ប្តីស្រលាញ់ងុលងប់! ស្រីៗគួរតែចេះភេសជ្ជៈពេញនិយមងាយៗទាំង ៣០មុខនេះ

ភេសជ្ជៈឆ្ងាញ់ៗជាច្រើនត្រូវបានគេលក់នៅទីផ្សារ ឬហាងនានា ដែលយើងពេញនិយមថាមានរសជាតិឆ្ងាញ់ពិសាណាស់។ តែការពិតទៅភេសជ្ជៈទាំងនេះងាយស្រួលធ្វើណាស់ ប្រសិនជាអ្នកដឹងរូបមន្តច្បាស់លាស់ ដោយមិនបាច់ចំណាយលុយទិញគេ អស់លុយ មានអនាម័យ ពិសេសអាចធ្វើទទួលទានជុំគ្រួសារជាដើម។

Screen Shot 2020 08 26 At 1.53.42 PM

តោះដើម្បីកុំឱ្យរង់ចាំយូរ មករៀនធ្វើភេសជ្ជៈ ៣០មុខ ខាងក្រោមនេះ ៖

១.បៀបធ្វើព្រិលត្រចៀកកាំប៉ូវសុខភាព

គ្រឿងផ្សំ៖

-ព្រិលត្រចៀកកាំ

- ព្រិលឈូក

- គ្រាប់ឈូក

- ជ័រប៉េស

-គ្រាប់ហ្គូជី

- សាច់មៀនក្រៀម

-ពុទ្រាក្រហម

- ផ្កាថ្ម/ត្រចៀកកណ្តុរសរ

- ស្ករក្រាម

- ស្លឹកតើយ (ទុកស្ងោរជាមួយដើម្បីបង្កើនរសជាតិ)

#របៀបធ្វើ៖

- ត្រាំគ្រឿងផ្សំទាំងអស់ជាមុនសិន សម្រាប់ត្រចៀកកណ្តុរស (ត្រាំពី ៥ទៅ៦ម៉ោង ឬអាចត្រាំទុក១យប់)

- លាងសម្អាតឲ្យបានស្អាតគ្រប់មុខ

- ដាំទឹកទៅតាមតម្រូវការ (រាវឬខាប់ទៅតាមចំណង់ចំណូលចិត្ត) ពេលទឹកពុះបង់ស្លឹកតើយចូល អាចបង់អំបិលបន្តិចដើម្បីបង្កើនរសជាតិ

- ដាក់គ្រាប់ឈូកស្ងោរឱ្យឆ្អិនមុនគេ (១៥នាទី ទៅ២០នាទី)

- ដាក់គ្រឿងផ្សេងៗទៀតបន្តបន្ទាប់ (ពុះ១មុខដាក់១មុខបន្តបន្ទាប់គ្នា)

- ដាក់មៀនក្រៀម ពុទ្រាក្រហម និងគ្រាប់ហ្គូជី ក្រោយគេ

- ដាក់ស្ករក្រាមតាមចំណង់ចំណូលចិត្ត (ជាទូទៅផ្អែមលមៗ)

***ចំពោះមៀនក្រៀមមានរសជាតិផ្អែមស្រាប់ ចឹងអាចដាក់ស្ករល្មមៗសិន ចាំបន្ថែមតាមក្រោយទៀតជាការស្រេច។

1

២. រូបមន្តវិធីធ្វើទឹកល្ពៅទឹកដោះគោ

គ្រឿងផ្សំ៖

-ល្ពៅ ១គីឡូ

-ទឹកដោះគោស្រស់ ២០០មីលីលីត្រ

-ទឹកដោះគោខាប់ ៩៥មីលីលីត្រ។

វិធីធ្វើ

-ចិតសំបកល្ពៅឲ្យស្អាតលាងទឹក រួចកាត់ជាដុំៗល្មម យកទៅដាក់ចំហុយរយៈពេល ១៥-២០នាទី

-បន្ទាប់មកយកល្ពៅដាក់ចូលម៉ាស៊ីនក្រឡុក ដាក់ទឹកដោះគោស្រស់ និងទឹកដោះគោខាប់ចូលក្រឡុកចូលគ្នាឲ្យសព្វរយៈពេល ៣-៤នាទី

-រួចហើយយកទៅដាក់ចូលឆ្នាំងដាំឲ្យពុះ ហើយទុកឲ្យត្រជាក់បន្តិចច្រកដាក់ចូលដបដាក់ក្នុងទូរទឹកកកឆ្ងាញ់អស់ទាស់។

2

៣. របៀបធ្វើទឹកត្រឡាចញ៉ាំដើម្បីជំនួយដល់សុខភាព

#គ្រឿងផ្សំ

- ត្រឡាច ២-៣ ផ្លែ (ចាស់)

- ស្ករស ១គីឡួក្រាម

- ទឹកធម្មតា ៨-១០ លីត្រ

- ស្លឹកតើយ ៥-៦ សន្លឹក

#របៀបធ្វើ

- យកត្រឡាចមកលាងឱ្យស្អាត រួចកាត់ជាកង់ៗ មិនចិតសំបកចេញទេបន្ទាប់មកយកទៅអាំងឱ្យក្រៀមឆ្អិនបន្តិច រួចទុកមួយអន្លើ។

- យកទឹកទៅដាំឱ្យពុះ រួចដាក់ត្រឡាចដែលអាំងហើយចូលទុកឱ្យពុះបន្តិច ទើបដាក់ ស្ករស ស្លឹកតើយចូល រំងាស់រយៈពេល ២០ ទៅ ៣០នាទី ហើយស្រង់ត្រឡាច និងស្លឹកតើយចេញ រជាការស្រេច ។

3

៤. ទឹកប្រទាលកន្ទុយក្រពើរសជាតិឆ្ងាញ់ពិសា

#គ្រឿងផ្សំ

-ប្រទាលកន្ទុយក្រពើ

-ស្លឹកតយ

-ស្ករស

-អំបិល

#វិធីធ្វើ

- យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាងចេញ បន្ទាប់មកបកឬចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។

- យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹកបន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។

- យកស្លឹកតយមកលាងទឹកហើយហាន់ឲ្យល្អិតដើម្បីត្រៀមយកទៅកិន។ ដាក់ស្លឹកតយដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកឲ្យសមល្មម។ ពេលកិនរួចយកទៅ ត្រងនឹងក្រណាត់សស្អាតយកតែទឹក ហើយទុកមួយអន្លើទៀត។

- ដាក់ទឹកដាំក្នុងឆ្នាំងឲ្យសមល្មមតាមចំនួនប្រទាល ដោយចាក់ស្លឹកតយដែលត្រងបានខាងលើចូលទៅផង និងកុំភ្លេចចងស្លឹកតយពីរបីសន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ និងរក្សាក្លិនបានយូរ។

- ពេលទឹកពុះចាក់ស្ករចូលឲ្យផ្អែមសមល្មមតាមចូលចិត្ត និងដាក់អំបិលមួយចិបចូលផង។ ជាចុងក្រោយចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ។

4

៥. វិធីធ្វើភេសជ្ជៈទឹកអំពិលទុំ

#គ្រឿងផ្សំ៖

- អំពិលទុំ(យកអំពិលដែលគេប្រឡេះគ្រាប់រួច)

- ម្នាស់ហាន់ជាល្អិត

- ទំពាំងបាយជូក្រៀម

- គ្រាប់ស្វាយចន្ទី

- ស្ករស ឬទឹកឃ្មុំ ល្ងស អំបិលបន្តិច នឹងទឹកធម្មតា។

#វិធីធ្វើ៖

- ដំបូងត្រូវយកឆ្នាំងដាក់ទឹក ដាក់អំពិលទុំ ចូលគ្នាក្នុងបរិមាណសមល្មម រួចហើយដាក់ស្ករសឬទឹកឃ្មំ (ដាក់ទៅតាមកំរិតជាតិជូររបស់អំពិល ប៉ុន្តែមិនដល់ ថ្នាក់លុបជាតិជូរអំពិលទាំងស្រុងទេ ព្រោះភេសជ្ជៈនេះត្រូវការរសជាតិជូរអែម)កូរឲ្យសព្វ​ រួចរំងាស់រយៈពេល១៥នាទីរហូតដល់ឡើងខាប់។

-ក្រោយ១៥នាទីយើងត្រូវដាក់គ្រឿងផ្សំដែលមិនបានដាក់ខាងលើចូល បើសិនជាខាប់ពេកយើងអាចបន្ថែមទឹកបន្តិចទៀតចូលរួចរំងាស់រយៈពេល១៥នាទីទៀតជាការស្រេច ។ ចុងក្រោយយើងអាចរោយល្ងសបន្តិចពីលើ រួចទុកឲ្យត្រជាក់ ហើយដាក់ច្រកក្នុងក្រឡកែវ។ អ្នកអាចរក្សាទុកក្នុងទូរទឹកកក ពេលដែលយើងទទួលទាន យើងអាចបន្ថែមសណ្ដែកដីលីង ទឹកកក នឹងទឹកធម្មតាបន្ថិចដើម្បីឲ្យវារាវ។

#ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនទទួលបានពីផ្លែអំពិលទុំ៖

- ប្រឆាំងបញ្ហាហើមរលាកនៃកោសិកា៖ ការហើមរលាក ជាការឆ្លើយតបនៃប្រព័ន្ធភាពសុំាតាមរយៈកោសិកាឈាមស និង សារធាតុគីមីពិសេសមួយចំនួនទប់ទល់ប្រឆាំងនឹងមេរោគ ឬកត្តាខាងក្រៅផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពនៃរាងកាយ។ ការហើមរលាកជាប្រភពឬសគល់នៃជំងឺរុំារ៉ៃជាច្រើនដូចជា ជំងឺវង្វេងវង្វាន់ ជំងឺហឺត ជំងឺមហារីកជាដើម។

របបអាហារសំបូរសារធាតុប្រឆាំងជាតិពុល Antioxidant និងសារធាតុ Polyphenol ត្រូវបានគេសិក្សារកឃើញថា ពួកវាបានចូលរួមចំណែកដល់ការកាត់បន្ថយបញ្ហាហើមរលាកនៃកោសិការុំារ៉ៃយ៉ាងសកម្ម។ ហេតុនេះយើងអាចទទួលសារធាតុទាំងពីរនេះពីផ្លែអំពិលទុំបាន។

-ប្រឆាំងនឹងមេរោគ៖ ផ្លែអំពិលទុំមានផ្ទុកសារធាតុប្រឆាំងមេរោគមួយចំនួន ដែលបានចូលរួមចំណែកកំចាត់ និងកាត់បន្ថយការបង្ករោគនៃពពួកមេរោគដូចជាបាក់តេរី និង វីរុស

-ល្អសម្រាប់សុខភាពនៃបេះដូង៖ ជំងឺបេះដូង បាននិងកំពុងក្លាយជាបញ្ហាសុខភាពដែលមានអត្រានៃអ្នកជំងឺ១នាក់រៀងរាល់១នាទី ទូទាំងពិភពលោក។

ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ផ្លែអំពិលមានអត្ថប្រយោជន៍សម្រាប់សុខភាពនៃបេះដូង ដោយសារវាបានជួយកាត់បន្ថយកត្តាហានិភ័យដែលបង្កជំងឺបេះដូង ដូចជា សារធាតុកូលេស្តេរ៉ុល និងខ្លាញ់ជាដើម។

5

៦. របៀបធ្វើទឹកសណ្តែកខៀវខ្ទិះដូងទាំងឆ្ងាញ់ ទាំងមានវីតាមីន

#គ្រឿងផ្សំ​៖

- សណ្ដែកខៀវ(យកសំបកចេញ)កន្លះគីឡូ

-ខ្ទិះដូង (យកទាំងក្បាលខ្ទិះ និង ចុងខ្ទិះ ១,៥លីត្រ

-ស្លឹកតើយ ១៥សន្លឹក (កិនលាយជាមួយនឹងទឹក​ រួចពូតត្រងយកទឹក១,៥លីត្រ។

-ស្ករស ៥ខាំ , អំបិល១,៥ស្លាបព្រាកាហ្វេ (បើបងប្អូនមិនចូលចិត្តផ្អែមដាក់ស្ករសតែ ៣ខាំបានហើយ)

#វិធីធ្វេី

- យកសណ្តែកបាយ ត្រាំទឹកចោលឱ្យរីក(រយៈពេលត្រាំប្រហែល៣ម៉) រួចលាងឱ្យស្អាត បន្ទាប់មកយកវាមកចំហុយ ឬ ដាំឱ្យឆ្អិន(ទុកវាឱ្យត្រជាក់)។

- យកទឹកដែលចម្រាញ់ចេញពីស្លឹកតើយ ឬ ខ្ទិះដូងក៏បានលាយជាមួយនឹងសណ្ដែកឆ្អិន កិនក្រឡុកវាកុំឱ្យម៉ត់ខ្លាំងពេក។

- ចាក់ល្បាយទាំងអស់លាយបញ្ចូលគ្នាទៅក្នុងឆ្នាំង បន្ទាប់មកបេីកភ្លេីង​មធ្យម រួចកូរអេាយសព្វ​ រហូតទាល់តែពុះ​។

ទុកវាឱ្យត្រជាក់ល្មម ទើបដួសដាក់កែវឬ ច្រកចូលដបជាការស្រេច។

#បញ្ជាក់ : ប្រិយមិត្តអាចបន្ថែម ឬ បន្ថយគ្រឿងផ្សំរសជាតិទៅតាមចំណង់ ចំណូលចិត្តរៀងៗខ្លួន។

6

៧. របៀបធ្វើទឹកត្រចៀកក្រាញ់

ដើមត្រចៀកក្រាញ់ ជួយបន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល។

#វិធីធ្វើ៖

- គួរយកទាំងឬស ទាំង ដើម ទាំងស្លឹក ដែលបរិបូណ៌ដោយសារធាតុ

សំខាន់ៗ

- ស្លឹកត្រចៀកក្រាញ់ហាន់ ប្រមាណមួយក្តាប់ដៃល្មម

- ទឹកឆ្អិនត្រជាក់ កន្លះលីត្រ

- ទឹកស្ករខាប់រំងាស់ដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិន

ស្លឹកត្រចៀកក្រាញ់)

- ចាក់ស្លឹកត្រចៀកក្រាញ់ និងទឹកឆ្អិន ចូលម៉ាស៊ីនក្រឡុក រហូតម៉ដ្ឋ រួចច្រោះនឹងស្បៃ

យកកាកចេញ

- ចាក់ដាក់កែវ ថែមទឹកស្ករខាប់ចូល តាមចំណូលជាការស្រេច។ អាច ញ៉ាំភ្លាម ដាក់ដុំទឹកកកចូល ឬក្លាស្សេ មិនគួរទុកយូរលើស ២ថ្ងៃទេ។

7

៨. របៀបធ្វើភេសជ្ជៈសំរ៉ង​​​ និងគ្រាប់ជី

គ្រឿងផ្សំ

-សំរ៉ង ៣គ្រាប់ ( ត្រាំទឹកក្តៅឲ្យឆាប់រីកល្អ ហើយបេះយកតែសាច់សំរ៉ង )

-គ្រាប់ជី​​ ១ស្លាបព្រាតូច ( ត្រាំទឹកក្តៅឲ្យរីក )

-ស្លឹកតើយ ៦-៧សន្លឹក (កិននឹងម៉ាសុីនក្រឡុកឲ្យម្ឋដហើយច្រោះយកតែទឹក )

-ទឹកដាំពុះចំណុះ ១លីត្រ (យកទឹកតើយដែលច្រោះដាក់ដាំជាមួយទឹកឲ្យពុះ )

-ស្កស ១-២ ស្លាបព្រាបាយ

-អំបិល មួយចុងស្លាបព្រា

របៀបធ្វើ

-ដំបូងយកសំរ៉ង​ និងគ្រាប់ជីត្រាំទឹកក្តៅផ្សេងៗគ្នាឲ្យរីកល្អសិន រួចស្រង់ចេញ រឺត្រងទុកឲ្យស្រក់ទឹកល្អ

-បន្ទាប់មកដាំទឹកលាយជាមួយទឹកតើយឲ្យពុះ យកសាច់សំរ៉ង និងគ្រាប់ជីដាក់ចូលទៅ

-ក្រោយមកដាក់ស្កស និងអំបិលចូលជាការស្រេច

ចំណាំ: បើបងប្អូនចូលចិត្តរាវ រឺខាប់អាចថែមសំរ៉ង​ និងគ្រាប់ជីបន្ថែមបាន ចំណែករសជាតិវិញក៏ដូចគ្នាដែរបើបងប្អូនចូលចិត្តផ្អែមជាងនឹងអាចថែមស្ករបានដែរ។

8

៩. វិធីធ្វើទឹកពោតឆ្ងុយឆ្ងាញ់ពិសារ​

#គ្រឿងផ្សំ៖

-ពោតលឿង​ឆៅ7 ឬ​ 8ផ្លែធំៗ​ (យកពោតចិតរួចមួយគីឡូ)

-ខ្ទិះដូងកន្លះគីឡូ​

-ស្ករសរមួយកូនចានចង្គឹះ​ (ថែមទៀតបានតាមការចូលចិត្ត)

-អំបិលមួយចឹប

-ទឹកបួនលីត្រ បូករួមជាមួយទឹកខ្ទិះដូង

-ស្លឹកតយ​ បួនប្រាំសន្លឹក។

#របៀបធ្វើ៖

-មុនដំបូង​ យកពោតលាងទឹកអោយស្អាត​ ចិតយកស្នូលចេញរួចកិន​អោយម៉ត់ បន្តិចម្តងៗជាមួយទឹកចំនួនបួនលីត្រ​ រួមជាមួយចុងខ្ទិះផង​ ដោយពូតយកកាក់ចេញខ្លះ​ កុំអោយខាប់ទឹកពេក​ បន្ទាប់មកទៀត​ យកមកកូរលើភ្លើង​ ដាក់អំបិលបន្តិចចូល​ ដោយបើកភ្លើងល្មមកុំខ្លាំងពេក​ ញីស្លឹកតយដាក់ចូលផងបើមានហើយ​ កូរ រហូតដល់រយះពេល​ 15 ទៅ​ 20នាទី​ ពុះទើបដាក់ស្ករស​ ចូល​ បិទភ្លើង

ជាការចុងក្រោយពេលទឹកពោតរាងត្រជាក់បន្តិចចាក់ខ្ទិះដើមចូល​ ជាការស្រេច​ ។

-ពេលទឹកពោតត្រជាក់ល្អហើយ​ អាចចាក់ចូលដបក្លាសេអោយត្រជាក់​ៗបានហើយ ធ្វើដូចនេះលោកអ្នកនឹងទទួលបានភេសជ្ជះត្រជាក់ដ៏ផ្អែមឆ្ងុយឆ្ងាញ់ពិសារ ។

9

១០. ទឹកសុីរ៉ូទឹកដោះគោទឹកកក ឡុកឈិត

#គ្រឿងផ្សំ

-ទឹកក្តៅ

-ទឹកសុីរ៉ូថៃ

-ទឹកដោះគោឆៅ

-ទឹកដោះគោខាប់

-ទឹកកកអនាម័យ

-កែវមានគំនូសលេខក្រឹត

-លតឈិត

#វិធីធ្វើ

-ចាក់ទឹកសុីរ៉ូ ២ oz ហើយចាក់ទឹកក្តៅ ៥ oz ចូល

-ចាក់ទឹកដោះគោខាប់ចូល ៤០មល ហើយចាក់ទឹកដោះគោស្រស់ចូល ៤០មល កូអោយរលាយចូលគ្នា

-យកទឹកកកអនាម័យច្រកក្នុងស្បោង រឺកែវធំ ចាក់ទឹកសេរ៉ូទឹកដោះគោខាងលើចូល ដួសឡុកឈិតដាក់ពីលើហើយជាស្រេច។

10

១១. វិធីធ្វើកាហ្វេដូងក្រអូប

#គ្រឿងផ្សំ៖

-ដូងក្រអូប

-កាហ្វេ

-ទឹកកក

-ទឹកដោះគោខាប់

-ទឹកក្តៅ

#វិធីធ្វើ៖

-យកកាហ្វេ ២ស្លាបព្រាកាហ្វេដាក់ចូលកែវ ហើយចាក់ទឹកក្តៅបន្តិចដើម្បីកូកាហ្វេអោយរលាយ បន្ទាប់មកយើងចាក់ទឹកដោះគោខាប់១ពែងតូច(ទឹកដោះគោដាក់តិចច្រើនតាមចំនូលចិត្ត) ដាក់ទឹកដូងក្រអូបចំនួន ៣វែកតូច កូអោយសព្វ។

-កោសសាច់ដូងក្រអូបអោយធំៗស្រួលក្នុងការទទួលទាន យកទឹកកដាក់ក្នុងកាហ្វេដូងយើង ហើយយកសាច់ដូងដែលកោសដាក់ពីលើដូចរូប រួចជាស្រេច។

11

១២. Dalgonacoffee

#គ្រឿងផ្សំ៖

-កាហ្វេ 2ស្លាបព្រា

-ស្ករស រឺស្កពណ៌brown 2ស្លាបព្រា

-ទឹកឆ្អិនក្តៅន3ស្លាបព្រា

-ទឹកដោះគោស្រស់ចំនួនតាមកាចូលចិត្ត

#របៀបធ្វើ៖

-ដាក់កាហ្វេ2ស្លាបព្រា ស្ករស 2ស្លាបព្រា និង ទឹកក្តៅ៣ស្លាបព្រាកូអោយសព្វចូលគ្នាហើយវ៉ៃៗៗៗៗ រហូតបានពណ៌រូបរាងដូចរូប

-បន្ទាប់មកយកទឹកដោះគោស្រស់ដាក់កែវសឹមយកការហ្វេដែលវ៉ៃបានដាក់ពីលើ កូអោយអោយចូលគ្នា ហើយជាស្រេច។ បើខ្ញុំបន្ថែមទឹកកកផងដែរ។

-ប្រើម៉ាសុីនលឿនមិនសូវចុកដៃ ។

12

១៣. វិធីធ្វើទឹកទទឹម

គ្រឿងផ្សំ៖

- ផ្លែទទឹម

- ស្ករស

- អំបិលម៉ដ្ឋ

- ទឹកស្អាត

វិធីធ្វើ៖

- យកគ្រាប់ទទឹមមកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់រលេះចេញពីគ្រាប់ បាយច្រើនបំផុត។

- ត្រងដោយក្រណាត់ស្បៃស្អាតយកទៅដាក់ ក្នុងឆ្នាំងដាក់លើភ្លើងប្រមាណ៥នាទីទើបលើកចុះ ។

- ដាក់ទឹកស្ករ ឬស្ករស អំបិល កូរអោយសព្វ ភ្លក្សរសជាតិឲ្យមានរសជាតិជូរអែមលាយប្រៃតិចៗ ទុកឲ្យត្រជាក់

- ដួសដាក់កែវ អាចដំទឹកកកតូចៗ ដាក់ចូល ឬយកទៅក្លាស្សេក្នុងទូទឹកកកឲ្យត្រជាក់ក៏បាន

គុណប្រយោជន៍ផ្នែកអាហារ៖ ក្នុងផ្លែទទឹមប្រកបដោយសារធាតុអាហារសំខាន់ផ្សេងៗដូចជា ប្រូទីន , ថាមពល, ការបូអ៊ីដ្រាត ជាតិសរសៃ ។

គុណប្រយោជន៍ផ្នែកឱសថ៖ តាមការស្រាវជ្រាវរកឃើញថា សំបកឬសរបស់ដើមទទឹម មានឬទ្ឋិក្នុងការ កម្ចាត់មេរោគ ដូចជា អៀន សត្វល្អិត និងមានសព្វគុណក្នុងការប្រឆាំងរោគ គ្រុនសន្ឋំ របេង និងផ្សិតនៅបរិវេណស្បែកទៀតផង។

13

១៤. របៀបធ្វើតែបៃតងទឹកដោះគោ

#គ្រឿងផ្សំ

- ទឹកដោះគោខាប់ + ទឹកដោះគោស្រស់

- ស្ករស 1.5 kg

- ម្សៅតែបៃតង ឬតែក្រហម 1ថង 1 kg

-ម្សៅទឹកដោះគោ Creamer 1ថង 1 kg

- ថង់សំរាប់ច្រកតែ ឬ កែវជ័រ

-ប្រដាប់ឆុងតែ

-ទឹក12 លីត្រ

#របៀបធ្វើតែបៃតងទឹកដោះគោ

- ដាំទឹក12 លីត្រដាក់ក្នុងឆ្នាំងធំ បើភ្លើងអោយខ្លាំងដើម្បីអោយទឹកពុះល្អ ហើយឆុងម្សៅតែបៃតងដាក់ ក្នុងឆ្នាំងទឹកដែរកំពុងក្តៅ ដោយប្រើប្រដាប់ឆុងតែដូចរូប ត្រាំវាទុកអោយចេញជាតិតែអោយអស់។

- ស្រង់ប្រដាប់ឆុងតែចេញ ហើយចាក់ស្ករសចំនួន 1.5 kg ចូលក្នុងឆ្នាំងកូរអោយស្កររលាយអោយអស់ក្នុងឆ្នាំង។

- ចាក់ទឹកដោះគោស្រស់ 1 កំប៉ុង និងទឹកដោះគោខាប់ 1 កំប៉ុង ចូលហើយកូរអោយចូលគ្នា។

- ចាក់ម្សៅទឹកដោះគោចូលចំនួន 1 kg ចូលក្នុងឆ្នាំងហើយកូរអោយចូលគ្នាក្នុងឆ្នាំង។

ទុកអោយទឹកតែត្រជាក់ហើយ ច្រកចូលដប ថង់ ឬកែវជ័រ។ (លាយទឹកកកច្រកជាមួយតែ ពេលមានភ្ញៀវមកទិញ)។

14

១៥. វិធីធ្វើភេសជ្ជៈតែស្លឹកគ្រៃរសជាតិឈ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖

-ស្លឹកគ្រៃ ១គីឡូ

-ស្លឹកតើយ ៤-៥សន្លឹក ឬទឹកតែក្លិនស្លឹកតើយ ១ស្លាបព្រាកាហ្វេ (ដើម្បីយកក្លិនឈ្ងុយ ដាក់មួយណាក៏បាន)

-ទឹកស្អាត ៨-៩លីត្រ

-ស្ករស ១គីឡូ

-អំបិលបន្តិច ទឹកកក

**វិធីធ្វើ៖

យកស្លឹកគ្រៃលាងឲ្យស្អាត រួចកាត់ខ្លីល្មម ហើយដំឲ្យទន់ ទុកមួយឡែក។ ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អំបិលចូល កូរឲ្យសព្វ ហើយដាក់ស្លឹកគ្រៃ ដាក់ស្លឹកតើយចូល (បើប្រើស្លឹកតើយស្រស់) រម្ងាស់ប្រហែល ១៥-២០នាទី។ លើកចេញពីចង្រ្កាន ហើយដាក់ស្ករសចូល កូរឲ្យសព្វ រួចដាក់ទឹកក្លិនស្លឹកតើយចូល (បើមិនប្រើស្លឹកតើយស្រស់) កូរចូលគ្នាឲ្យសព្វទុកអោយត្រជាក់ដាក់ទឹកកកចូលជាការស្រេច។

15

១៦. របៀបធ្វើទឹកគូលែនសូដា

#គ្រឿងផ្សំ៖

-គូលែនកំប៉ុង(មានសាច់គូលែននិងទឹក)

-ទឹកកកអនាម័យ

-ជីអង្កាម

-ទឹកសូដា

-ទឹកស្ករ

#វិធីធ្វើ៖

-ចាក់សាច់និងទឹកគូលែនដាក់ក្នុងកែវធំមួយ បន្ទាប់មកចាក់សូដា ទឹកស្ករ ទឹកកក និងដាក់ជីអង្កាមលំអមាត់កែវហើយជាស្រេច។

16

១៧. របៀបធ្វើទឹកស្រកានាគក្រឡុក

#គ្រឿងផ្សំ

-ផ្លែស្រកានាគ ពណ៌ក្រហម ហាន់ជាចំណិតៗ ១០០ក្រាម

-ទឹកស៊ីរ៉ូ ពណ៌ក្រហម ១ស្លាបព្រាបាយ

-ទឹកក្រូចឆ្មារ ២-៣ស្លាបព្រាបាយ

-ទឹកកកដុំតូចៗ ឬទឹកកកឈូស ១ចានចង្កឹះ

# វិធីក្រឡុក

-ចាក់ទឹកកក ផ្លែស្រកានាគ ទឹកស៊ីរ៉ូ និងទឹកក្រូចឆ្មារ ចូលទៅក្នុងម៉ាស៊ីនក្រឡុក កិនឱ្យទាល់តែម៉ដ្ឋខាប់ជាសាច់មួយ។

- ចាក់ដាក់កែវ និងតុបតែងឱ្យស្អាត ជាការស្រេច។

17

១៨. របៀបឆុងទឹកសុីរ៉ូសូដា

#គ្រឿងផ្សំ

-ទឹកសុីរ៉ូថៃ(ជ្រើសរើសពណ៌តាមចំនូលចិត្ត)

-ទឹកសូដាថៃ(យកប្រេនធ្លាប់ប្រើ សឹង្ហា ....)

-ទឹកក្រូចឆ្មា រឺទឹកក្រូចឆ្មាដប

-ទឹកកកអនាម័យ

-កែវមានលេខគំនូសក្រឹត

#វិធីឆុង

-ដាក់ទឹកសុីរ៉ូ ៣ ozចូល

-ដាក់ទឹកក្រូចឆ្មា ២០ មល ចូល

-ដាក់ទឹកសូដា ៨មល ចូល

-កូអោយចូលគ្នាស្មើហើយ សឹម ចាក់ចូលស្បោង រឺកែវដែលមានទឹកកកអនាម័យជាកាស្រេច។

18

១៩. របៀបធ្វើទឹកសណ្ដែក

#គ្រឿងផ្សំ ៖

-សណ្តែកសៀង១គីឡូ

-ទឹក១០លីត្រ

-ស្ករ១គីឡូ

-អំបិល១ស្លាបព្រាកាហ្វេ

#របៀបធ្វើ៖

- យកសណ្តែកសៀង១គីឡូ ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ ញីសំបកចេញ លាងសម្រស់អោយស្អាត។

- យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។

- យកទឹក៧លីត្រទៀត មកថែមជាមួយនឹងទឹកសណ្តែកសុទ្ធ ហើយដាំអោយពុះ។

- ដាក់ស្ករនិងអំបិលចូល អោយពុះសព្វ។

- ពិសាក្តៅៗក៏បាន ត្រជាក់ក៏បាន តាមចំណូលចិត្ត។

- បើចង់ខាប់ កាត់បន្ថយចំនួនទឹក។

- បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។

- ចំពោះមាតាដែលខ្វះទឹកដោះ អាចយកទឹកសណ្តែកនេះ ជួយបំប៉នសុខភាពទារកបាន ដោយកាត់បន្ថយចំនួនស្ករពីរខាំ ក្នុងសណ្តែកមួយគីឡូ។ ចំពោះទារកក្រោម៦ខែ គេមិនអោយមានជាតិស្ករឡើយ។ជាតិផ្អែម នឹងធ្វើអោយទារកអន់ភ្នែក ឬ រពឹសចាប់មិនជាប៉ ឬ កើតទឹកនោមផ្អែម ជាពិសេស ពេលទារក នៅក្រោមអាយុ ២ខួប។ ចំណែកស្ត្រីសរសៃខ្ចី គួរបរិភោគ ជាតិស្ករ អោយបានតិចបំផុត នៅមុនកូនអាយុមួយខួប ការពារមិនអោយមានទឹកនោមផ្អែម។ ប៉ុន្តែ ស្រីអាចបរិភោគផ្លែឈើធម្មជាតិ ដែលមានជាតិផ្អែមបាន គ្រាន់តែពុំគួរបរិភោគ ជាតិស្ករផលិតឡើយ។

- ចំពោះមនុស្សទូទៅ ការបរិភោគទឹកសណ្តែក នឹងជួយផ្សះជម្ងឺបែកស្រកា អោយស្បែកប្រែរលោងស្អាតមកវិញ។

-ដើម្បីធ្វើទឹកសណ្តែកអោយចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូតយកទឹក ទៅដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល។

19

២០. របៀបធ្វើ តែស្វាយទុំ 

#គ្រឿងផ្សំ

- តែ 2កញ្ចប់

- ទឹកក្តៅ 1លីត្រ

- ស្ករ 80ក្រាម

- ស្វាយទុំ 3ផ្លែ (ស្វាយខ្ទិះ ចិតខសម្បក កាត់ជាដុំៗ)

- ក្រូចឆ្មា កន្លះផ្លែ

-ជីអង្កាម

#របៀបធ្វើ

- យកតែត្រាំក្នុងទឹកក្តៅចំនួន 5នាទីរួចស្រង់តែចេញ

- យកទឹកតែដាក់ក្នុងម៉ាសីុនក្រឡុក រួចដាក់ស្ករ ស្វាយ និងទឹកក្រូចឆ្មារក្រឡុកអោយម៉ត់ល្អ។

- យកកែវដាក់ទឹកកក ដាក់ស្វាយ3-4ដុំ សឹមចាក់ទឹកស្វាយចូលលំអជីអង្កាមជាការស្រេច ។

20

២១. រូបមន្តធ្វើភេសជ្ជៈទឹកដូង

#គ្រឿងផ្សំ

-ទឹកដូងខ្ចី ១០០មល

-សាច់ដូងខ្ចី

-ស្ករស ១គីឡូ

-ទឹកបរិសុទ្ធ ៣លីត្រ

-ស្លឹកតើយ ៦សន្លឹក

#វិធីធ្វើ

-យកទឹកបរិសុទ្ធដាំលើភ្លើង ដាក់ស្លឹកតើយចូល ពេលពុះដាក់ស្ករសចូលកូអោយស្ករលាយ ស្ងោ៥នាទី ហើយស្រង់ស្លឹកតើយចេញ។

-ចាក់ទឹកដូងខ្ចីចូល ចាក់សាច់ដូងខ្ចីចូល ហើយស្ងោរយះពេល ៥នាទី។

-ទុកភេសជ្ជៈអោយត្រជាក់ ហើយយកទៅដាក់ក្នុងទូទឹកកក បើចង់ទទួលទានភ្លាមៗ យកភេាជ្ជៈដាក់ក្នុងកែវមានទឹកកកអនាម័យជាការស្រេច។

21

២២. ទឹកក្រឡុក​ល្ហុង​ទុំ​

ល្ហុង​មាន​ពណ៌​ទឹកក្រូច​មាន​រសជាតិ​ផ្អែម ដែល​ផ្តល់​ប្រយោជន៍​ជាច្រើន ក្នុង នោះ​ដូចជា វីតាមីន A ខ្ពស់ សម្បូរ​បេ​តា​ឃែ​រ៉ូ​ទីន​ដែល​អាច​ប្រឆាំង​រ៉ាឌីកាល់ សេរី ហើយ​ពិសេស​អាច​ប្រើ​ជា​ថ្នាំ​បញ្ចុះលាមក​បាន​ថែមទៀត ។​ ​បើ​ចង់​បរិភោគ​ល្ហុង​ទុំ​ដែលមាន​រសជាតិ​ប្លែក ហើយ​ថែមទាំង​ឈ្ងុយឆ្ងាញ់​អ្នក​អាចអនុវត្ត​រូបមន្ត​ថ្មី​មួយ​នេះ ។​

*​ត្រៀម​គ្រឿងផ្សំ​

-​សាច់​ល្ហុង​ទុំ​ចិត​សម្បក​ហាន់​ជា​ចំណិត​តូចៗ​ក្លាស្សេ​ឱ្យ​ត្រជាក់​ស្រេ​ប​មួយ​កូនចាន​

-​អំបិល​ម៉ដ្ឋ​បន្តិច​

-​ទឹកក្រូច​ឆ្មារ ១-២ ស្លាបព្រា​កាហ្វេ​

-​ទឹក​ស៊ីរ៉ូប៍​ក្លាស្សេ​ត្រជាក់ ១-២ កូនចាន​

-​ទឹក​ឆ្អិន​ក្លាស្សេ​ត្រជាក់​ស្រេ​ប ១ កូនចាន​។

*​វិធី​ធ្វើ​

- ​ដាក់​សាច់​ល្ហុង អំបិល​ម៉ដ្ឋ ទឹកក្រូច​ឆ្មារ ទឹក​ស៊ីរ៉ូប៍ និង ទឹក​ឆ្អិន​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​កិន​ឱ្យ​ម៉ដ្ឋ​ល្អ បន្ទាប់មក​ទើប​ចាក់​ដាក់​ក្នុង​កែវ​ផឹក​ភ្លាម ឬ ក្លាស្សេ​ត្រជាក់​សិន​ក៏បាន​ដែរ ។

22

២៣. បៀបធ្វើទឹកម្នាស់ក្រូចឆ្មា

គ្រឿងផ្សំរួមមាន៖

-ស្ករស ១០០ក្រាម

-ក្រូច Lemon ពណ៌លឿងច្របាច់យកទឹក ២៤០មីលីលីត្រ ទឹកក្រូចឆ្មា ២ស្លាបព្រា

-ទឹកម្នាស់ ២៤០មីលីលីត្រ

-ទឹកធម្មតា ២៤០មីលីលីត្រ

វិធីធ្វើ៖

- ចាក់ទឹក និងស្ករសចូលឆ្នាំងដោយប្រើភ្លើងតិចៗរហូតដល់ពុះរួចទុកឲ្យត្រជាក់។ បន្ទាប់មក ចាក់ទឹកក្រូចLemon ទឹកក្រូចឆ្មា និងទឹកម្នាស់ចូលរួចកូរឲ្យសព្វជាការស្រេច។

- នៅពេលទទួលទាន លោកអ្នកក៏អាចដាក់ទឹកកក ឬដាក់ក្នុងទូរទឹកកកឲ្យត្រជាក់ក៏បានដែរ។

ទឹកម្នាស់ក្រូចឆ្មា គឺជាការផ្សំឡើងពីក្រូចឆ្មាជាមួយនឹងផ្លែម្នាស់ដែលមានរសជាតិផ្អែមឆ្ងាញ់។ លោកអ្នកអាចចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះក្នុងការធ្វើភេសជ្ជៈមួយប្រភេទនេះ។

23

២៤. របៀបធ្វើចាហួយតែបៃតង

#គ្រឿងផ្សំ៖

-តែបៃតង

-ទឹកដោះគោស្រស់

-ស្ករស

-ម្សៅចាហួយ

#វិធីធ្វើ៖

-ដាំទឹក១លីត្រឱ្យពុះ ហើយចាក់តែបៃតង៣ខាំចូល កូរឱ្យសព្វ៥នាទីសឹមលើកចុះ ដួសទឹកតែបៃតង ៣វែកចេញ ទុកសម្រាប់ធ្វើចាហួយពេលក្រោយ តែបៃតងដែលនៅសល់ ចាក់ស្ករស និងទឹកដោះគោស្រស់ចូល ហើយយកទៅក្លាសេក្នុងទូរទឹកកក២ម៉ោងចោល។

-សម្រាប់ការធ្វើចាហួយវិញ យកទឹកតែបៃតងដែលដួសទុកអម្បាញ់មិញមករម្ងាស់លើចង្ក្រាន ហើយចាក់ម្សៅ ចាហួយ និងស្ករសចូលកូរឱ្យពុះសព្វ សឹមចាក់យកទៅក្លាសេឱ្យឡើងរឹង។ បន្ទាប់មក យកវាមកកាត់ដុំៗសម្រាប់ដាក់ចូលតែបៃតងជាការស្រេច។

24

២៥. តែទឹកដោះគោរសជាតិបែបថៃឆ្ងាញ់

គ្រឿង​ផ្សំ​៖​

-តែ​ ៣ ស្លាប​ព្រា​បាយ​ (ទិញតែថៃ ម៉ាកអីក៏បាន)

-ទឹក​ក្តៅ​ដាំ​ពុះ​ ១ កែវ

-ទឹក​ដោះ​គោ​ខាប់​ ១ ស្លាប​ព្រា​បាយ​កន្លះ

-ស្ករ​ ២ ទៅ ៣ ស្លាប​ព្រា​កាហ្វ

-អំបិល​ ១ ជឹប

-ទឹក​ដោះ​គោ​ស្រស់​ ១ ទៅ ២ ស្លាប​ព្រា​បាយ

-ទឹក​កក​

វិធី​ធ្វើ​៖​

- ដំបូង​យើង​ត្រូវ​យក​តែ​ឆុង​ជា​មួយ​ទឹក​ក្តៅ​ ៣ ទៅ​ ៥ នាទី​។​ យើង​អាច​យក​តែ​ដាក់​ក្នុង​កន្ត្រង​កំណាត់​ រួច​ដាក់​ចូល​ក្នុង​ទឹក​ក្តៅ​ ឬ​អាច​យក​តែ​ដាក់​ក្នុង​កែវ​ទឹក​ក្តៅ​តែ​ម្តង​ រួច​ត្រង់​យក​ស្លឹក​តែ​ចេញ​។

- ចាក់​តែ​ចូល​ក្នុង​កែវ​ ដាក់​ទឹក​ដោះ​គោ​ខាប់​ចូល​ ស្ករ​ និង​ អំបិល​ មួយ​ជឹប​ រួច​កូរ​ឲ្យ​សព្វ​។

- បន្ទាប់​មក​ត្រូវ​យក​វា​ទៅ​ចាក់​ចូល​ក្នុង​កែវ​ទឹក​កក​ តែ​កុំ​ចាក់​ពេញ​ពេក​។

- ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ថែម​ពី​លើ​ជា​ការ​ស្រេច​ តែ​ដោះ​គោ​បែប​ថៃ​របស់​យើង​រួច​រាល់​ហើយ​ អាច​ភ្លក្ស​មើល​សិន​ បើ​ចូល​ចិត្ត​ផ្អែម​អាច​បន្ថែម​ស្ករ​តាម​ចំណូល​ចិត្ត​បាន​។

*បញ្ជាក់​៖ បើ​យើង​ចង់​ឆុង​តែ​ទុក​ យើង​គួរ​តែ​ដាក់​ទឹក​បន្ថែម​ ព្រោះ​ទឹក​តែ​ត្រជាក់​លាយ​ជា​មួយ​ទឹក​កក​ នឹង​មិន​ធ្វើ​ឲ្យ​ទឹកកក​រលាយ​ដូច​តែ​ក្តៅ​ទេ​ វា​អាច​នឹង​មាន​រសជាតិ​តែ​ក្រាស់​ ហើយ​ផ្អែម។​ តែ​យើង​នៅ​តែ​អាច​កែ​ប្រែ​រសជាតិ​ទៅ​តាម​ហ្នឹង​បាន​។

25

២៦. អូរីអូមៀលហ្សេក Oreo milk shake

#គ្រឿងផ្សំ៖

- ទឹកសូកូឡា ចំនួន 4ស្លាបព្រា

- OREO Cookie ចំនួន 8ដុំ ហើយត្រូវបំបែកជាបំណែក

- ការ៉េមវ៉ានីឡា ចំនួន 2កែវ កូរឲ្យហ្មត់

- ម៉ាស៊ីនក្រឡុកផ្លែឈើ

#វិធីធ្វើ៖

-យកស្លាបព្រាដួសទឹកសូកូឡា 4ស្លាបព្រាតូច ចាក់ចូលទៅក្នុងកែវ។កាត់នំ OREO ជា4ចំណែកឲ្យល្អរួចទុកមួយអន្លើ។

-បំបែក OREO ផ្សេងទៀតជាបួនចំណែក លាយជាមួយទឹកដោះគោ និងការ៉េម លាយបញ្ចូលគ្នាអោយសព្វល្អក្នុងម៉ាស៊ីនក្រឡុកផ្លែឈើ។ ចាក់ចូលក្នុងកែវហើយថែមនំ OREO ដែលបានបំបែករៀបពីលើ។ រួចរាល់ហើយអាចញ៉ាំបានភ្លាមៗ។

26

២៧. របៀបធ្វើតែជ្រក់

#គ្រឿងផ្សំ

-ទឹក ១.៥លីត្រ

-តែ ១ស្លាបព្រា

-ស្លឹកតយ

-ក្រូចឆ្មា ស្ករស

#វិធីធ្វើ

ដាក់ដាំទឹកឲ្យពុះ រួចដាក់ស្លឹកតយចូល ទុកឲ្យស្លឹកតយ ចេញជាតិឈ្ងុយ និងតែចេញពណ៏ល្អហើយ រួចលើកចេញ

ចាក់ដាក់កែវ រួចដាក់ស្ករស ច្របាច់ក្រូចឆ្មាចូល កូរឲ្យស្ករសរលាយចូលគ្នាអស់ សឹមដាក់ទឹកកកចូល រួចជាស្រេច។

27

២៨.Detox strawberry

មិនត្រឹមតែជួយឲ្យរាងស្អាតទេ ថែមទាំងជួយឲ្យស្បែកសស្អាតពីខាងក្នុងដោយមិនបាច់លាបឡេ។

#គ្រឿងផ្សំ

-ស្រ្តបឺរី 5ផ្លែ

-ទឹក 1កែវ

-ក្រូចឆ្មារ២ ផ្លែ ។

វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់ក្រឡុកបញ្ចូលគ្នា។ ឬហាន់ចាចំណិតត្រាំនៅក្នុងទឹកសម្រាប់ទទួលទានក៏បាន។

28

២៩.របៀបធ្វើដូងក្រឡុកទឹកដោះគោស្រស់

គ្រឿងផ្សំ:

-សាច់ដូង

-ទឹកដោះគោស្រស់

-ទឹកស្ករ

-អំបិល

-ទឹកដូង

-ទឹកកក

# របៀបធ្វើ

-កាប់ដូងយកទឹកដូង បន្ទាប់មកកោសយកសាច់ដូង។

-ដាក់សាច់ដូង ទឹកដោះគោស្រស់ ទឹកស្ករ អំបិល ទឹកដូង ទឹកកក ចូលទៅក្នុងម៉ាសុីនក្រឡុក ហើយក្រឡុកអោយសព្វរួចរាល់ជាការស្រេច៕

29

ប្រភព៖ Sok Somnang