មនុស្សស្រីដែលគិតថាខ្លួនខ្លាំងអស្ចារ្យ ច្រើនតែមើលងាយប្ដី ខុសពីមនុស្សស្រីដែលគិតថាខ្លួនពូកែ ច្រើនតែជួយជ្រោមជ្រែងប្ដីឱ្យជោគជ័យ

គេច្រើននិយាយថា ធ្វើជាមនុស្សស្រីកុំពឹងប្ដី ព្រោះរស់នៅពឹងប្ដីពិបាកណាស់ ជាការពិត ទ្រឹស្តីនេះ ក្នុងសម័យបច្ចុប្បន្ន មនុស្សស្រីស្ទើរតែ៨០%ហើយ ដែលគាត់ស៊ូរស់នៅពឹងខ្លួនឯង ចេញរកស៊ី ចេញធ្វើការរកលុយដោយខ្លួនឯង ព្រោះជីវិតដែលបឹងប្ដី វាមិនមានសេរីភាពនោះឡើយ។ ប៉ុន្តែ អាចនិយាយបានថា មនុស្សស្រីនៅពេលដែលចេះរកស៊ី ចេះរកលុយដោយខ្លួនឯង ក្លាយជាមនុស្សស្រីម្នាក់ដែលឯករាជ្យ អាចនឹងឱ្យគាត់ក្លាយទៅជាមនុស្សដែលអំនួត ក្អេងក្អាង លែងគោរព និងឱ្យតម្លៃប្ដី ឬអាចនឹងមើលងាយ ជាន់ឈ្លីកិត្តិយសប្ដីថែមទៀតផង។

តែយ៉ាងណាមិញ ក៏មិនអាចនិយាយថាគាត់ខុសនោះដែរ ព្រោះតែមានមនុស្សប្រុសមួយចំនួន គឺមិនសក្តិសមនឹងឱ្យមនុស្សស្រីគោរព ឱ្យតម្លៃ ក៏មានប្ដីមួយចំនួន មិនបានបំពេញកាតព្វកិច្ច និងតួនាទីជាប្ដី ជាមេគ្រួសារនោះឡើយ ហេតុដូចនេះហើយ ដែលធ្វើឱ្យមនុស្សស្រីដែលជាភេទទន់ជ្រាយ ជាប្រពន្ធម្នាក់ត្រូវររ៉ាប់រងបន្ទុក និងបញ្ហាគ្រប់សព្វបែបយ៉ាងតែម្នាក់ឯង ដូច្នេះ បើមិនឱ្យនាងពឹងខ្លួនឯង បើមិនឱ្យនាងធ្វើជាមនុស្សស្រីឯករាជ្យគឺមានតែគ្រាំគ្រា វេទនាចិត្តតែប៉ុណ្ណោះ។ ម្ល៉ោះហើយ សុខចិត្តធ្វើជាមនុស្សស្រីរឹងមាំ ពឹងខ្លួនឯង ល្អជាងពឹងប្ដី ដូច្នេះ គាត់និយាយពាក្យហ្នឹង គឺមិនខុសនោះឡើយ។

109111899_3223746671184573_2263383913973046703_o

ប៉ុន្តែក្នុងជីវិតជាប្ដីប្រពន្ធ គឺមិនគប្បីនិយាយពាក្យថា ប្រពន្ធមិនគួរពឹងប្ដីនោះទេ ព្រោះប្ដីប្រពន្ធជាមនុស្សតែម្នាក់ហើយ រស់នៅ គឺត្រូវពឹងពំនាក់គ្នាទៅវិញទៅមក ទើបអាចជួយឱ្យគ្រួសារបានល្អប្រសើរ រស់នៅមានក្ដីសុខសុភមង្គលក្នុងជីវិតគូ។

មនុស្សស្រី ដែលតាំងខ្លួនឯងអស្ចារ្យ ខ្លាំងពូកែ ច្រើនតែត្រូវរស់នៅម្នាក់ឯង ព្រោះជាមនុស្សព្យាយាមចង់ត្រួតត្រាលើប្ដី មិនឱ្យតម្លៃប្ដី ចុងក្រោយ ក៏អាចក្លាយជាស្ត្រីមេម៉ាយ ព្រោះតែបញ្ហាដែលធ្លាប់ជួប លែងឱ្យតម្លៃដល់ដៃគូ។ ចំណែកឯមនុស្សស្រីដែលពូកែ ឆ្លាត គឺគេចេះជ្រោមជ្រែងប្ដីឱ្យទទួលបានជោគជ័យ មិនមែនព្យាយាមត្រួតត្រាលើប្ដីនោះឡើយ។ ចំណែកប្ដីវិញក៏ដូចគ្នា បើចង់បានការគោរព ឱ្យតម្លៃពីប្រពន្ធ អ្នកក៏តែធ្វើខ្លួនឯងឱ្យខ្លាំងពូកែប្រហែលនាង ឬជាងនាង បំពេញតួនាទីជាប្ដី ជាមេគ្រួសារឱ្យបានល្អ ទើបសក្តិសមទទួលបានការគោរព ស្រឡាញ់ និងឱ្យតម្លៃពីនាងដូចគ្នា។

106420854_3213445658881341_7055213378038228364_n

វាជារឿងដែលសំខាន់ណាស់ ដែលក្នុងនាមជាប្ដីប្រពន្ធ គ្មានអ្នកណាខ្ពស់ ឬខ្លាំងជាងអ្នកណានោះទេ សិទ្ធស្មើគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក សហការណ៍ ជ្រោមជ្រែងលើមាគ៌ានៃជីវិតគូ តស៊ូ សុខទុក្ខ ប្រឈមមុខនឹងគ្រប់យ៉ាងជាមួយគ្នា កុំអំនួតក្អេងក្អាង កុំព្យាយាមត្រួតត្រា បញ្ជាគ្នាមុខក្រោយ នាំឱ្យគ្រួសារអាប់រាសី គ្មានសេរីមង្គលនោះឡើយ៕

 

109799810_3228470654045508_3758136630289866159_o

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធ)