អ្នកដែលធ្វើដំណើរទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៣ និងផ្លូវជាតិ៤ ប្រាកដជាធ្លាប់បានឃើញតាមបណ្តារបងផ្ទះ របងដីធំៗ របងរោងចក្រ របងសាលា ជាដេីម តែងតែមានអក្សរបាញ់គូសវាសពេញជញ្ជាំងដោយដាក់ឈ្មោះថាជាកម្មសិទ្ធ ឧកញ៉ា យឹម តន ផ្ទះម៉ែក្មេកឪក្មេកយឹមតន និងអក្សរនាមប្លែកៗដោយភ្ជាប់ឈ្មោះ យឹម តន ហើយអ្នកប្រាកដជាឆ្ងល់ហើយថា តើលោកឧកញ៉ានេះមានទ្រព្យសម្បត្តិកម្រិតណាបានជាមានផ្ទះមានដីគ្រប់កន្លែងបែបនេះ?
តែធ្លាប់តែមានចម្ងល់ជាច្រើនឆ្នាំហើយថាតើ ឧកញ៉ា យឹម តន ជាអ្នកណា ពេលនេះរឿងពិតត្រូវបានលាតត្រដាងហើយ ដោយរូបពិតរបស់ឧកញ៉ា យឹម តន បានត្រូវគេបង្ហាញថា លោកពូ គឺជាសាមញ្ញជនធម្មតា មិនមែនជាឧកញ៉ាដែលមានតំណែងតួនាទីអ្វីឡើយ ហើយបើតាមការឱ្យដឹងពីប្រជាពលរដ្ឋនៅតំបន់នោះ លោកពូគឺជាអ្នកកំពង់ស្ពឺ និងមានស្មារតីមិនប្រក្រតីឡេីយ តែលោកពូមិនដែលបង្កបញ្ហាដល់គ្រួសារ និងសង្គមឡេីយ គ្រាន់តែចូលចិត្តជិះម៉ូតូដេីរបាញ់ថ្នាំតាមរបងផ្សេងៗជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៣ និងលេខ៤។
យ៉ាងណាមិញ ចំពោះហេតុផលនាំឱ្យលោកពូតែងតែជិះម៉ូតូមួយគ្រឿង ចំណាយកម្លាំង ចំណាយសាំង ដើរជិះបាញ់ថ្នាំគ្រប់ទីកន្លែងបែបនេះ គ្មានអ្នកណាអាចបកស្រាយបានឡេីយ តែក៏មិនមានប្រជាជនណាខឹងសម្បារចំពោះលោកពូដូចគ្នា ព្រោះតែអាណិតលោកពូដែលមានបញ្ហាមិនប្រក្រតីនេះតែម្តង៕