កុំចេះតែហ៊ាន! បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗមុនសម្រាល និងពេលសម្រាល​កូន​រួច មិន​ឱ្យផឹក​ថ្នាំ​ខ្មែរ

តាមជំនឿខ្មែរបុរាណ មុនសម្រាល និងក្រោយ​សម្រាលកូនរួច ​ស្រីៗ​តែងតែនិយម​ប្រើ​ថ្នាំ​ខ្មែរ ដែល​ផ្សំ​មក​ពី​មែក ឫស ស្លឹករុក្ខជាតិ​ផ្សេង​ៗ​យកទៅ​រម្ងាស់ រួច​យក​ទឹក​មក​ផឹក ដែលពួកគេជឿថាអាចជំនួយសុខភាពស្ត្រីដែលទើបតែសម្រាលរួច។ តែយ៉ាងណាបើតាមវិទ្យាសាស្ត្រការដាំរុក្ខជាតិផ្តេសផ្តាសទទួលទាន អាចធ្វើឱ្យស្ត្រី​ជួបនឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ជំទាស់ និង​ហាមប្រាម​ម៉ាក់​ៗមិន​ផឹក​ថ្នាំ​ខ្មែរ​ដាច់ខាត ព្រោះ​ថា​ថ្នាំ​ទាំង​នោះ​គ្មាន​ការ​ពិសោធន៍ មិន​ដឹង​ពី​ប្រភព​ច្បាស់លាស់។

#មុនសម្រាល

តាម​ទម្លាប់​ចាស់​បុរាណ តម្រូវ​ឲ្យ​ស្រីៗ​ប្រើ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល។ ការ​ញ៉ាំ​ថ្នាំ​ខ្មែរ​អំឡុង​ពេល​ពពោះៗ ចាស់ៗ​មាន​ជំនឿ​ថា កើត​កូន​ស្រួល ឈឺពោះ​មិន​យូរ​នោះ​ទេ ផ្ទុយ​ស្រឡះ​ទៅ​វិញ តាម​ក្បួន​ពេទ្យ​ហាម​ផ្តាច់​ចំពោះ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​គ្រូពេទ្យ​ហាម​ម៉ាក់ៗ​មិន​ឲ្យ​ញ៉ាំ​ថ្នាំ​ខ្មែរ​ថា ថ្នាំ​បុរាណ​ខ្មែរ​ដែល​ផ្សំ​ពី​ដើម ស្លឹក មែក ឬ​ឫស​រុក្ខជាតិ យក​ទៅ​ដាំ​ទឹក​ផឹក​នោះ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដល់​សុខភាព​ស្រីៗ​ពេល​ពពោះ​នោះ​ទេ តែ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ​ថែម​ទៀត។

ចំពោះ​ការ​លើក​ឡើង​ថា ផឹក​ថ្នាំ​បុរាណ ធ្វើ​ឲ្យ​កូន​កើត​ស្រួល​នោះ លោក​វេជ្ជបណ្ឌិត​អះអាង​ថា មិន​ពិត​នោះ​ទេ កត្តា​ដែល​ជំរុញ​ឲ្យ​ស្រីៗ​កើត​កូន​ស្រួល គឺ​ម៉ាក់ៗ​មាន​អាង​ត្រគាក​ធំ​ល្អ កូន​មិន​ថ្លោស​ពេក សុខភាពម្តាយល្អ ភាព​រហ័ស​រហួន​ពេល​ពពោះ រាងកាយ​មាំមួន មិន​មាន​ជំងឺប្រចាំកាយ​អ្វី​មក​ពាក់ព័ន្ធ។

ពពោះ ថ្នាំបុរាណ២

ផល​ប៉ះពាល់​នៃ​ការ​ប្រើ​ថ្នាំ​បុរាណ​ពេល​ពពោះ៖

– សុកក្រិន ស្អិតជាប់ស្បូន

– សុកអត់ធ្លាក់

– ទឹកភ្លោះមិនថ្លាល្អ

– មាត់ស្បួនមិនបើក

– កូនពិបាកកើត

– ធ្លាក់ឈាមខ្លាំង

– ឈាមរាវ

– កូនខ្សោយ ឬស្លាប់ក្នុងពោះ។

ពពោះ ថ្នាំបុរាណ១

#ក្រោយសម្រាល

បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា៖ “ថ្នាំពេទ្យ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​ឆ្លងកាត់​ការសិក្សា ឆ្លងកាត់​ការ​ពិសោធន៍ ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ ថា​ប៉ុន្មាន​មិល្លីក្រាម លេប​បាន​ប៉ុន្មាន​ដង។ តែ​បើ​ថ្នាំ​ខ្មែរ​វិញ​ចេះ​តាម​គ្នា​ថា ​ដាក់​មួយ​ឆ្នាំង ទឹក​៣ យក​ទឹក១ បែប​នេះ​មិន​ដឹង​ថា​មាន​ន័យ​យ៉ាង​ម៉េច បាន​លទ្ធផល​យ៉ាង​ម៉េច”។

លោកជំទាវ​វេជ្ជបណ្ឌិត​ដែល​ធ្វើការ​នៅ​វិស័យ​សុខាភិបាល​ជាង ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា ថ្នាំ​ដែល​មិន​បាន​យក​មក​វិភាគ ឬ​សិក្សា​ត្រឹមត្រូវ​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើ​បែក​គ្រាប់​ឈាម។ ម្យ៉ាង​ទៀត​ថ្នាំ​ខ្លះ​អាច​បណ្ដាលឲ្យ​ម៉ាក់​ៗ​ស្ទះ​តម្រង​នោម ឬ​នោម​មក​ឈាម​ក៏​មាន​ដែរ ក្ដៅ​ក្រហល់ក្រហាយ សន្លប់​ស្ដូកស្ដឹង​ទៀត​ផង។

មិន​ត្រឹម​ប៉ះពាល់​ដល់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ករណី​ខ្លះ​ទៀត​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ អាច​បណ្ដាលឲ្យ​កូន​ស្គមស្គាំង រាករូស និង​ហើមពោះ​ផង​ដែរ ព្រោះ​ទឹកដោះ​មាន​សារជាតិ​ចិញ្ចឹម​មិន​គ្រប់គ្រាន់​បណ្ដាលមកពី​ការ​ប្រើ​ថ្នាំ​ខ្មែរ។ សម្រាប់​ម៉ាក់ៗ​ដែល​កំពុង​ពពោះ​ក៏​មិន​ត្រូវ​ផឹក​ថ្នាំ​ឆ្នាំង ឬ​ថ្នាំ​ផ្សេង​ពី​រុក្ខជាតិដែរ ព្រោះ​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ពោះ​មាន​បញ្ហាទឹកភ្លោះ​ជាដើម៕

ថ្នាំខ្មែរ

ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត

|ដោយ ទ្រី រ៉ាវី Medical news for Cambodia