កងវរសេនាធំលេខ ៧៥របស់សហរដ្ឋអាមេរិក កងពិសេស Green Berets និងកងកម្លាំងប្រតិបត្តិការថ្មើជើងពិសេសរបស់សហរដ្ឋអាមេរិកដទៃទៀតនឹងត្រូវបំពាក់ដោយអាវុធប្រភេទថ្មី ដោយយកមកជំនួសកាំភ្លើង M4A1 និង M16 ដែលកំពុងប្រើជាទូទៅនាពេលបច្ចុប្បន្ននេះ។
លោកវរសេនីយ៍ឯក Joel Babbitt នាយទាហានផ្នែកកងកំលាំងនៃកងប្រតិបត្តិការពិសេសបានថ្លែងប្រាប់ គេហទំព័រ Military.com ថា៖ “ យើងគឺជាអ្នកគាំទ្រដ៏ក្លៀវក្លាចំពោះអាវុធជំនាន់ក្រោយទំហំ ៦.៨មីលីម៉ែត្រនៃកងទ័ពរបស់យើង។ យើងរំពឹងថាអាវុធជំនាន់ក្រោយនឹងផ្លាស់ប្ដូរទ្រង់ទ្រាយធំហើយបំពេញបន្ថែមនូចចំណុចខ្វះខាតនាពេលបច្ចុប្បន្ននេះ"។
កងទ័ពអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការវាយតម្លៃគំរូកាំភ្លើងម៉ាក NGSW ពីក្រុមហ៊ុន General Dynamics Ordnance & Tactical Systems Inc, Textron Systems and Sig Sauer Inc ដើម្បីជំនួស M4A1 ដែលប្រើប្រាស់គ្រាប់ ៥.៥៦មីលីម៉ែត្រ ព្រមទាំងកាំភ្លើងយន្តអូតូម៉ាទិកម៉ាក M249 របស់កងទ័ពថ្មើជើងទាំងអស់ព្រមទាំងកងកម្លាំងប្រយុទ្ធពិសេសដទៃទៀត។
ប្រសិនបើអ្វីៗទាំងអស់ស្របតាមការគ្រោងទុក មន្រ្តីធ្វើទំនើបកម្មកងទ័ពនឹងជ្រើសរើសការរចនាចុងក្រោយសម្រាប់កាំភ្លើងវែង និងវ៉ែនតាស្វ័យប្រវត្តិពីក្រុមហ៊ុនតែមួយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ហើយនឹងចាប់ផ្តើមបំពាក់ដល់ទាហានទាំងអស់នៅឆ្នាំក្រោយ។ បញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក មិនចេះតែគាំទ្រកម្មវិធីផលិតអាវុធសាមញ្ញៗនោះទេដូចជាកាំភ្លើងម៉ាក XM25 ត្រូវបរាជ័យក្នុងការប្រើប្រាស់ហើយទាហានអាមេរិកក៏ផ្អាកការផលិត។
ក្នុងកំឡុងពេលវាយតំលៃប្រតិបត្តិការ! កងទ័ពរបស់កងវរសេនាធំលេខ ៧៥របស់សហរដ្ឋអាមេរិកបដិសេធកាន់កាំភ្លើង XM25 ទៅប្រើប្រាស់ក្នុងប្រតិបត្តិការនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមទាហាន Rangers អាមេរិក បានរកឃើញថា XM25 ធ្ងន់ពេកហើយក៏មានការព្រួយបារម្ភផងដែរថាកាណុងបាញ់គ្រាប់បែកទំហំ ២៥ មីលីម៉ែត្រគឺមិនគ្រប់គ្រាន់នោះទេហើយពួកគេសុខចិត្តយក M4A1 ទៅបន្តបេសកកម្ម៕