ដើមឈើពីរប្រភេទ ដែលមានការជាប់ពាក់ព័ន្ធនឹងជីវិតរបស់ព្រះសម្មាសម្ពុទ្ធ គឺដើមសាលព្រឹក្ស និងដើមពោធិព្រឹក្ស។ ព្រះពុទ្ធអង្គទ្រង់ប្រសូត និងទ្រង់បរិនិព្វាន នៅក្រោមដើមសាលព្រឹក្ស និងទ្រង់ត្រាស់ដឹងក្រោមដើមពោធិព្រឹក្ស។ ប៉ុន្តែបើទោះបីជាប្រជាពលរដ្ឋមានជំនឿលើដើមឈើទាំងពីរនេះក៏ពិតមែន ក៏ដើមឈើទាំងពីរប្រភេទនេះ មិនសូវមានដាំដុះកុះករច្រើនកន្លែងដូចដើមឈើដទៃដែរ។
កាលពីបុរាណសម័យ ដើមឈើទាំងពីរនេះមានដើមកំណើត នៅឯប្រទេសឥណ្ឌា មិនមានក្នុងប្រទេសខ្មែរយើងទេ។ ទើបតែសម័យក្រោយៗមក ទើបដើមឈើទាំងពីរនេះនាំមកកម្ពុជា។ ហើយដើមឈើទាំងពីរនេះ ច្រើនតែដាំក្នុងវត្តអារាម (មាននៅដាំព្រះបរមរាជវាំងមួយដើម) មិនសូវដាំពោរពាសតាមកន្លែងផ្សេងៗនោះទេ ព្រោះប្រជាពលរដ្ឋខ្មែរមានជំនឿថា ដើមឈើនេះ ទល់តែដាំក្នុងវត្ត ទើបពូកែសក្តិសិទ្ធិ ប្រសិនបើដាំនៅក្រៅទីវត្តអារាម មិនសូវពូកកែសក្ដិសិទ្ធិឡើយ។ ពិសេសមិនថានៅកម្ពុជាយើងនោះទេ សូម្បីតែនៅប្រទេសឥណ្ឌា និងប្រទេសនានានៅអាស៊ីអាគ្នេយ៍យើង ដោយគេនិយមដាំតែក្នុងវត្តអារាមដែរ ព្រោះដើមឈើទាំងពីរនេះ ទាក់ទងនឹងពុទ្ធសាសនា។
តែទោះជាយ៉ាងណាក៏ដោយ ដើមឈើប្រភេទនេះហៅបានបីយ៉ាង ដើមសាលព្រឹក្ស ឬ អស្សកណ្ណព្រឹក្ស ឬ សជ្ជព្រឹក្ស តែខ្មែរភាគច្រើនហៅថា ដើមរាំងភ្នំ ជាពាក្យខុស ដូច្នេះឈប់បន្តយល់ច្រលំហៅឈ្មោះខុសទៀតអី។
គួរឱ្យដឹងផងដែរថា នៅស្រុកយើងសំបូរដើមសាលព្រឹក្សណាស់ ជាពិសេសគេយកហាលអោយស្ងួត
ដាំទឹកផឹកសំរាប់ស្រ្តីពោះធំអោយស្រួលសំរាលកូន។ មានអ្នកខ្លះថាផ្កាវាហាលដាំទឹកហូបអាចជួយឲ្យឆ្លងទន្លេស្រួល ហើយក៏មានអ្នកខ្លះថាមិនល្អទេសម្រាប់អ្នកមានផ្ទៃពោះ។
អត្ថប្រយោជន៍ព្យាបាលជំងឺ៖
*ផ្នែកប្រើប្រាស់ៈ ស្ទោះសំបក (ហាលថ្ងៃអោយស្ងួត)
*វិធីប្រើៈ ដាំទឹកផឹក
*ការព្យាបាលកបនឹងជម្ងឺៈ រាគមួល, គ្រុនចាញ់, កញ្ជ្រឹល
វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកពី ១៥-៣០ ក្នុងមួយថ្ងៃ។
ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង៕