អ្នកណាៗ ក៏ប្រាថ្នាចង់បានគូជីវិតដែលត្រូវដែរ ប៉ុន្តែមិនមែនមានន័យថា ត្រូវចិត្តយើងតែម្យ៉ាងនោះទេ ពាក្យថា គូជីវិដែលត្រូវគឺ ត្រូវតាមកាលៈទេសៈ សមស្របដែលយើងអាចទទួលយកនរណាម្នាក់ ចូលមកក្នុងជីវិតយើង ... ត្រូវមានគោលដៅតែមួយជាមួយគ្នា ទើបអាចកាន់ដៃគ្នាទៅមុខបាន ... ត្រូវជឿជាក់ ទុកចិត្ត ច្បាស់លាស់ជាមួយគ្នា ... ត្រូវស្មោះត្រង់ កុំមានចិត្តវៀចវេរ ឬលាក់បាំង ភូតកុហកគ្នា... ជាពិសេសគឺ ត្រូវប្រាកដចិត្តថា ម្នាក់នោះគឺជាមនុស្សល្អពិតប្រាកដ គឺល្អទាំងនៅក្នុងគ្រួសារ និងនៅក្នុងសង្គមខាងក្រៅ។
ពេលខ្លះ មនុស្សខ្លះ ជ្រើសដៃគូជីវិតត្រឹមតែឱ្យត្រូវចិត្តខ្លួនឯង ត្រូវចិត្តគ្រួសារ ដើម្បីផ្គាប់ចិត្តម៉ាក់ប៉ាតែប៉ុណ្ណោះ តែជ្រើសមិនត្រូវទៅនឹងពេលវេលា ដែលខ្លួនឯងអាចសក្តិសមនឹងមានគ្រួសារ ជ្រើសមិនត្រូវគោលដៅ ចេះតែប្រឆាំងនឹងការចង់បានរបស់ដៃគូ មិនថារឿងការងារ គឺរឿងរកស៊ី អត់ចេះសម្រប និងជ្រោមជ្រែងគ្នាឡើយ ព្រោះគិតថា មិនមែនជាចំណង់ចំណូលចិត្តរបស់ខ្លួន ដាច់ខាតមិនទទួលយកទេ។
ចំណែកមនុស្សខ្លះគាត់ ជ្រើសយកមនុស្សម្នាក់ ព្រោះតែពាក្យសម្ដី ផ្អែមល្ហែម ទន់ភ្លន់ ទាំងមិនបានគិតឱ្យបានល្អិតល្អន់ឡើយថា ពាក្យនោះ ជាពាក្យពិត ឬកុហក ដើម្បីបន្ទន់ចិត្តយើង។
កុំចង់បានមនុស្សល្អតែក្នុងសង្គម តែមិនល្អចំពោះក្រុមគ្រួសារ ព្រោះមនុស្សដែលល្អពិតប្រាកដគឺ ល្អសម្រាប់គ្រប់គ្នា ដោយបានចែករំលែកពីគ្រួសារទៅ។ រឹតតែសំខាន់ជាងនេះគឺ ភាពស្មោះត្រង់ និងផ្ដល់ទំនុកចិត្តដល់គ្នា ទើបអាចឱ្យជីវិតគូស្វាមីភរិយាបានគង់វង្ស ក្នុងគ្រួសារ មានក្ដីសុខ សុភមង្គល ចំណែកកូនៗ ក៏រស់នៅដោយភាពកក់ក្ដៅផងដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ