មនុស្សខ្លះគិតថា ឱ្យតែខ្លួនល្អ ត្រឹមត្រូវ មានចិត្តស្មោះ មានក្ដីស្រឡាញ់ពិត គឺអាចចងចិត្តមនុស្សខ្លួនស្រឡាញ់បានហើយ ប៉ុន្តែផ្ទុយស្រឡះ ព្រោះមានមនុស្សល្អចិត្ត ល្អគំនិត អត្តចរិតក៏ល្អ តែច្រើនតែត្រូវខកបំណងដោយសារតែរឿងស្នេហា ស្រឡាញ់គេ បែរជាគេមិនស្រឡាញ់ នេះហើយជាការបរាជ័យ និងឈឺចាប់បំផុតសម្រាប់មនុស្សល្អៗទាំងអស់។
ហេតុអ្វីមនុស្សល្អច្រើនតែត្រូវខូចចិត្ត? ហេតុអ្វីមនុស្សល្អ បែរជាគេមិនស្រឡាញ់? ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលបង្ហាញ ហេតុអ្វីគេមិនជ្រើសមនុស្សល្អ ៖
១ . ល្អមែន តែយើងមិនស្អាត
អ្នកណាថា ស្នេហាមិនគិតលើរូបសម្រស់ ខុសហើយ ពេលខ្លះ គឺយើងស្រឡាញ់មនុស្សខុស យើងស្រឡាញ់គេស្អាត គេល្អ ដូច្នេះ គេក៏ត្រូវការរកមនុស្សដែលមានរូបសម្បត្តិស្អាត សង្សារ ឡូយឆាយ ជាគូដែរ ដើម្បីមើលទៅឱ្យសក្តិសមនឹងគ្នា។
២. ល្អមែន តែយើងគ្មានទ្រព្យ
សម័យនេះ យើងក្រ ប្រហែលជាពិបាកនឹងនិយាយណាស់ ដូចគ្នា មនុស្សខ្លះ គេក៏គិតរឿងទ្រព្យធនដែរ ជួនកាលគ្រួសារគេខ្ពង់ខ្ពស់ គេកូនអ្នកមាន ដូច្នេះ បើទោះជាគេមិនគិត ក៏ឪពុកម្ដាយគេអាចនឹងប្រកាន់ដែរ គេត្រូវការអ្នកមានទ្រព្យ ពូជពង្សវង់ត្រកូលល្អ ដើម្បីឱ្យមានឋានៈប្រហាក់ប្រហែលគ្នា។
៣. ល្អមែន តែយើងមិនមានលទ្ធភាព ឬសមត្ថភាពគ្រប់គ្រាន់សម្រាប់គេតទៅថ្ងៃមុខ
មនុស្សស្រីខ្លះ នាងពិតជាចង់បានខ្នងបង្អែកមួយដ៏រឹងមាំ ដើម្បីឱ្យនាងផ្អែក និងទីពឹងទៅថ្ងៃមុខពេញមួយជីវិត ពេលខ្លះ យើងបានត្រឹនតែមានអត្តចរិតល្អ ចិត្តល្អ តែយើងមិនមានសមត្ថភាព មិនមានលទ្ធភាពដើម្បីមើលថែ ការពារ និងឱ្យគេពឹងផ្អែកបាន ដូច្នេះ គេក៏មិនអាចទទួលយកយើងដែរ។
៤. ល្អមែន តែយើងរៀនបានតិច
កម្រិតសិក្សា ជាដើមទុនដ៏ល្អ ពេលខ្លះ បើយើងរៀនបានតិច តែយើងមានគំនិត ចេះគិត ចេះរកលុយប្រហែលមានសង្ឃឹមខ្លះ តែបើយើងរៀនបានតិចហើយល្ងង់ ឬខ្ជិលទៀតនោះ គ្មានសង្ឃឹមទេ គេត្រូវការមនុស្សមានចំណេះដឹង និងអាចធ្វើកិច្ចការធំបាន ទើបមានមុខមានមាត់ លើសពីនេះ បើគេជាមនុស្សដែលមានចំណេះដឹងទៀតនោះ គេប្រាកដជាមើលមិនឃើញយើងឡើយ។
៥. ល្អមែន តែគេមានមនុស្សគេស្រឡាញ់ហើយ
ជាការពិតណាស់ ពេលខ្លះ យើងប្រហែលជាចូលមកខុសពេល ប្រហែលជាយើងមកក្រោយគេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ដូច្នេះ ទោះយើងល្អប៉ុនណាក៏ដោយ មានគ្រប់យ៉ាងក៏ដោយ យើងស្រឡាញ់គេស្មោះ និយាយរួមមានដើមទុនគ្រប់ទាំងអស់ តែគេមានមនុស្សគេស្រឡាញ់ មនុស្សគេច្បាស់លាស់ ដូច្នេះ រឿងអីគេយកភ្នែកមកមើលយើង យ៉ាងច្រើន បានត្រឹមជាមនុស្សគេអាណិត និងរាប់អានជាមិត្តល្អតែប៉ុណ្ណោះ។
៦. ល្អមែន តែយើងខ្វះអ្វីដែលគេចង់បាន
ក៏អាចថា យើងមានចំណុចខ្លះដែលគេចង់បាន តែយើងបែរជាមិនមាន នេះហើយជាបញ្ហា ជួនកាល តម្រូវការរបស់គេ ក៏អាចក្លាយជាបញ្ហា ឬឧបសគ្គ ដែលធ្វើឱ្យយើងពិបាកនឹងចូលទៅក្បែរខ្លួនគេដែរ ហើយក៏មានពេលខ្លះទផៀតគឺ អត់មាននិស្ស័យនឹងគ្នា ដូច្នេះ ទោះយើងឈរនៅចំពោះមុខគេយ៉ាងណា ក៏គេមិនចាប់អារម្មណ៍ដែរ។
៧. ល្អមែន តែយើងមិនមែនជាមនុស្សល្អដែលគេចង់បាន
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ