ជឿថាមនុស្សម្នាក់ៗ គ្មានអ្នកណាអាចភ្លេចមនុស្សដែលខ្លួនធ្លាប់ស្គាល់បានទេ ជាពិសេសគឺ មនុស្សដែលធ្លាប់ស្រឡាញ់ ធ្លាប់មានទំនាក់ទំនង ធ្លាប់សាងអនុស្សា ការចងចាំឱ្យគ្នា បើទោះជាបែកគ្នាប៉ុន្មានខែ ប៉ុន្មានឆ្នាំយ៉ាងណា ក៏គ្មានថ្ងៃបំភ្លេចបានដែរ មិនថារឿងល្អ ឬអាក្រក់នោះទេ គឺដិតជាប់ក្នុងចិត្តពេញមួយជីវិត ព្រោះវាជាការចងចាំ។
ដូច្នេះ វាជារឿងធម្មតាទេ ដែលមនុស្សម្នាក់នៅតែនឹកនា និងចងចាំដល់រឿងអតីត ឬសង្សារចាស់ តែពេលខ្លះ សម្រាប់មនុស្សខ្លះ អាចនិយាយបានថា នៅនឹក នៅចងចាំ តែមិនមែនរង់ចាំ ឬចង់ត្រឡប់ក្រោយនោះឡើយ ព្រោះថា មនុស្សបានបែកគ្នាហើយ ដើរផ្លូវផ្សេងគ្នាហើយ ម្យ៉ាងក៏បានអស់ចិត្តហើយដែរ ដូច្នេះ មិនមានហេតុផលអ្វី ដែលត្រូវត្រឡប់ក្រោយវិញនោះទេ។
- នៅនឹក តែមិនមែននៅស្រឡាញ់ទេ។
- នៅគិត តែមិនមែននៅស្រណោះ អាឡោះអាល័យទេ។
- នៅចងចាំ តែមិនមែនចង់វិលត្រឡប់ឡើយ។
- នៅរំឭករឿងខ្លះៗ តែមិនមែនចង់ចាប់ផ្ដើមជាថ្មីទេ។
- នៅមិនអាចបំភ្លេច តែមិនមែនស្ដាយនោះទេ។
មានរឿងជាច្រើន ដែលបានកើតឡើង មានរឿងជាច្រើន ដែលបានសាងឡើងមកជាមួយគ្នា វាគឺជាការចងចាំមួយ ព្រោះមនុស្សធ្លាប់ស្រឡាញ់ ប្រាកដជាធ្លាប់មានអារម្មណ៍ល្អៗ ព្រោះថា ស្នេហាចាស់ ក៏បានចាប់ផ្ដើមដោយចិត្តស្រឡាញ់ដែរ ដូច្នេះ គញមានអ្នកណា អាចបំភ្លេចគ្រប់យ៉ាងបានដោយងាយៗនោះឡើយ។ កុំនិយាយថា អាចភ្លេចគេបានហើយ កុំប្រាប់ថា មិនដែលចងចាំគេទេ ទោះអ្នកកុហកអ្នកដទៃបាន តែមិនអាចកុហកខ្លួនឯងបានឡើយ ... អាចភ្លេចបាន លុះត្រាតែយើងបាត់បង់ការចងចាំ ឬមានជំងឺចាស់វង្វេង...៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ