្រលាញ់ និងជ្រើសរើសទទួលយកដែរ ហើយកាលស្រលាញ់គ្នាក៏អ្នកមានរឿងល្អៗចំពោះគ្នាច្រើនដែរ បើបែកគ្នាហើយអហោសិកម្មឱ្យគ្នាល្អជាង  កុំគុំគួន ខឹងស្អប់ ឬដើរនិយាយអាក្រក់ដៀលភាគីម្ខាងទៀត  ព្រោះទង្វើបែបនេះមានតែជនថោកទាបប៉ុណ្ណោះដែលធ្វើ ហើយការនិយាយអាក្រក់ដៀលពីមនុស្សដែលខ្លួនធ្លាប់ស្រលាញ់មិនខុសអីពីដៀលខ្លួនឯងថាភ្លើទេ ព្រោះតែអ្នកល្ងង់ភ្លើដែរហ្នឹង បានជារើសមនុស្សបែបនេះ។

F5e59d13f945b2022a6c7c26415c9354

មួយវិញទៀតសម្រាប់មនុស្សស្រីៗ មុននឹងទុកចិត្តមិនថារឿងអាថ៌កំបាំងផ្ទាល់ខ្លួន ឬការលះបង់ខ្លួនប្រាណសូមធ្វើការពិចារណាសិន គិតសឹមគូ ព្រោះមនុស្សស្រលាញ់អ្នកពិតប្រាកដគឹមិននឹករឿងថោកទាបបែបនេះមកលើអ្នកទេ គេនឹងស្រលាញ់អ្នកព្រោះតែចិត្តគំនិតមាយាទរបស់អ្នក ហើយនឹងគិតគូពីអនាគតរួមគ្នាប៉ុណ្ណោះ។

សរុបសេចក្តីមក កុំទុកចិត្តនរណាម្នាក់ខ្លាំងពេក មិនថាមនុស្សជិតស្និទ្ធ ឬមនុស្សដែលអ្នកស្រលាញ់ កុំនិយាយរឿងផ្ទាល់ខ្លួនប្រាប់គេច្រើនពេក ហេីយចូរប្រយ័ត្នប្រយែងខ្ពស់បំផុត ចំពោះមនុស្សដែលនៅក្បែរអ្នក និងអ្នកដែលដឹងពីអាថ៌កំបាំងរបស់អ្នក ព្រោះថា ៖

-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ស្តាប់ នូវអ្វីដែលអ្នកចង់និយាយនោះទេ

-មិនមែនមនុស្សទាំងអស់ សុទ្ធតែឈឺឆ្អាល ខូចចិត្ត អាណិត និងខ្វល់ ខ្វាយ ចំពោះ បញ្ហា ទុក្ខលំបាក និងចំណុចខ្សោយរបស់អ្នកនោះទេ

-មិនមែនមនុស្សទាំងអស់សុទ្ធតែចង់ដឹងថា តើអ្នកបានឆ្លងកាត់រឿងរ៉ាវ ការតស៊ូ និងការលំបាកយ៉ាងម៉េចខ្លះទេ ទម្រាំមានថ្ងៃនេះ ឬមានភាពជោគជ័យនោះទេ

តេីអ្នកដឹងទេ ក្នុងសង្គមមនុស្សសព្វថ្ងៃ ក្នុងចំណោមមនុស្ស ១០ នាក់ ប្រហែលជាមានមនុស្សតែម្នាក់គត់ (ឬ សឹងតែគ្មាន១ផង) ដែលយកចិត្តទុកដាក់ចំពោះអ្នក ស្តាប់រឿងរ៉ាវអ្នក និងខ្វល់ខ្វាយពីសុខទុក្ខរបស់អ្នកពិតប្រាកដនោះ! មនុស្សខ្លះស្រលាញ់យើង និងរាប់អានយើងព្រោះផលប្រយោជន៍ប៉ុណ្ណោះ។

ហេីយចំពោះមនុស្សផ្សេងទៀត ក្រៅពីធេី្វពេី មិនខ្វល់ និងលួចពេបជ្រាយអ្នកហេីយ គេអាចនឹងយករឿងរបស់អ្នកទៅនិយាយដេីម ហែកកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ ថែមទាំងអាចយកចំណុចអវិជ្ជមានរបស់អ្នកជាចំណុចសម្រាប់ទុកជាន់ឈ្លីអ្នកនៅពេលក្រោយទៀតក៏ថាបាន! មនុស្សខ្លះរាប់អានយេីងព្រោះសម្លឹងផលប្រយោជន៍ប៉ុណ្ណោះ!

កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ និងកុំទុកចិត្តមនុស្សផ្តេសផ្តាសរហូតបង្ហេីបរឿងផ្ទាល់ខ្លួនទាំងអស់នោះ! មនុស្សគឺគួរឱ្យខ្លាចជាងខ្មោចទៅទៀត!

អត្ថបទ៖ កវីលាក់ស្នេហ៍

រក្សាសិទ្ធ៖​ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: