ជាយូរលង់ណាស់មកហើយ មនុស្សជាច្រើនមានជំនឿទៅលើសុកឆ្មា ថាជារបស់មានសិរីមង្គល អាចនាំលាភនាំសំណាងដល់ម្ចាស់ផ្ទះដែលវារស់នៅ។ ដោយសារតែការមានជំនឿបែបនេះហើយ បានជាមនុស្សជាច្រើន រាល់ពេលដែលសត្វឆ្មារបស់ខ្លួនកើតកូន ម្ចាស់បានលួចយកសុកនោះដើម្បីរក្សាទុក ដើម្បីជំនឿរបស់ខ្លួន។
តែអ្នកប្រហែលមិនបានដឹងទេ សុកឆ្មារក៏ជារបស់សំខាន់សម្រាប់សត្វឆ្មារគ្រប់រូបផងដែរ។ នេះបើយោងតាមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបដែលធ្លាប់យល់ដឹងពីបញ្ហានេះ។
នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Ma Nout បានឱ្យដឹងថា៖ « #សុកឆ្មា ខ្មែរខ្លះនៅតែមានជំនឿទៅលើសុកឆ្មា។ គេជឿថាវាគឺជា វត្ថុមង្គល ដាក់ផ្ទះត្រជាក់ត្រជំ គឺរបស់ល្អកម្រនឹងរកបានបើអ្នកណាបានមកថែរក្សារនិងទទួលបានលាភជ័យ សម្រេចបំណងផង... #ខ្ញុំក៏ធ្លាប់ជឿនិងចង់បានដែរ។
ជំនឿខ្លះគឺពិតជាមានផលអាក្រក់ដល់សត្វ ជំនឿបែបនោះមិនគួរបន្តមានទៀតនោះទេ។ សុកឆ្មាចំពោះឆ្មា និង សុកឆ្មាចំពោះមនុស្សគឺមានសារសំខាន់ផ្សេងគ្នា ដោយសារតែវាមានសារ:សំខាន់បែបនេះហើយ ទើបធ្វើឲ្យមនុស្សនិងឆ្មា ដណ្ដើមគ្នាយក សុក ។
សុកឆ្មាចំពោះឆ្មា គឺដើម្បីសុខភាពវា រីឯសុកឆ្មាចំពោះមនុស្សគឺដើម្បីសតិអារម្មណ៏😌 នៅទីនេះខ្ញុំសូមលើកយក សុក ឆ្មាទាក់ទង និងផ្នែក វិទ្យាសាស្ត្រ និង ជំនឿមកនិយាយ។
#និយាយបែបវិទ្យាសាស្ត្រ សុកឆ្មា មានសារ: សំខាន់ណាស់សំរាប់ឆ្មា។ ព្រោះវាជារបស់ប៉ូវ កំលាំងសំរាប់មេឆ្មា ដែលប្រឹងកើតកូនបាត់បង់ឈាមនិង កំលាំង ដូច្នេះ តម្រូវអោយវាត្រូវសុីសាច់ឆៅនេះ ដើម្បីបំពេញឋាមពលឡើងវិញ។
#បើអ្នកពិតជាស្រលាញ់ឆ្មាមែន គួរតែជំរុញឱ្យវាសុីវិញអោយអស់ ។ ឬបើសិនជាអ្នកមានជំនឿខ្លាំង ហើយចង់បានសុកវា អ្នកត្រូវត្រៀមរបស់ផ្សេង ដើម្បីឱ្យវាសុីជំនួស ក្នុងពេលវាកំពុងកើត ឬក្រោយពេលកើត ដើម្បីកុំឱ្យឆ្មាបាក់កំលាំង។
#តាមធម្មជាតិរបស់ឆ្មា ឆ្មានិងសុីសុកទាំងអស់នោះវិញ គឺកម្របំផុតដែលវាទុកអោយម្ចាស់ ។ ហើយក៏មិនមែនបានន័យថា វាមិនស្រលាញ់ម្ចាស់ ដោយសារតែមិនទុកឱ្យនោះទេ ម្ចាស់ខ្លះលួចអន់ចិត្ត។
#និយាយបែបជំនឿ សុកឆ្មា ដែលគេជឿថាជារបស់ ស័ក្តិសិទ្ធិ ជាវត្ថុការពារ ដាក់ផ្ទះមានសេរីសួស្ដី មង្គលដ៏ប្រសើរនោះ វាត្រូវអាស្រ័យ ដោយច្រើនប្រការ ទីមួយសំខាន់បំផុតនោះគឺ ត្រូវជា សុក ដែលឆ្មា ព្រមទុកឲ្យ ពិតមែន មិនមែនដូចអ្នកខ្លះឆ្មាកើតកូនមិនទាន់ស្រួលបួលផង ចាប់កាត់យកសុកមកទុក ហើយនិយាយថា ឆ្មាទុកសុកឲ្យ ។ បែបនេះមិនហៅថាឆ្មាទុកឲ្យទេគឺហៅថា ដណ្ដើម។
១-ត្រូវជាសុកដែលឆ្មាទុកឱ្យពិតមែន
២-ត្រូវជាសុកដែលមិនដាច់រហែក
៣-ត្រូវជាសុកដែលកើតចំពេលវាល្អ
៤-ត្រូវរៀបពិធីទទួលយកសុកនោះមកទុកសិន
៥-ត្រូវរៀបចំដាក់ឈ្មោះឲ្យសុកឆ្មានោះ
៦-ត្រូវធ្វើឱ្យសុកឆ្មាស្ងួតដោយយកម្សៅរមៀត+ហាលថ្ងៃ
៧-ត្រូវជ្រើសថ្ងៃល្អដើម្បីរកអ្នកចេះរៀបវិធីដាក់ព្រលឹង
៨-ក្រោយឆ្លងកាត់វិធីផ្សេងៗហើយ ត្រូវយកមករក្សាទុក និង ធ្វើវិធីបូជា ជាប្រចាំដោយ ដាក់សែនអាហារ រាងរាល់ថ្ងៃសិល ឬថ្ងៃណាមួយ ដែលម្ចាស់ជ្រើសរើស និងត្រូវសូត្រគាថាដាស់ជាប្រចាំផង។
ស្រុកខ្លះមានថែមថយគ្រឿងបូជា និងវិធីធ្វើព្រមទាំងគាថា ការរក្សាទុកក៏ខុសគ្នាតាមតំបន់។អ្វីដែលខ្ញុំរៀបរាប់មកនេះគឺ ធ្វើតាមចាស់ទុំស្រុកគីរីវង្ស ខេត្តតាកែវ ។
បើធ្វើមិនបានគ្រប់ចំនុច សុកឆ្មា គឺអាចត្រឹមជាសាច់ក្រៀមមួយដុំ គ្មានប្រយោជន៍ ឬអាចជាវត្ថុអពមង្គល បើសុកនោះ បានមិនគ្រប់លក្ចណ:ដាច់រហែក ។ ព្រោះគេជឿថា សុកឆ្មា គឺដូចជាថង់មាសប្រាក់ ពេញដោយសុខសុភមង្គល តែកាលបើ វាដាច់ មិននៅរក្សារូបរាងដើម គឺមិនអាចរក្សា មាសប្រាក់ បាននោះទេ ។ ហើយបើសិបជាសុកនោះ បានមកនៅថ្ងៃមិនល្អ ក៏កាន់តែមិនល្អ។
ប៉ុន្តែជាទូទៅ អ្នកដែលបានសុកឆ្មា បានត្រឹមយកទៅឆ្អើរឱក្រៀម ឬហាលឲ្យស្ងួត រួចក៏យកទៅទុក ហើយក៏កំណត់ថា ជារបស់ ស័ក្តិសិទ្ធិ។ ទាំងនេះគឺជាជំនឿដែលមានតាំងពីបុរាណមក ។ វាពូកែ ស័ក្តិសិទ្ធិ កំរិតណា គ្មានអ្វីបញ្ចាក់បានទេ។
សំរាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនជឿលើរឿងទាំងនេះទេ។ តែជាចំណូលចិត្តរបស់ខ្ញុំ ក្នុងការចង់ដឹងនិងចែករំលែក។ ក៏សូមផ្ដាំអ្នកដែលចង់បានសុកឆ្មា ឈប់ដណ្ដើមរបស់វាទៅ ឬត្រូវរកអ្វីទៅប្ដូវិញបើចង់បាន។ យកល្អបំផុត គឺយកឆ្មាអ្នកទៅក្រៀវដើម្បីកាត់បន្ថយចំនួនឆ្មាអនាថា »។
យ៉ាងណានេះគ្រាន់តែជាការដកស្រង់ពីអត្ថបទអ្នកដែលគាត់យល់ដឹងពីជំំនឿតែប៉ុណ្ណោះ ជឿ ឬមិនជឿសូមអ្នកធ្វើការពិចារណាដោយខ្លួនឯង!