វាជាការពិត ការជ្រើសរើសគូជីវិត គឺជារឿងដែលធំសម្រាប់មនុស្សគ្រប់រូប ព្រោះវាជាការទទួលយកមនុស្សថ្មី ដែលជាអ្នកដទៃសុទ្ធសាធ ឱ្យចូលមករួមដំណើរជីវិតពាក់កណ្ដាលទៅមុខទៀតជាមួយនឹងយើង។
យ៉ាងណាមិញ ស៊ូរៀបការយឺត ប្រសើរជាងរៀបការខុស ៖
- កុំព្រោះតែមានគំនិត និងអារម្មណ៍មួយឆាវ បែរជាទទួលយកមនុស្សដែលត្រឹមតែទាក់ចិត្តអ្នកមួយពេល ...។
- កុំព្រោះតែមានអារម្មណ៍ ហើយគិតថាខ្មាសគេ គេស្រករខ្លួន ឬអាយុតិចជាងខ្លួន គេរៀបការ មានគ្រួសារ មានកូនពរអស់ហើយ នៅឡើយតែខ្លួនឯង មិនទាន់ដឹងឯណាឯណី តែត្រូវដឹងថា អ្នកដែលរៀបការទាំងអស់នោះ មិនប្រាកដថា គេមានក្ដីសុខជាងយើងនោះទេ ...។
- កុំព្រោះតែតាមចិត្ត និងបំពេញបំណងឪពុកម្ដាយ បែរជាសម្រេចចិត្តរៀបការ ទាំងដឹងថា ខ្លួនឯងមិនពេញចិត្ត ឬម្នាក់នោះមិនល្អ បែរជាយកអនាគតខ្លួនឯង ទៅព្រលែងចោលកណ្ដាលទី ...។
- កុំព្រោះតែចង់អួត ឬប្រកួតប្រជែងនឹងមនុស្សក្បែរខ្លួន ខ្លាចគេថាខ្លួនក្រមុំចាស់ បែរជាបង្ខំខ្លួនឯងឱ្យជ្រើសយកនរណាម្នាក់ ទាំងដែលខ្លួនមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ឬច្បាស់លាស់ក្នុងការសាងជីវិតគូ ... ។
ទោះជាយ៉ាងណាក៏ដោយ ស្រីៗត្រូវចាំថា មិនដែលមានមនុស្សស្រីណា ស្លាប់ដោយសារតែគ្មានស្នេហា ឬរៀបការយឺតជាងគេនោះទេ ប៉ុន្តែក្នុងសម័យនេះ គឺមានមនុស្សស្រីច្រើនណាស់ ដែលរស់នៅក្នុងជីវិតគ្រួសារដែលមានតែឈ្មោះ ជីវិតរស់ដូចជាស្លាប់ ព្រោះតែជ្រើសរើសបានគូជីវិតដែលខុស ជ្រើសប៉ះចំមនុស្សដែលមិនល្អ ដោយសារតែគំនិត គិតមិនបានវែងឆ្ងាយ នាំឱ្យខ្លួនឯងសោកស្ដាយ និងមាវិប្បដិសារី ចុងក្រោយមានអ្វី ជម្រើសតែ២ប៉ុណ្ណោះគឺ លែងគ្នា មានឈ្មោះថាជាស្ត្រីមេម៉ាយ ហើយត្រូវរៀបការម្ដងហើយម្ដងទៀត និងសុខចិត្តទ្រាំបៀមទុក្ខគ្រាំគ្រា ជាមួយមនុស្សដែលមិនដែលឱ្យតម្លៃ និងសុភមង្គលនៅក្នុងគ្រួសារ៕
អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធិ)