ពាក្យថាស្រឡាញ់ អាចនឹងស្រួលនិយាយណាស់ ប៉ុន្តែអ្វីដែលសំខាន់ តើគេព្រមឱ្យយើងចូលទៅក្នុងពិភពនៃជីវិតរបស់គេដែរទេ?

មនុស្សច្រើនណាស់ ដែលព្រមនិយាយពាក្យថា ស្រឡាញ់ មកកាន់យើង ហើយគេក៏អាចនិយាយពាក្យនេះ ទៅកាន់មនុស្សជាច្រើននាក់ផ្សេងដែរ ដែលយើងមិនអាចដឹងទេថា តើគេនិយាយទៅកាន់អ្នកណាខ្លះ? ហើយយើងជាមនុស្សទីប៉ុន្មានសម្រាប់គេ ដែលគេនិយាយពាក្យនេះមកកាន់យើង។

ពាក្យថា ស្រឡាញ់ មិនស្មើនឹងទង្វើ បង្ហាញពីក្ដីស្រឡាញ់នោះឡើយ ដូច្នេះហើយ មានមនុស្សជាច្រើនដែលទទួលបានពាក្យថាស្រឡាញ់ ប៉ុន្តែមិនដែលទទួលបាន ទង្វើនៃក្ដីស្រលាញ់ទេ។ ពេលខ្លះ គ្រាន់តែនិយាយ វាមិនមានអ្វីដែលពិបាកឡើយ ប៉ុន្តែ បើឱ្យធ្វើទង្វើ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ទើបជារឿងដែលពិបាក ព្រោះមនុស្សយើង មិនអាចបង្ខំខ្លួនឯង ឱ្យធ្វើនូវទង្វើដែលផ្ទុយពីចិត្តរបស់ខ្លួនចង់បានទេ។

116582473_1070554930013425_8449974410174725370_o

ប៉ុន្តែយ៉ាងណាមិញ ទង្វើនៃសេចក្ដីស្រឡាញ់ ក៏មិនស្មើនឹងការអនុញ្ញាតរបស់គេ ព្រមឱ្យយើងចូលទៅក្នុងពិភពនៃជីវិតរបស់គេដែរឬអត់? មនុស្សខ្លះ ស្រឡាញ់យើងមែន ធ្វើគ្រប់យ៉ាងដើម្បីយើងមែន ប៉ុន្តែជាក់ស្ដែង ក្នុងដែនខណ្ឌដែលចូលទៅក្នុងពិភពនៃជីវិតផ្ទាល់ខ្លួនរបស់គេ គឺគេចាក់សោរជាប់ មិនឱ្យយើងចូលទៅជ្រៅបានឡើយ នេះហើយដែលជាសញ្ញាបញ្ជាក់ថា គេស្រឡាញ់យើង តែគេមិនបានប្រាកដថានឹងដើរជាមួយយើងពេញមួយជីវិតរបស់គេឡើយ គេអាចនឹងនៅមានកម្រិតមួយដែលចង់បាន មិនមែនយើង គេអាចនឹងមានអ្វីម្យ៉ាងដែល មិនអាចឱ្យយើងចូលទៅពិភពនៃជីវិតផ្ទាល់ខ្លួនគេបានទេ។

ជាក់ស្ដែងណាស់ មនុស្សខ្លះ គ្រាន់តែស្រឡាញ់យើងត្រឹមតែមួយគ្រា ឬមួយពេលតែប៉ុណ្ណោះ គេត្រូវការរក្សាពិភពនៃជីវិតផ្តាល់ខ្លួនរបស់គេ ដើម្បីដើរបន្ត ទៅរកម្ចាស់ពិតប្រាកដ នៃពិភពមួយនេះ ដែលមិនមែនជាយើងនោះឡើយ។

ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ ព្រមអនុញ្ញាតឱ្យយើងដើរចូលទៅក្នុងពិភពនៃជីវិតផ្ទាល់ខ្លួនរបស់គេ ព្រមឱ្យយើងក្លាយជាម្ចាស់ពិភពផ្ទាល់ខ្លួនរបស់គេ គឺច្បាស់ណាស់ថា ស្លាប់ ឬរស់ គឺយើងជាអ្នកកំណត់ឱ្យគេហើយ គេក៏មិនខ្លាចនឹងស្លាប់ដើម្បីយើងនោះដែរ គេក៏បានព្រមទទួលយកគ្រប់យ៉ាង និងលះបង់គ្រប់យ៉ាងដើម្បីយើងពេញមួយជីវិត៕

117152399_164432825187963_7262994525676434721_o

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)