ដើមហេតុ៤ចំណុច ដែលធ្វើឱ្យអ្នក ខកបំណង និងខូចចិត្តខ្លាំងបំផុត

ពេលខ្លះ ភាពទន់ជ្រាយ ឬល្ងង់ មិនមែនជាហេតុ នាំឱ្យយើងខូចចិត្ត ឬខកបំណងនោះឡើយ ផ្ទុយទៅវិញ អាចមកពីភាពឆ្លាតដ៏ហួសហេតុរបស់យើងទៅវិញទេ ដែលនាំឱ្យយើងកើតមានចិត្តឈឺចាប់ និងខកបំណងយ៉ាងខ្លាំង ព្រោះតែមិនបានដូចចិត្ត មិនដូចអ្វីដែលខ្លួនឯងគិតរំពឹងទុក។ យ៉ាងណាមិញ ៤ចំណុចខាងក្រោមនេះ ក៏ជាហេតុនាំឱ្យយើងត្រូវទទួលរងនូវការឈឺចាប់ និងខកបំណងផងដែរ។

១. រំពឹងខ្ពស់ពេក

0f20708775ad387229db251d0258a345

គ្រប់គ្នាប្រហែលជាដឹងហើយថា ការរំពឹងទុកខ្ពស់ពេក គឺជាហេតុដែលនាំឱ្យយើងប្រឈមនឹងការខកចិត្តយ៉ាងខ្លាំង។ យ៉ាងណាមិញ មិនថាជាមួយកិច្ចការងារ ឬជាមួយមនុស្សនោះទេ ការគិតទុកមុន អាចជារៀងដែលល្អ ដើម្បីកំណត់នូវលទ្ធផលដែលយើងនឹងទទួលបាន ប៉ុន្តែ ប្រសិនបើយើងរំពឹងនូវលទ្ធផលល្អលើសលស់ជ្រុលខ្លាំងពេក យើងក៏នឹងទទួលបាននូវលទ្ធផលខកចិត្តក៏ខ្ពស់ដូចគ្នា ហើយយើងនឹងឈឺចាប់យ៉ាងខ្លាំង​ នៅពេលដែលការពិត មិនដូចចិត្ត មិនដូចអ្វីដែលយើងគិតទុកនោះ។ ត្រូវចាំថា រំពឹងខ្ពស់ប៉ុនណា ឱកាសនៃការខកបំណង និងខូចចិត្ត​ក៏ខ្ពស់ប៉ុណ្ណឹងដែរ។

២.ទាមទារខ្លាំងពេក

3fb479a6a4ebf6d60adeafbce14e2ab8

យើងអាចផ្ដល់ឱ្យអ្នកដទៃ ទៅតាមអ្វីដែលយើងអាចធ្វើបាន ទៅតាមលទ្ធភាពដែលយើងមាន តែយើងមិនគួរមានចិត្តទាមទារពីអ្នកដទៃខ្លាំងពេកនោះឡើយ ទោះជាមនុស្សម្នាក់នោះ ជិតស្និទ្ធនឹងយើងប៉ុនណាក៏ដោយ ក៏មិនត្រូវប្រកាន់ចិត្ត ទាមទារចង់បានអ្វីពីគេមកវិញដែរ។ មិនមែនថា យើងមិនមានសិទ្ធនោះទេ តែការទាមទារ មិនមែនសុទ្ធតែគេអាចផ្ដល់ឱ្យយើងនោះឡើយ បើទោះជាគេផ្ដល់ឱ្យយើង វាក៏មិនមែនជាការពេញចិត្តផ្ដល់ឱ្យដែរ ដូច្នេះយើងអាចនឹងខកចិត្តបើគេផ្ដល់ឱ្យយើងមិនបាន ហើយយើងក៏នឹងរឹតតែគ្មានក្ដីសុខ ប្រសិនអ្វីដែលគេផ្ដល់ឱ្យយើងនោះ ជាការបង្ខំចិត្ត ធ្វើតាមការទាមទារចង់បានពីយើងតែម្ខាង។

៣.លះបង់ច្រើនពេក

6fef99be219cc7d0ea70824b8ed975f8

ត្រូវចាំ មិនថាការផ្ដល់ឱ្យ ឬលះបង់នោះទេ ទោះយើងធ្វើដើម្បីគេច្រើនប៉ុនណា ក៏មិនប្រាកដថាគេតបស្នងមកយើងវិញគ្រប់ចំនួននោះឡើយ។ មនុស្សយើង បើលះបង់ឱ្យអ្នកដទៃខ្លាំងពេក គឺជាការធ្វើឱ្យខ្លួនឯងកាន់តែខកចិត្តខ្លាំងប៉ុណ្ណឹង បើយើងគិតតែលះបង់ដើម្បីគេ រហូតដល់មិនបានធ្វើអ្វីៗដើម្បីខ្លួនឯង នោះយើងនឹងរឹតតែឈឺចាប់ នៅពេលដែលមនុស្សម្នាក់នោះ គេមិនឱ្យតម្លៃនូវអ្វីដែលយើងបានលះបង់ឱ្យគេ។

៤. ជឿជាក់ និងទុកចិត្តពេក

7ebb35310d489052968d93053f059dd7

នៅពេលដែលយើងជឿជាក់ និងទុកចិត្តលើនរណាម្នាក់ខ្លាំងពេក វាក៏ជាពេលដែលយើងបើកឱកាសឱ្យគេ មានសិទ្ធិ មានឥទ្ធិពលក្នុងការគ្រប់គ្រងលើការសម្រេចចិត្ត និងសតិអារម្មណ៍ គំនិតរបស់យើងដូចគ្នា។ វាអាចមិនមែនជាការគោរពទេ តែវាជារឿងដែលយើងខ្វះម្ចាស់ការលើខ្លួនឯង យើងខ្វះការពិចារណាដោយខ្លួនឯង ការជឿ និងទុកចិត្ត បើយើងផ្ដល់ឱ្យខុសមនុស្ស នោះយើងក៏នឹងត្រូវរងគ្រោះ នាំទុក្ខដល់ខ្លួនឯងជាខ្លាំង មិននត្រឹមតែខូចចិត្ត ឬខកបំណងឡើយ តែវាអាចនឹងនាំឱ្យយើងថ្លោះធ្លោយខាតបង់ច្រើនលើសពីនេះទៅទៀត។

និយាយជារួម ៤ចំណុចខាងលើនេះ ប្រសិនបើយើងបន្ថែមពាក្យថា "ពេក" នៅពីក្រោយ គឺវាសុទ្ធតែជាហេតុដែលនាំឱ្យយើងមានគ្រោះថ្នាក់ និងទទួលរងនូវការឈឺចាប់ ខកបំណងជាបន្តបន្ទាប់មិនខាន៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: