ក្នុងទំនាក់ទំនងរវាងមនុស្សយើង សំខាន់ណាស់គឺត្រូវផ្ដល់ទំនុកចិត្ត ភាពជឿជាក់ និងភាពស្មោះត្រង់ដល់គ្នាទៅវិញទៅមក ដើម្បីថែរក្សាទំនាក់ទំនងឱ្យបានគង់វង្សយូរអង្វែង។ ប៉ុន្តែក្នុងសង្គមមនុស្សយើងក្នុងបច្ចុប្បន្ននេះ គឺមនុស្សតិចណាស់ ដែលអាចជឿជាក់ និងទុកចិត្តបាន។
សង្គមជឿនលឿន មនុស្សកាន់តែវិវត្តន៍ ចំណែកយើងក៏ស្គាល់មនុស្សកាន់តែច្រើន ឆ្លងកាត់រឿងរ៉ាវបញ្ហាក៏ច្រើន ប៉ុន្តែទំនាក់ទំនង មិត្តភាព និងមនុស្សដែលនៅសល់សម្រាប់រាប់អាន បែរជានៅសល់កាន់តែតិច នេះក៏ព្រោះតែពាក្យថា ខ្វះទំនុកចិត្ត និងភាពជឿជាក់ចំពោះគ្នាទៅវិញទៅមក។
ក្នុងទំនាក់ទំនង ចំពោះយើងខ្លួនឯង យើងពិតជាចង់ណាស់ គឺចង់រក្សាទំនាក់ទំនង ការរាប់អានឱ្យបានយូរ ប៉ុន្តែចំពោះមនុស្សខ្លះ គេគ្មានភាពស្មោះត្រង់ចំពោះយើងឡើយ គេមិនដែលផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ចំពោះយើងទេ មនុស្សខ្លះស្គាល់រាប់អានយើង ព្រោះតែចង់បានផលប្រយោជន៍តែប៉ុណ្ណោះ គេសម្លឹងឃើញយើងអាចប្រើការបានទើបគេមករាប់អានយើង។
ចំណែកមនុស្សខ្លះទៀត រាប់អានមានតែកលល្បិច ពិសពុល ពុតត្បុត គ្មានភាពស្មោះត្រង់នោះឡើយ ដូច្នេះហើយ មនុស្សមួយចំនួន កាន់តែស្គាល់ ក៏កាន់តែលែងចង់រាប់អានបន្តទៀត នេះហើយជាបញ្ហា ដែលយើងកាន់តែមិនគួរទុកចិត្ត ឬផ្ដល់ភាពស្មោះត្រង់ទៅឱ្យនរណាម្នាក់លឿនពេកនោះឡើយ កុំឱ្យគេក្បត់យើង នាំឱ្យយើងនេះ ឈឺចិត្ត ស្អិតទ្រូងតែម្នាក់ឯង៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ