ធ្លាប់ឆ្ងល់មែនទេថា ហេតុអ្វីមនុស្សស្រី តែងតែងាយរងការឈឺចាប់ ក្នុងរឿងស្នេហា ខ្លាំងជាងមនុស្សប្រុស

ជាការពិត មនុស្សស្រី មុននឹងដាក់កាយ ដាក់ចិត្ត ទៅស្រឡាញ់នរណាម្នាក់ គឺនាងបានប្រើមនោសញ្ចេតនា និងបេះដូង ស្ទើរតែ២០០% ទៅលើមនុស្សម្នាក់នោះ នាងអាចនឹងមិនងាយស្រឡាញ់ តែនាងក៏មិនងាយនឹងអាចបំភ្លេច ឬបោះបង់ចោលមនុស្សដែលនាងស្រឡាញ់ដែរ។ ដែលខុសពីមនុស្សប្រុស ឆាប់ដាក់ចិត្តស្រឡាញ់ ងាយលង់ចិត្ត ហើយក៏ងាយនឹងណាយចិត្ត ឆាប់បោះបង់ផងដែរ។

ហេតុដែលនាំឱ្យមនុស្សស្រីងាយនឹងរងការប៉ះទង្គិច ឆាប់ឈឺចាប់ក្នុងរឿងស្នេហា គឺដោយសារតែនាងប្រើបេះដូង និងមនោសញ្ចេតនាច្រើនជាងខួរក្បាល ក្នុងការចាប់ផ្ដើមស្នេហា ឬទទួលយកនរណាម្នាក់។ ចំណែកឯមនុស្សប្រុសវិញ ភាគច្រើនគឺប្រើខួរក្បាលក្នុងការចាប់ផ្ដើមស្នេហាជាមួយនឹងនារីណាម្នាក់ គេអាចនឹងគិតលឿនឆាប់រហ័ស ហើយក៏ឆាប់ផ្លាស់ប្ដូរគំនិតក្នុងរឿងស្នេហាដែរ។

116367964_2835304740035536_6272905791073393369_n

ប៉ុន្តែមានចំណុចពិសេសមួយដែល មនុស្សស្រីមិនងាយស្រឡាញ់ មិនងាយដាក់ចិត្ត ក៏មិនងាយបោះបង់ ប៉ុន្តែប្រសិនបើនាងអស់ចិត្ត ឬលែងមានអារម្មណ៍ លែងមានមនោសញ្ចេតនា បេះដូងចាប់ផ្ដើមអស់ការស្រឡាញ់ហើយនោះ នាងក៏លែងនឹកនា ឬឈឺចាប់ទៅថ្ងៃក្រោយដែរ។ មិនដូចមនុស្សប្រុសទេ បើទោះបីជាគេងាយស្រឡាញ់ ហើយងាយបញ្ឈប់ក៏ពិតមែន តែជាក់ស្ដែង គឺខួរក្បាលដក់ជាប់នូវរូបភាពទាំងអស់ ដូច្នោះហើយ បើថ្ងៃក្រោយទៅ គេនឹកឃើញរូបភាពទាំងឡាយ គេនឹងចាប់ផ្ដើមសោកស្ដាយ ហើយនឹងមានការឈឺចាប់តទៅថ្ងៃមុខ។

តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សប្រុសខ្លះ ប្រើបេះដូង និងមនោសញ្ចេតនា ដើម្បីស្រឡាញ់ដូចមនុស្សស្រីដែរ ហើយក៏មានមនុស្សស្រី ប្រើខួរក្បាលក្នុងការចាប់ផ្ដើមស្នេហាដូចគ្នា។ ប៉ុន្តែមិនថាមនុស្សស្រី ឬមនុស្សប្រុសទេ ឱ្យតែអ្នកដែលប្រើបេះដូង និងមនោសញ្ចេតនាខ្លាំង គឺសុទ្ធតែអាចប្រឈមនឹងការឈឺចាប់ខ្លាំងដែរ ជាពិសេសគឺ គ្រប់មនុស្សទាំងអស់ ត្រូវចាំថា បើចង់មានស្នេហា គឺត្រូវចុះកិច្ចសន្យានឹងការឈឺចាប់ មិនអាចចៀសផុតនោះឡើយ៕

114181017_2834229593476384_7647196020770658615_n

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)