សញ្ញាបង្ហាញថា អ្នកកំពុងតែផ្ដោតអារម្មណ៍ខ្លាំងទៅលើរឿងស្នេហា

វាជារឿងធម្មតាទេ ដែលមនុស្សពេញវ័យ មិនថាស្រី ឬប្រុស គឺសុទ្ធតែត្រូវជួប និងមានស្នេហា ប៉ុន្តែ បើអ្នកលេចចេញនូវសញ្ញាទាំងនេះ នោះមានន័យថា អ្នកផ្ដោតអារម្មណ៍ខ្លាំងពេកហើយទៅលើរឿងស្នេហា វានឹងក្លាយជាអារម្មណ៍ដែលអត់ប្រយោជន៍មិនខាន។

១. ភ្លេចការងារដែលអ្នកត្រូវធ្វើ

8a080c82a9155cf81532b7f08639ac5f

ចាប់ផ្ដើមមានស្នេហា ចាប់ផ្ដើមស្រឡាញ់អ្នកណា អ្នកក៏ចាប់ផ្ដើមលែងមានអារម្មណ៍យកចិត្តទុកដាក់ចំពោះការងារ អ្នកភ្លេចនូវអ្វីដែលអ្នកត្រូវធ្វើ ព្រោះតែអ្នកយកចិត្តទាំងអស់ ទៅផ្ដោតតែចំពោះមនុស្សដែលអ្នកស្រឡាញ់ ទង្វើបែបនេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលអត់ប្រយោជន៍ បង្ហិនពេល បោះបង់ការងារ។

២. មិនមានពេលវេលាសម្រាប់ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន

43d47681164f72d830c210a015ac9704

អ្នកបោះបង់ចំណង់ចំណូលចិត្តរបស់ខ្លួនឯងចោល ព្រោះតែហេតុផល អ្នកចង់ផ្គាប់ចិត្តមនុស្សដែលអ្នកស្រឡាញ់ ព្រោះតែចង់នៅក្បែរគេ អ្នកក៏សុខចិត្តមិនធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត ពេលខ្លះ អ្នកបែរជាបង្ខំចិត្តខ្លួនឯង ឱ្យធ្វើនូវអ្វីដែលខ្លួនមិនចង់ តែធ្វើ ព្រោះតែវាជាចំណង់ចំណូលចិត្តរបស់ដៃគូអ្នក។

៣. "បោះបង់" មិត្តភក្តិ

A80528bd078615f31afc75dbfcb3b95e

អ្នកចាប់ផ្ដើមលែងខ្វល់ លែងរវីរវល់ជាមួយនឹងមិត្តរបស់អ្នក អ្នកហាក់រក្សាគម្លាតជាមួយនឹងមិត្តភក្តិ លែងមានអារម្មណ៍ស្និទ្ធស្នាល ដោយសារតែអ្នកព្យាយាមតោងស្អិតនឹងស្នេហា អ្នកមិនចេះចែករំលែកពេលវេលាឱ្យខ្លួនឯង អ្នកចំណាយពេលដែលអ្នកមានទៅឱ្យស្នេហាទាំងអស់ ដូច្នេះ វាជារឿងដែលមិនសូវជាល្អនោះទេ ព្រោះបើពេលណាមួយ អ្នកស្រាប់តែបែកបាក់ ឬមានបញ្ហាក្នងរឿងស្នេហា នោះអ្នកក៏ប្រហែលជាលែងសល់អ្នកណាដែរ ជាពិសេសគឺ មិត្តភក្តិល្អៗ។

៤. គ្មានអារម្មណ៍នៅនឹងខ្លួន ពេលគ្មានគេនៅក្បែរ

Ce978a16bdf0c679da63095e43d18c3d

ពេលដែលគ្មានគេនៅក្បែរ ឬនៅឆ្ងាយពីគេ អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ថា ហេលហាល មិនមានអារម្មណ៍នៅនឹងខ្លួន ចាប់ផ្ដើមអណ្ដែតអណ្ដូង គិតច្រើន ផ្ដេសផ្ដាស ពេលខ្លះ មិនមានស្មារតីក្នុងការគ្រប់គ្រងខ្លួនឯងថែមទៀតផង។ ព្រោះតែអ្នកផ្ដោតខ្លាំងទៅលើស្នេហា អ្នកគិតដល់គេជ្រុលជាងគិតពីខ្លួនឯង ជួនកាលអ្នកបោះបង់គោលដៅរបស់ខ្លួនឯងថែមទៀត។ អ្នកហាក់ព្រលែងអារម្មណ៍ និងខ្លួនឯងទៅពឹងផ្អែកលើគេទាំងស្រុងហើយ។

៥. ធ្វើឱ្យខ្លួនឯងក្លាយជាអ្នកចាញ់

E572aa32d588d3936ca93eee61925a20

អ្នកពិតជាបោះបង់ខ្លួនឯងចោលមែន ព្រោះអ្នកគិតថា ជីវិតនេះ សើច ឬយំ ក៏ព្រោះតែស្នេហា អ្នកប្រគល់ទាំងបញ្ញា ស្មារតី អ្វីៗដែលខ្លួនឯងមាន ឱ្យទៅស្នេហាជាអ្នកគ្រប់គ្រងទាំងអស់ នេះជាចំណុចដែលបងញ្ជាក់ថា អ្នកជាអ្នកចាញ់នៅក្នុងរឿងស្នេហានេះហើយ។

សូមចាំថា ស្នេហាមិនអាចមកគ្រប់គ្រងលើយើងបានទេ មនុស្សធំដឹងក្ដី ត្រូវមានស្នេហា តែមនុស្សចាស់ចិត្តចាស់គំនិត ត្រូវគិតអនាគត ការងារ និងគ្រួសារជាធំ កុំដាក់កាយ ដាក់ចិត្ត ផ្ដោតអារម្មណ៍ ចំពោះស្នេហាច្រើនពេក វាមិនល្អនោះឡើយ៕

 

2 7936 1596100535

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)