បើអ្នកជាមនុស្សប្រុសល្អ ជាប្ដីល្អ ជាឪពុកល្អ អ្នកនឹងមិនធ្វើឱ្យប្រពន្ធកូនទឹកភ្នែក គ្រាំចិត្តដោយសារតែអ្នកនោះឡើយ។
អ្នកប្រហែលជាមានអារម្មណ៍ថាសោយសុខ សប្បាយរីករាយ រីកថ្លើមប្រម៉ាត់ហើយ នៅពេលដែលអ្នកចេញក្រៅផឹកស៊ី មានស្រីញី ទុកគ្រាន់ឱបថើបបំពេញតណ្ហា និងការសប្បាយរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលចេះគិត មានការពិចារណា មានខួរក្បាលជាមនុស្ស អ្នកនឹងនឹកឃើញរូបភាពដែលប្រពន្ធរបស់អ្នក នាងកំពុងតែឱបកូនយំ ទាំងអារម្មណ៍ឈឺចាប់ ព្រោះតែអ្នកក្បត់ចំណងអាពាហ៍ពិពាហ៍ អ្នកនឹងមិនសប្បាយនឹងឱបថើបស្រីខាងក្រៅទៀតនោះឡើយ។
ប៉ុន្តែ ប្រសិនបើអ្នកមិនដែលដុសខាត់ខួរក្បាលអ្នកនោះទេ អ្នកក៏នឹកមិនឃើញប្រពន្ធកូនដែរ តែអ្នកត្រូវដឹងថា កូនមិនអាចហែលទឹកភ្នែកម្ដាយ ប្ដីក៏មិនអាចហែលទឹកភ្នែកប្រពន្ធរួចដូចគ្នា។ អ្នកធ្វើឱ្យនាងទឹកភ្នែក ឈឺចាប់គ្រាំចិត្ត ថ្ងៃណាមួយ អ្នកនឹងទទួលផលកម្មដែលអ្នកបានប្រព្រឹត្ត។
ប្រពន្ធអ្នក នាងប្រហែលជាឈឺចាប់ ទឹកភ្នែកដោយសារតែអ្នកមួយពេល ឬមួយរយៈប៉ុណ្ណោះ ព្រោះនាងនៅទន់ជ្រាយ ប៉ុន្តែ ប្រសិនបើភាពចោលម្សៀតរបស់អ្នក បានធ្វើឱ្យនាងឈឺចាប់ឆ្អែតឆ្អន់គ្រប់គ្រាន់ហើយនោះ អ្នកក៏លែងមានតម្លៃអ្វី ធ្វើឱ្យនាងទឹកភ្នែកដោយសារតែអ្នកទៀតហើយ។
តទៅថ្ងៃក្រោយ អ្នកដែលមានអារម្មណ៍ថា សោកស្ដាយ និងវិប្បដិសារីបំផុត គឺជាអ្នកខ្លួនឯង ដែលមានប្រពន្ធល្អ កូនល្អ មានគ្រួសារមួយដែលល្អពេញលេញ តែអ្នកមិនគិតថែរក្សា សប្បាយហ៊ឺហា ឱបថើបស្រីខាងក្រៅ សប្បាយលើគំនរទុក្ខ គំនរទឹកភ្នែករបស់ប្រពន្ធកូន មួយជីវិតនេះ អ្នកបាបធ្ងន់ណាស់ ចង់លាងក៏មិនជ្រះ ចង់ហែលក៏មិនផុតដែរ។ បំផ្លាញទំនុកចិត្ត បំផ្លាញជីវិតរបស់មនុស្សស្រីម្នាក់ ថ្ងៃណាមួយ អ្នកនឹងស្ដាយក្រោយ ហើយនឹកឃើញរាល់ទោសកំហុសរបស់អ្នកខ្លួនឯង។ នាងប្រហែលមិនដាក់បណ្ដាសាអ្នកទេ ប៉ុន្តែអ្វីដែលអ្នកបានធ្វើទៅលើនាង អ្នកនឹងទទួលដោយខ្លួនឯង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ