អ្នកខ្លះនិយាយថា រៀបការអាយុតិចពេក ជីវិតគ្រួសារមានហានិភ័យ ប្រឈមនឹងការកើតមានបញ្ហា នាំឱ្យគ្រួសារបែកបាក់ណាស់ ព្រោះមនុស្សយើងនៅក្មេង ចិត្តគំនិតក៏មិនទាន់នឹងធឹង មិនចេះអត់ធ្មត់ ចិត្តឆេវឆាវណាស់ ដូច្នេះ ការរស់នៅជាមួយគ្នា ក៏មិនចុះសម្រុងដែរ ដូចពាក្យចាស់ពោលថា "ក្មេងឈាមរាវ"។
ដូច្នេះ មិនថាប្រុសឬស្រីទេ គួរតែរៀបការនៅវ័យក្បែរ៣០ឆ្នាំទើបល្អ ព្រោះវ័យនេះ គួរតែចេះគិត និងមានការយល់ដឹងច្រើន ជាពិសេសគឺ មានគំនិត មានមុខរបរនឹងនផងដែរ រៀបការក្នុងវ័យនេះ ដៃគូជីវិត ឬជីវិតគ្រួសារ គឺច្រើនតែបានល្អប្រសើរ មិនសូវមានបញ្ហាប៉ុន្មានទេ។
ជាការពិតណាស់ មនុស្សឱ្យតែអាយុច្រើន ចាស់ចិត្តចាស់គំនិត ទើបអាចរក្សាគូជីវិតបានល្អ មានចិត្តអំណត់ ចេះអត់ធ្មត់ មានអធ្យាស្រ័យល្អចំពោះដៃគូ ចេះអត់ឱនដល់គ្នា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សយើងមិនថាស្រី ឬប្រុសនោះទេ រៀបការនៅក្នុងវ័យណា ក៏ជីវិតគ្រួសាររមែងកើតមានបញ្ហា ការថ្នាំងថ្នាក់ និងមានទុក្ខដូចគ្នា គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ ព្រោះថាជីវិតប្ដីប្រពន្ធ ប្រៀបបានទៅនឹង ចានក្នុងរាវអ៊ីចឹងដែរ គឺតែងតែមានការប៉ះទង្គិចគ្នាជារឿងធម្មតាទេ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកមានចិត្តគំនិត និងមានការយល់ដឹងបានកម្រិតណា នៅក្នុងការថែរក្សា និងគ្រប់គ្រងលើជីវិតគ្រួសាររបស់អ្នក?
មនុស្សខ្លះ មុខចាស់ អាយុច្រើនក៏ពិតមែន តែចិត្ត និងគំនិតនៅក្មេងខ្ចីណាស់ មិនមានការយល់ដឹង និងចេះគ្រប់គ្រងផ្លូវចិត្ត និងអប់រំគំនិតខ្លួនឯងទេ។ ចំណែកមនុស្សខ្លះទៀត ដ្បិតគេនៅក្មេង រៀបការមានគូក្នុងវ័យក្មេងមែន តែគេមានចិត្តគំនិតចាស់ទុំ មានការយល់ដឹងខ្ពស់ និងចេះគ្រប់គ្រងក្នុងគ្រួសារបានយ៉ាងល្អ។ អ្វីដែលរឹតតែសំខាន់ជាងនេះនោះគឺ មានចិត្តអំណត់ ចិត្តធ្ងន់ ចេះអត់ឱន យោគយល់ដល់គ្នា ចេះសម្របខ្លួនក្នុងការរស់នៅជាមួយគ្នា ធ្វើអ្វីចេះគិត ចេះគោរពគ្នាទៅវិញទៅមក ... ទាំងនេះហើយ ដែលអាចធ្វើឱ្យគេអាចថែរក្សាគ្រួសារបាន និងចំណងអាពាហ៍ពិពាហ៍ មានតែរឿងល្អៗ ច្រើនជាងជម្លោះ ការឈ្លោះ បែកបាក់គ្នា៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ