ប្ដីប្រពន្ធមួយចំនួនប្រហែលជាមិនបានដឹងពីបញ្ហារ៉េស៊ីសឈាម (+) (-) របស់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កូននោះទេ។ តើបញ្ហានោះគ្រោះថ្នាក់យ៉ាងម៉េចទៅ? កូនមិនអាចវិវត្តបាន ឬយ៉ាងណា?
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ដៃគូដែលមានរ៉េស៊ីសឈាមផ្ទុយគ្នា ពេលមានកូនដំបូងមិនមានបញ្ហាទេ តែកូនបន្តបន្ទាប់ទៀតអាចនឹងរលូត។ សម្រាប់បុរសដែលមានរ៉េស៊ីសឈាម (-) មិនជាបញ្ហាឡើយ តែសម្រាប់ស្ត្រីមានរ៉េស៊ីសឈាម (-) មានបញ្ហាប្រឈមខ្លាំង ពោលបើកូនដំបូងមិនមានបញ្ហាទេតែបើមានកូនក្រោយៗទៀតអាចរលូត ដែលបញ្ហានេះជួបច្រើនករណីណាស់។
ទោះជាមានបញ្ហាប្រឈមបែបនេះក្ដី តែគ្រូពេទ្យនៅមានដំណោះស្រាយដោយឲ្យថ្នាំអ៊ីមីណូគ្លូបូលីនសម្រាប់ផ្ដល់ឲ្យស្ត្រី បើដឹងថាខ្លួនមានរ៉េស៊ីសឈាម (-) ក្រោយសម្រាលកូនមិនលើសពី ២៤ ម៉ោង គ្រូពេទ្យនឹងចាក់ថ្នាំនេះ ដើម្បីការពារកូនបន្ទាប់ទៀត ហើយពេលមានកូនបន្តបន្ទាប់ទៀតនឹងអនុវត្តបែបនេះរហូត ដើម្បីចៀសវាងមិនឲ្យកូនមានបញ្ហា។
សម្រាប់បញ្ហាដែលកើតមានចំពោះទារកដែលមានម៉ាក់ឈាមរ៉េស៊ីស (-) នេះ ហើយមិនបានទទួលថ្នាំ អ៊ីមីណូគ្លូបូលីនកូនលើកក្រោយអាចមិនវិវត្ត ហើយទារកខ្លះទៀតគ្រប់ខែហើយ តែកើតមកបែរជាស្លាប់។ ចំណែកផលវិបាករបស់ម៉ាក់ៗខ្លួនឯង ក្នុងពេលសម្រាលកូនប្រសិនបើមានធ្លាក់ឈាមគឺអាចមានបញ្ហាធ្ងន់ធ្ងរ ហើយពិបាករកក្រុមឈាមដូចគ្នាណាស់។
បញ្ហាមួយទៀត នៅពេលដែលដៃគូគ្មានកូន គេក៏អាចស្រាវជ្រាវពីប្រភេទឈាមដែលមកពីការមិនត្រូវគ្នារបស់ក្រុមឈាម។ ដោយគ្រូពេទ្យត្រូវពិនិត្យយ៉ាងយកចិត្តទុកដាក់ពីរ៉េស៊ីសឈាម និងបន្តធ្វើ DNA តែរឿងនេះមិនសូវសម្បូរឡើយ៕
ដោយ Dr.ទ្រី រ៉ាវី
ត្រួតពិនិត្យដោយ Dr.ចាន់ ស៊ីណេត
#Medical_news_for_Cambodia
ប្រភព ពី cambodia medical laboratory