និយាយដល់រឿងបែក គ្មាននរណាម្នាក់អាចប្រកែក ឬឃាត់មិនឱ្យទំនាក់ទំនងមួយ មិនឱ្យបែកបាក់ ប្រេះឆាបាននោះទេ ប៉ុន្តែស្រឡាញ់គ្នា ទាក់ទងគ្នាយូរហើយ ហេតុអ្វីក៏ត្រូវមកបែកគ្នានៅពេលនេះទៅវិញ? ហេតុអ្វី ក៏ពួកយើងត្រូវដើរមកដល់ថ្ងៃមួយនេះ។
អ្នកណាខ្លះ ធ្លាប់ជួបស្នេហាបែកបាក់? ហើយព្រោះហេតុផលអ្វីដែរ ដែលធ្វើឱ្យអ្នកនឹងគូស្នេហ៍ត្រូវដើរដល់ផ្លូវបំបែក?
រាល់បញ្ហា ការបែកបាក់ប្រេះឆានៃស្នេហា គឺមានដើមហេតុច្រើនណាស់ ប៉ុន្តែពេលខ្លះ ស្នេហាខ្លះត្រូវបែកយ៉ាងស្ងៀមស្ងាត់ មិនមែនមិនមានហេតុផលទេ តែមកពី មិនដឹងគួរនិយាយ ឬប្រាប់ហេតុផលបែបណា ទើបត្រូវបែកទៅយ៉ាងស្ងៀមស្ងាត់បែបនេះ។ ពេលខ្លះ មិនដឹងថាគួរនិយាយបកស្រាយបែបណា អារម្មណ៍ត្រូវបង្ខំ មិនមានសិទ្ធក្នុងការជ្រើសរើសអ្វីផ្សេង ក្រៅពីទឹកភ្នែក ដើរចេញ និងស្ពាយនូវកំហុសតែម្នាក់ឯង មិនថាហេតុផលអ្វីទេ យើងជាអ្នកចាកចេញ យើងគឺជាអ្នកខុស ព្រោះយើងធ្វើបាបចិត្តមនុស្សដែលស្រឡាញ់យើង យើងធ្វើឱ្យគេត្រូវទន្ទឹងមើលផ្លូវយើង រង់ចាំចម្លើយ ប៉ុន្តែយើងបែរជាមិននិយាយអ្វីសោះ។
ប៉ុន្តែស្នេហាខ្លះទៀត ត្រូវបែកព្រោះតែអស់ចិត្តរៀងៗខ្លួន ស្រឡាញ់គ្នាកាន់តែយូរ ក៏កាន់តែលែងមានអារម្មណ៍ចំពោះគ្នា មិនដឹងថា អារម្មណ៍ដែលធ្លាប់ស្រឡាញ់ពីមុនមកទៅណាអស់នោះទេ មិនមានអ្នកថ្មី ក៏មិនបានក្បត់ តែព្រោះអស់ចិត្ត។ អ្នកខ្លះទៀត បែកព្រោះអស់ទ្រាំ បែកព្រោះម្ខាងទៀតលួចក្បត់មានថ្មី បំផ្លាញទំនុកចិត្ត បំផ្លាញសេចក្ដីស្រឡាញ់ដែលធ្លាប់មានចំពោះគ្នា វាជាការបំផ្លាញសេចក្ដីស្នេហា ទាំងដែលនៅទាក់ទងគ្នា។
ចំពោះពាក្យថាបែក មិនថាបែកគ្នាដោយបញ្ហាណាមួយទេ គឺវាសុទ្ធតែអាចបង្កឱ្យមានការឈឺចាប់ ទឹកភ្នែក និងស្លាកស្នាមតទៅថ្ងៃមុខទាំងអស់ ហើយគ្មាននរណាម្នាក់ចង់បែកគ្នាឡើយ តែបើពេលវេលាត្រូវបែកមកដល់ហើយ គឺមានតែព្រមតាមដំណើរហ្នឹង ទោះត្រូវឈឺចាប់ គ្រាំគ្រា ក៏ត្រូវតែព្រមប្រឈមមុខ និងទទួលយកការពិតតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក