« ស្លឹកគ្រៃគ្រឿង » រុក្ខជាតិមួយបែបដែលមិនសូវមានអ្នកស្គាល់តែមានប្រយោជន៍ខ្លាំងការពារសត្វល្អិត សត្វពិសសាហាវ ថែមទាំងការពារផ្លូវងងឹតទៀត

បើនិយាយពីស្លឹកគ្រៃធម្មតា ​ប្រហែលជាមានមនុស្សជាច្រើនសុទ្ធសឹងតែបានស្គាល់ថា ​ស្លឹកគ្រៃគឺជាគ្រឿងទេសន៍របស់ខ្មែរយើងដែលមិនអាចខ្វះបាន ​ក្នុងរឿងដាំស្ល ធ្វើម្ហូបអាហារ ​ពិសេសស្លឹកគ្រៃ ​និងគល់ស្លឹកគ្រៃនេះ ក៏មានប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្នុងការទទួលទាន  ឬអាចដាំជាទឹកតែគ្រៃស្រស់ៗទទួលទានក៏អាចជំនួយសុខភាព ​ការពារ ​និងព្យាបាលផ្តាសាយបានល្អផងដែរ។

ទន្ទឹមនឹងនេះ ការពិតទៅស្លឹកគ្រៃនេះ មានមួយប្រភេទទៀតដែលគេឱ្យឈ្មោះថា ​«ស្លឹកគ្រៃគ្រឿង» ​ដែលមានរូបរាង សឹងតែដូចស្លឹកគ្រៃធម្មតាបេះបិទ ​តែគល់របស់វាមានពណ៌ក្រហមបែកស្វាយ ​ឯក្លិនវិញគឺឈួលខ្លាំងជាស្លឹកគ្រៃយើងធម្មតា ​ពោលមិនខុសពីឈ្មោះរបស់វានោះទេ ​ស្លឹកគ្រៃគ្រឿងនេះ មានក្លិន និងរសជាតិចម្រុះគ្នា ​ដូចគ្រឿងដែលបុកហើយសម្រាប់ដាំស្លយ៉ាងអីចឹង ​មានលាយទាំងក្លិន ​រំដេង ​រមៀត និងខ្ជាយ...ល.ជាដើម។

12

10

«ស្លឹកគ្រៃគ្រឿង» នេះមិនសូវជាមានអ្នកស្គាល់ច្រើនទេ  ពោលអ្នកស្រុកស្រែចម្ការខ្លះសឹងតែមិនស្គាល់ផង  តែការពិតទៅរុក្ខជាតិមួយនេះពិតជាមានគុណប្រយោជន៍ខ្លាំងណាស់ ដោយគុណប្រយោជន៍ការទទួលទានវាខាងក្នុងដូចគ្នានឹងស្លឹកគ្រៃធម្មតាដែរ ​តែគ្រាន់តែមិនសូវមានអ្នកទទួលទានដោយសារតែវាមានក្លិនឈួលខ្លាំង ​តែសម្រាប់អ្នកទាល់ខ្លាំងនៅក្នុងការដាំស្លរកគ្រឿងបុកមិនទាន់ ក៏អាចញីស្លឹកនេះស្លរជំនួសបានមួយពេលៗទៀតផង។

7

4

នៅក្នុងកសិកម្ម «ស្លឹកគ្រៃគ្រឿង» ​ត្រូវបានគេស្គាល់ថាមានគុណប្រយោជន៍ដូចជាថ្នាំការពារសត្វ ​និងសត្វល្អិតគ្រប់ប្រភេទ ដោយសារតែក្លិនរបស់វា អាចការពារមិនឱ្យសត្វគោ ក្របី ​ចូលមកបំផ្លាញស៊ីដំណាំ និងស្រូវបានឡើយ  ហើយក៏អាចការពារសត្វល្អិតគ្រប់ប្រភេទ រួមទាំងសត្វពិសសាហាវបានថែមទៀតផង។ នៅក្នុងនោះក៏មានកសិករខ្លះដាំ «ស្លឹកគ្រៃគ្រឿង» នេះជុំវិញចម្ការ ​ការពារសត្វល្អិត ​សត្វចង្រៃ និងសត្វពិសសាហាវ ​ឯកសិករខ្លះទៀត បានយក «ស្លឹកគ្រៃគ្រឿង» នេះមកចិញ្ច្រាំឱ្យល្អិតបាចទៅលើដីដំណាំដែលមិនត្រឹមជាជីរឱ្យដំណាំលូតលាស់ល្អ ​ថែមទាំងការពារសត្វល្អិតថែមទៀតផង។

8

ចំណែកនៅក្នុងជំនឿរបស់ខ្មែរយើង «ស្លឹកគ្រៃគ្រឿង» នេះ មានប្រសិទ្ធភាពអាចការពារ និងបន្សាបអាគមផ្លូវងងឹតបាន ​អាចបង្ក្រាប និងការពារខ្មោច ព្រាយ បិសាច និងព្រលឹងអរូបីដែលមិនល្អមានបំណងយាយីបានផងដែរ ​ពោលមិនខុសពីស្លឹកទទឹមដែលជាជំនឿរបស់ជនជាតិចិននោះឡើយ ​ដែលគ្រួសារនីមួយៗគួរតែដាំ «ស្លឹកគ្រៃគ្រឿង» នៅមុខផ្ទះ ​ឬបរិវេណផ្ទះគឺកាន់តែប្រសើរ៕

អត្ថបទ៖ រក្សាសិទ្ធដោយ ក្នុងស្រុក ​(ហាមធ្វើការចម្លងបន្តដោយគ្មានការអនុញ្ញាតិ)

13

11

1

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: