មនុស្សប្រុស ពឹងភរិយា ទើបជីវិតអាចជោគជ័យ មនុស្សស្រីពឹងស្វាមី ទើបជីវិតមានសុភមង្គល!

ការរៀបការ បង្កើតគ្រួសារមួយ គឺមានន័យថា ប្ដីប្រពន្ធគឺត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក មិនថាប្ដីមានយសសក្តិ ឋានៈខ្ពស់ប៉ុនណាទេ ក៏អ្នកនៅតែត្រូវការការពិភាក្សា ដោះដូរយោបល់ និងទទួលមតិគំនិតពីមនុស្សស្រីដែលជាប្រពន្ធរបស់អ្នកដែរ ទោះយ៉ាងណា នារីគឺជាទីប្រឹក្សាដ៏វាងវៃសម្រាប់ស្វាមីគ្រប់រូប ស្ត្រីជាប្រពន្ធ គឺជាទ្រព្យស្ដុកស្ដម្ភ ជាលាភសំណាង ជាអ្នកដែលជួយជម្រុញឱ្យអ្នកឆ្ពោះទៅរកភាពជោគជ័យដ៏ធំនៅក្នុងជីវិត។

ចំណែកមនុស្សស្រីវិញ​ បើចង់ឱ្យជីវិតមានក្ដីសុខ និងសុភមង្គល គឺត្រូវពឹងផ្អែកលើបុរសដែលជាស្វាមី ព្រោះថា ការរកលុយ ឬភាពជោគជ័យផ្សេងៗ នាងក៏អាចបង្កើតឡើងបានដោយខ្លួនឯងដែរ ប៉ុន្តែចង់មានគ្រួសារមួយដែលមានក្ដីសុខ សុភមង្គលពិតប្រាកដ មានជីវិតគូដ៏កក់ក្ដៅ គឺស្ថិតលើបុរសដែលជាដៃគូ ផ្ដល់ពេលវេលា ផ្ដល់ស្នាមញញឹម និងភាពរីករាយដល់ប្រពន្ធកូន។

118084451_2408998542739436_5191827006989690115_o

ប៉ុន្តែ លុះត្រាតែអ្នកមានសំណាង​ អាចរកបាននារីល្អ ស្ត្រីល្អមកធ្វើជាភរិយា ចេះដឹង និងចេះរៀបចំទុកដាក់នៅក្នុងគ្រួសារ មានរបៀប និងចេះគ្រប់គ្រងលុយកាក់ ទ្រព្យធន ដែលអ្នករកមកបាន ទើបអ្នកនាងជាទ្រព្យនាំសំណាង និងភាពជោគជ័យដល់អ្នក តែបើអ្នករកបានប្រពន្ធខាតលក្ខណ៍វិញនោះ ទោះអ្នកពូកែរក ចេះខិតខំយ៉ាងណា ក៏មិនអាចសល់ទ្រព្យ ឬជោគជ័យបានដែរ។​ ផ្ទុយទៅវិញ បើប្រពន្ធអ្នកមិនល្អ គឺមានតែអូសទាញឱ្យអ្នកជួបផលវិបាក និងមានបញ្ហា ជីវិតគ្មានការរីកចម្រើនឡើយ ហើយអ្នកក៏គ្មានកិត្តិយស ឋានៈខ្ពង់ខ្ពស់នោះដែរ

រីឯមនុស្សស្រី​ លុះត្រាតែអ្នករកបានបុរសល្អពិតប្រាកដជាដៃគូ ចេះដឹង ចេះខិតខំ ចេះតស៊ូ និងយល់ដឹងពីអ្នក យល់ចិត្តអ្នក ទើបជីវិតអ្នកអាចមានក្ដីសុខ និងសុភមង្គល។ ប៉ុន្តែ បើអ្នករកមិនបានដៃគូជីវិតដែល្អទេ នោះជីវិតរៀបការរបស់អ្នក មិនខុសអីពីរស់នៅក្នុងគុកឥតជញ្ជាំងនោះឡើយ។ មនុស្សស្រី ពឹងលើស្វាមី ដើម្បីឱ្យជីវិតប្ដីប្រពន្ធមានសុភមង្គល មានការរូកលូតលាស់ និងមានសំណាងពិតប្រាកដ តែបើអ្នករកមិនបានបុរសល្អជាគូអនាគតទេ នៅម្នាកឯង វាប្រហែលជាល្អជាង មិនមានការជាប់ជំពាក់កម្មពៀរវេរាជាមួយអ្នកណា៕

118390429_2408793502759940_6365361102908617384_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ