នៅក្នុងវិស័យសិល្បៈកូរ៉េតារាចម្រៀងស្រីភាគច្រើនបានព្យាយាមដាក់សម្ពាធ និងតាំង ចិត្តយ៉ាងខ្ពស់ក្នុងការថែរក្សារូបរាងរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះ ជាការប្រមូលផ្តុំរបបអាហារប្រចាំថ្ងៃរបស់តារាចម្រៀងស្រី K-POP ល្បីៗដែលមានរូបរាងគួរឲ្យស្រឡាញ់និងចង់នៅក្បែរ។
១. សព្វថ្ងៃនេះតារាចម្រៀង Suzy ជាតារាចម្រៀង និងសម្តែងដ៏ឆ្នើមមួយរូបដែលត្រូវបាន មហាជនភាគច្រើនទទួលស្គាល់ថា ជាតារាស្រីរាងស្រឡូនស្អាត និងគួរឲ្យស្រឡាញ់ យ៉ាងខ្លាំង។ ក្នុងនោះផងដែរនាងក៏មានរូបមន្តថែរក្សារូបរាង និងដងខ្លួនយ៉ាងពិសេសដូចជាពេលព្រឹកនាងត្រូវទទួលទានទ្រូងមាន់ដុត ១ ដំឡូងជ្វាស្ងោរ ១ ទឹកដោះគោមួយកែវ, រីឯពេលថ្ងៃត្រង់នាងត្រូវទទួលទានបាយស.មួយចាន និងសាឡាត់មួយចាន, ចំណែកពេល ល្ងាច នាងទទួលទានតែដំឡូងជ្វាស្ងោរមួយមុខគត់។
២. តារាចម្រៀង Seol Hyun ត្រូវបានមិត្តនារីៗភាគច្រើនមានការស្រឡាញ់ពេញចិត្ត យ៉ាងខ្លាំងទៅលើរូបរាង និងដងខ្លួនដែលមិនចេះប្រែប្រួលរបស់នាង ព្រោះមិនថានាងបានប្រឡូកចូលវិស័យសិល្បៈប៉ុន្មានឆ្នាំមកហើយ។ ប៉ុន្តែនាងនៅតែអាចថែរក្សារូបរាង និងដងខ្លួនយ៉ាងស្រឡូនស្អាតឲ្យនូវស្រស់ស្អាតដដែល។ ជាមួយគ្នានេះដែរនាងក៏មានរបប អាហារមួយចំនួនដូចជាពេលព្រឹកនាងទទួលទានដំឡូងជ្វាស្ងោរចំនួន ២ រីឯពេលថ្ងៃត្រង់ នាងទទួលទានទ្រូងមាន់ ស្ងោរចំនួន ២ និងពេលល្ងាចនាងទទួលទានពងទាស្ងោរចំនួន ៣គ្រាប់តែប៉ុណ្ណោះ។
៣. តារាចម្រៀង និងសម្តែង IU ជាតារាស្រីក្នុងដួងចិត្តរបស់មិត្តនារីៗជាច្រើននៅ ទូទាំងពិភពលោក ព្រោះនាងបានព្យាយាមផ្លាស់ប្តូររូបរាងរបស់ខ្លួនពីមនុស្សស្រី ដែលមានទម្ងន់ជាច្រើនគីឡូរហូតទទួលបានជោគជ័យហើយមានដងខ្លួនគួរជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់ៗគ្នា។ យ៉ាងណាមិញនាងក៏មានរូបមន្តថែរក្សារូបរាងអស្ចារ្យ និងងាយទទួលបានប្រសិទ្ធិភាពយ៉ាងឆាប់រហ័សនោះគឺពេលព្រឹកនាងទទួលទានត្រឹមតែផ្លែប៉ោម ១ផ្លែគត់ រីឯពេលថ្ងៃត្រង់នាងទទួលទានដំឡូងជ្វាស្ងោរចំនួន ២ និងនៅពេលល្ងាចនាងទទួលទានទឹកប្រូតេអុីនចំនួន ១ដប។
៤. តារាចម្រៀងស្រីវ័យក្មេងដែលកំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ Jeon Somi ធ្លាប់បង្ហើយប្រាប់អ្នកគាំទ្រថា មុនពេលនាងបានចាក់ផ្សាយពីបទចម្រៀងទោល លើកទីមួយដែលមានចំណងជើងថា “Birthday” នាងបានព្យាយាមតាំងចិត្តសម្រកទម្ងន់ដោយពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច នាងទទួលទានត្រឹមតែផ្លែចេក និងទឹក មួយកែវតែប៉ុណ្ណោះ។ ក្នុងនោះផងដែរជាលទ្ធផលរយៈពេលត្រឹម ២ថ្ងៃ នាងបានសម្រកគីឡូរហូតដល់ ៨គីឡូឯណោះ។
សរុបរួមមកវិញថ្វីបើរូបរាង និងសម្រស់ពិតរឿងដ៏ចាំបាច់សម្រាប់មិត្តនារីៗគ្រប់រូប ប៉ុន្តែអ្នកទាំងអស់គ្នាក៏គួរតែមានភាពវ័យឆ្លាតក្នុងការសម្រេចចិត្តជ្រើសរើសការថែរក្សារូបរាងព្រមទាំងសុខភាពតាមរូបមន្តដែលល្អបំផុតក្នុងរយៈពេលវែងជាជាងការប្រើប្រាស់ថ្នាំសម្រករាងដែលវាអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកកាន់អ្នកក្នុងពេលអនាគត៕
អត្ថបទដោយ: កញ្ញា ដាំ សុវណ្ណៈរ៉ា (ក្នុងស្រុក)