- មិនខ្វះទេ មនុស្សដែលនិយាយថា ចូលចិត្តយើង ... ។
- មិនខ្វះទេ មនុស្សដែលនិយាយថា ស្រឡាញ់យើង ... ។
- មិនខ្វះទេ មនុស្សដែលតែងតែសួរនាំ ហើយបង្ហាញពីការបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីយើង ... ។
- មិនខ្វះទេ មនុស្សដែលតែងតែញញឹម និងនិយាយថា ធ្វើចិត្តឱ្យសប្បាយៗទៅ មិនអីទេ អ្វីៗនឹងប្រសើរ ... ។
ប៉ុន្តែ បើចង់រកមនុស្សម្នាក់ដែល តែងតែធ្វើរឿងទាំងនេះ ហើយក៏ព្រមនៅជាមួយយើងគ្រប់ការលំបាក ព្រមលះបង់ ព្រមរួមដំណើរ រួមសុខរួមទុក្ខ ប្រឈមមុខនឹងរឿងគ្រប់យ៉ាង ទើបមិនមែនជារឿងងាយ។ មនុស្សខ្លះ រីករាយសប្បាយជាមួយយើង នៅជាមួយយើងតែពេលបានផលប្រយោជន៍ប៉ុណ្ណោះ តែពេលមានបញ្ហា មានទុក្ខ គឺរត់ចោលយើងហើយ គេមិននៅលំបាកជាមួយើងទេ។
មនុស្សខ្លះ គ្រាន់តែនិយាយថា ចូលចិត្តយើង តែក្នុងចិត្តគេ ប្រហែលកំពុងតែជ្រេញនឹងយើង។
មនុស្សខ្លះ និយាយថា ស្រឡាញ់យើង តែគេប្រហែលកំពុងតែធុញថប់នឹងយើង ដែលតែងតែទុក្ខសោករហូត គេមិនមែនមកកំដរយើងកើតទុក្ខនោះឡើយ។
មនុស្សខ្លះ មកសួរនាំយើង ធ្វើដូចបារម្ភពីយើងណាស់ តែពេលខ្លះ គេគ្រាន់តែចង់ដឹងរឿងផ្ទៃក្នុងយើងប៉ុណ្ណោះ គេគ្រាន់តែសួរនាំដើម្បីយកគួរតែប៉ុណ្ណោះ។
មនុស្សខ្លះ អាចនឹងញញឹម រាក់ទាក់ដាក់យើងមែន តែគ្រាន់តែជាការសម្ដែង ឱ្យមើលទៅសមរម្យតែប៉ុណ្ណឹង។
ចង់រកមនុស្សម្នាក់ដែលល្អនឹងយើងដោយគ្មានលក្ខខណ្ឌ មនុស្សម្នាក់ដែលល្អនឹងយើងតាំងពីដើមរហូតមិនប្រែប្រួល មនុស្សម្នាក់ល្អនឹងយើងដោយមិនចង់បានអ្វី មនុស្សម្នាក់ល្អនឹងយើងដោយស្មោះ ព្រោះតែការស្រឡាញ់ មិនមែនជារឿងដែលងាយស្រួលនោះឡើយ។ ព្រោះមនុស្សភាគច្រើន គឺល្អព្រោះឃើញប្រយោជន៍ ល្អព្រោះអារម្មណ៍មួយឆាវ ជាពិសេសនោះគឺ ល្អនឹងយើងបានតែដំបូងៗតែប៉ុណ្ណោះ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ