សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននឹងកំពុងតែផ្អើលនាំគ្នាជិះកង់ ទាំងការកម្សាន្តលេង និងការហាត់ប្រាណដើម្បីសុខភាព ដោយសារតែការជិះកង់នេះមិនត្រឹមតែអាចកាត់បន្ថយចំណាយលើការចាក់សាំងនៅក្នុងយានជំនិះ ការជិះកង់ក៏បានរួមចំណែកជួយការពារថែរក្សាបរិស្ថាន កាត់បន្ថយផ្សែងពុល និងសម្លេងរំខានបំពុលសង្គមបានផងដែរ។
បន្ថែមពីការជួយដល់សង្គម និងបរិស្ថាននោះ ការជិះកង់ក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយទាំងមូលទៀតផង។
តោះ! មកដឹងពីអត្ថប្រយោជន៍ជាច្រើននៃការជិះកង់ ខាងក្រោមនេះ ៖
១. ជួយឱ្យគេងលក់ស្រួល
ការជិះកង់ ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន និងឆាប់ងងុយគេងជាងមុនដល់ទៅជាង ១ម៉ោង ឬ ២ម៉ោង ថែមទាំងការពារ និងព្យាបាលជំងឺកេងមិនលក់បានទៀតផង។
២. ជួយឱ្យក្មេងជាងវ័យ
ការជិះកង់ជួយឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹម នៅក្នុងរាងកាយធ្វើការដឹកជញ្ជូនបានល្អប្រសើរ អាចពន្លឿនការផលិតខូឡាជែន (collagen) ជំនួយដល់ស្បែក ថែមទាំងជួយកាត់បន្ថយស្នាមជ្រួញលើផ្ទៃមុខ ធ្វើឱ្យស្បែកស្រស់ថ្លា និងក្មេងខ្ចីជាងមុន តែកុំភ្លេចលាបក្រែមការពារស្បែកពីកំដៅថ្ងៃផង។
៣. ជួយបញ្ចេញជាតិពុល
ការជិះកង់នឹងជួយជម្រុញអាហារនៅក្នុងពោះវៀនធំរបស់យើងធ្វើការដុតរំលាយបានយ៉ាងលឿន និងអាចស្រូបយកជាតិទឹកបានល្អជាងមុន ។ ពិសេសអាចជួយរំញោចដំណើរការ នៃដំណកឱ្យគេងលក់ស្រួល ធ្វើឱ្យដង្ហើម បេះដូង និងពោះវៀនដំណើរការបានល្អ ជួយឱ្យអារម្មណ៍ស្រស់ថ្លា ស្រួលខ្លួន តាមរយៈការបញ្ចេញញើស ថែមទាំងអាចការពារ ទប់ទល់ និងប្រឆាំងនឹងជំងឺមហារីកពោះវៀនបានផងដែរ។
៤. ជំនួយសុខភាពខួរក្បាល
អ្នកជិះកង់ជាប្រចាំមានសមត្ថភាពខួរក្បាលល្អ ជំនួយការគិតបានល្ជជាងមុន បង្កើនការចងចាំឱ្យល្អជាងមុន ពិសេសថែមទាំងអាចជួយការពារជំងឺភ្លេចភ្លាំងបានទៀតផង។
៥. ពង្រឹងសមត្ថភាពផ្លូវភេទ
ការជិះកង់ធ្វើឱ្យឈាមរត់បានស្រួលសព្វល្អទាំងរូបរាងកាយទាំងមូល និងជួយបង្កើនចំណង់ផ្លូវភេទដល់មនុស្សផងដែរ។ តាមការសិក្សាក៏បានបង្ហាញថា អ្នកដែលមានបញ្ហាផ្លូវភេទអស់រយៈពេល ៤-៥ ឆ្នាំមកហើយ ក៏កើតមានឡើងវិញ ក្រោយពីបានចំណាយពេលជិះកង់មួយរយៈមក។ បន្ថែមពីនេះ បុរស ឬស្រ្តីដែលបានជិះកង់ជាប្រចាំអាចបង្កើនចំណង់ផ្លូវភេទបានច្រើនជាង ៣០%ឯណោះ ទោះបីជាពួគគេមានអាយុច្រើនក៏ដោយ។
៦. សុខភាពល្អ និងបង្ការហានិភ័យជំងឺផ្សេងៗ
អ្នកដែលបានជិះកង់ជាប្រចាំត្រឹមតែ៤៥នាទី និង៣ដងក្នុងមួយអាទិត្យ គឺមានសុខភាពល្អ និងមានអាយុវែងជាងអ្នកដែលមិនបានជិះកង់ហាត់ប្រាណរហូតដល់ទៅ៩ឆ្នាំ។ នោះក៏ដោយសារតែការជិះកង់ជួយឱ្យប្រព័ន្ធឈាមរត់ និងប្រព័ន្ធផ្លូវដង្ហើមមានដំណើរការល្អ បេះដូង និងសួតមានសុខភាពល្អ ជួយកាត់បន្ថយជំងឺសម្ពាធឈាម ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីកផ្សេងៗ ហើយថែមទាំងជួយបន្ថយហានិភ័យ នៃជំងឺបេះដូងបានច្រើនជាង៥០%។
៧. សម្រកទម្ងន់ និងបង្កើនសាច់ដុំ
ការជិះកង់ អាចជួយដុតរំលាយជាតិខ្លាញ់ នៅក្នុងរាងកាយបានយ៉ាងល្អ ព្រោះការជិះកង់នេះបានធ្វើឱ្យរាងកាយធ្វើចលនាមួយតួខ្លួន រាងកាយនឹងចាប់ផ្តើមធ្វើការដុតកម្ទេចជាតិខ្លាញ់ និងបំផ្លាញសារធាតុខ្លាញកកទាំងប៉ុន្មានរាប់សិបឆ្នាំ ឱ្យរលាយចេញមកក្រៅទាំងអស់។ ដូច្នេះបើអ្នកនិយមជិះជាប្រចាំនោះអ្នកនឹងអាចបញ្ចុះខ្លាញ់លើសបានគ្មានសល់ ថែមទាំងអាចបង្កើនសាច់ដុំមកវិញផងដែរ។
៨. កាត់ស្រ្តេស
ប្រសិនជាអ្នកមានអារម្មណ៍ធុញថប់ នឿយណាយ តានតឹង បាក់ទឹកចិត្ត ឬជួបប្រទះនូវបញ្ហាលំបាកស្មុគស្មាញណាមួយ ជិះកង់អាចជួយបំបាត់បញ្ហាទាំងអស់នេះបាន ព្រោះនៅពេលដែលអ្នកបានចេញមកខាងក្រៅ ប៉ះជាមួយនឹងធម្មជាតិស្រស់បំព្រងទុក្ខកង្វល់ក៏បានរសាត់ទៅឆ្ងាយមួយកម្រិតផងដែរ ហើយការបញ្ចេញញើស បញ្ចេញជាតិពុលធ្វើឱ្យរាងកាយស្រស់ថ្លា ខួរក្បាលអាចគិតឃើញរឿងអ្វីល្អៗ ឬអាចរកដំណោះស្រាយល្អមួយប្រសើរក៏ថាបាន។
៩. មានមិត្តកាន់តែច្រើន
សម័យនេះការជិះកង់ចាត់ទុកថាគឺជាផ្នែកមួយ នៃការអភិវឌ្ឍន៏ចំណងមិត្តភាពជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗ និងកន្លែងខុសៗគ្នា។ ព្រោះការជិះកង់ អ្នកនឹងបានជួបមនុស្សជាច្រើននាក់ ដែលមកពីតំបន់ខុសៗគ្នា វ័យផ្សេងៗគ្នា និងការងារខុសៗគ្នា ដោយម្នាក់ៗសុទ្ធតែមានស្នាមញញឹម ភាពរីករាយ សេចក្តីសុខ និងបទពិសោធន៍ខុសៗគ្នាសម្រាប់ចែករំលែក ដល់គ្នាទៅវិញទៅមកផងដែរ៕
១០. ធ្វើឱ្យឆ្អឹងនិងសន្លាក់រឹងមាំ
ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏ងាយនិងមានប្រសិទ្ធភាពបំផុតមួយដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង រួមទាំងបញ្ហារលាកឈឺចាប់សន្លាក់។ ហើយការជិះកង់ជាលំហាត់ប្រាណកម្រិតស្រាលមួយដែលសាកសមបំផុតដែលអ្នកគួរសាកល្បងដើម្បីពង្រឹងសុខភាពឆ្អឹង និងសន្លាក់។