ជាការពិតណាស់ ពេលខ្លះ មិនអាចហៅថាជាការមើលងាយ ឬប្រមាថនោះទេ តែជាការគិត និងមានផ្នត់គំនិតអវិជ្ជមានដែលមនុស្សស្រីមួយចំនួនក្នុងសម័យបច្ចុប្បន្ននេះ គាត់តែងតែគិតទៅលើមនុស្សប្រុសមួយចំនួន ដែលអាចហៅបានថា បន្ទាបតម្លៃ ដល់ភាពជាកូនប្រុស ឬអ្នកខ្លះអាចនឹងមាក់ងាយ និងជាន់ឈ្លីកិត្តិយសភាពជាប្ដី និងមេគ្រួសារថែមទៀតផង។
វាក៏ដូចគ្នាដែរ ដែលយើងធ្លាប់ដឹងកន្លងមកថា មនុស្សប្រុសមួយចំនួនក៏ធ្លាប់មើលងាយ ប្រមាថ និងមានគំនិតមិនល្អ មិនឱ្យតម្លៃដល់មនុស្សស្រីដូចគ្នា ដោយគិតថា មនុស្សស្រីជាភេទទន់ជ្រាយ មិនចេះធ្វើអ្វី មិនមានគំនិតអភិវឌ្ឍន៍ មិនមានមហិច្ឆតា មិនអាចដឹកនាំ មិនអាចក្លាយជាមេគេបាន ដោយមានគំនិតតែម្យ៉ាងថា មនុស្សស្រី មិនមានអ្វីអស្ចារ្យទេ មនុស្សស្រីបានត្រឹមតែជាមេផ្ទះ ធ្វើជាប្រពន្ធ មើលកូន ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះសម្បែងអីបែបហ្នឹង។
ប៉ុន្តែមកដល់សម័យនេះ លែងមានហើយមនុស្សស្រីដែលចាំតែប្ដីរកលុយមកចិញ្ចឹម មិនមានទេ មនុស្សស្រីដែលត្រូវនៅទ្រាំឱ្យប្ដី ឬមនុស្សប្រុសមួយចំនួនមកមើលងាយ ប្រមាថ និងមិនឱ្យតម្លៃនាងទៀតនោះ។ តាមពិត សិទ្ធសេរីភាពសម្រាប់មនុស្សប្រុស និងមនុស្សស្រី គឺមានស្មើគ្នាតាំងពីដើមមកហយ ប៉ុន្តែដោយហេតុកាលពីមុន មនុស្សស្រីមិនចេះធ្វើការរកស៊ីអ្វី ទើបត្រូវទ្រាំនឹងការដាក់កំហិត និងការមើលងាយពីមនុស្សប្រុស ដែលខុសពីសម័យនេះ ការរកស៊ីរបរតូចតាចប៉ុនណា ក៏ជាការងារ ការរកចំណូល មនុស្សស្រីក៏អាចធ្វើបានដែរ មិនមែនចាំតែលាដៃសុំលុយប្ដីចាយទៀតនោះទេ។
ងាកមកផ្នត់គំនិតដែលមនុស្សស្រីសម័យនេះមួយចំនួន នាងពិតជាមិនឱ្យតម្លៃ និងមើលងាយមនុស្សប្រុសខ្លះពិតមែន តែមិនមែននាងមើលងាយមនុស្សប្រុសទាំងអស់នោះ ព្រោះថា មនុស្សប្រុសល្អៗក៏មានមិនខ្វះ គ្រាន់តែមនុស្សស្រីខ្លះ គាត់គ្មានសំណាងបានជួបបុរសល្អបែបនោះ។ ហេតុដែលនាំឱ្យមនុស្សស្រីខ្លះ គាត់មើលងាយមនុស្សប្រុសមួយចំនួន គាត់មិនឱ្យតម្លៃ គាត់មិនពឹងផ្អែកលើប្ដី ក៏ព្រោះតែអាចនិយាយបានថា ជីវិតគាត់ឆ្លងកាត់នូវជីវិតគូដែលមិនសមប្រកប ជួបមនុស្សប្រុសដែលមិនមានកំណើត មិនអាចធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ ចូលមកដើម្បីតែបង្កបញ្ហា និងសាងភាពចម្រូងចម្រាស់ វិនាសឱ្យជីវិតរបស់នាង ទើបនាងលែងមានទំនុកចិត្ត និងឱ្យតម្លៃដល់ភាពជាមនុស្សប្រុសរបស់ម្នាក់នោះ គេមិនសក្តិសមជាកូនប្រុស មិនបានបំពេញតួនាទីជាប្ដី ជាមេគ្រួសារ ជាឪពុកដែលល្អសម្រាប់កូនៗ ហេតុដូចនេះហើយ តើឱ្យនាងគោរព និងឱ្យតម្លៃដល់មនុស្សប្រុសបែបនេះបានយ៉ាងម៉េចទៅ?
ប៉ុន្តែក៏មានមនុស្សស្រីមួយភាគតូចដែលក្អេងក្អាង អំនួត ចេញរកស៊ី មានគំនិត មានមហិច្ឆតា ក៏ចាប់ផ្ដើមមិនឱ្យតម្លៃដល់គូជីវិត មើលងាយប្ដី ព្យាយាមចង់ត្រួតត្រាលើប្ដី នេះជាចំណុចដែលអាក្រក់ ក៏ជាភាពអវិជ្ជមានរបស់មនុស្សស្រីដែលមានមោទនកភាពជ្រុលលើខ្លួនឯង។ ក្នុងភាពជាប្ដីប្រពន្ធ កុំមើលងាយ កុំប្រមាថគ្នា មិនថាម្ខាងណាក៏ដោយ ឋានៈជាអ្វី ពូកែ ខ្លាំងអស្ចារ្យកម្រិតណា ក៏មានឈ្មោះថា ជាប្ដីប្រពន្ធ ជាដៃគូជីវិត ដៃគូគិត រួមចិត្តរួមគំនិតតែមួយ ត្រូវចេះជួយចេះគោរព និងឱ្យតម្លៃគ្នា មិនមែនមើលងាយគ្នា ជាន់ឈ្លីកិត្តិយស ផិតក្បត់គ្នានោះទេ។ ក្នុងនាមជាមនុស្សស្រី ទោះបីអ្នកខ្លាំងពូកែ ចេះធ្វើការរកស៊ី រកលុយយ៉ាងណាក៏ដោយ នោះជាសមត្ថភាព ភាពវៃឆ្លាតរបស់អ្នក ប៉ុន្តែតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សស្រី គឺស្ថិតលើភាពទន់ភ្លន់ ចេះគោរព ឱ្យតម្លៃ និងទុកកិត្តិយសឱ្យប្ដី ឬដៃគូជីវិតរបស់អ្នក៕
អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)