មនុស្សប្រុសណាក៏ចេះធ្វើកិច្ចការងារផ្ទះដែរ ណាស់តែគេមិនចង់ធ្វើ ឬមិនព្រមជួយចែករំលែកការងារនេះជាមួយប្រពន្ធតែប៉ុណ្ណោះ!

បុរសពិតប្រាកដ គេមិនដែលប្រកាន់កិច្ចការងារតូចធំនៅក្នុងផ្ទះនោះឡើយ សំខាន់គឺ អាចជួយសម្រាលបន្ទុក ភាពហត់នឿយឱ្យប្រពន្ធកូន នោះហើយ ទើបហៅថាបុរសពិត ស្វាមីពិត មេគ្រួសារពិតប្រាកដ។

មានមនុស្សប្រុសខ្លះ ប្រកាន់ខ្ជាប់នូវពាក្យថា ខ្លួនជាប្រុស មិនអាចធ្វើការងារផ្ទះនោះឡើយ ព្រោះការងារផ្ទះទាំងអម្បាលមាណ គឺជាតួនាទីរបស់មនុស្សស្រី ដូច្នេះ ក្នុងនាមជាប្រពន្ធត្រូវតែបំពេញនូវកាតព្វកិច្ចមួយនេះ ។ ក៏មានមនុស្សប្រុសខ្លះទៀត ប្រកាន់ចិត្តគំនិតថា ខ្លួនជាមនុស្សប្រុស ចូលផ្ទះបាយ ចម្អិនម្ហូបអាហារខ្លាចអាប់រាសី ខូចឈ្មោះជាមនុស្សប្រុស សឹងតែថា ចំណីអាហារ បាយម្ហូប ឱ្យប្រពន្ធលើកប្រគេនដល់កន្លែងហូបថែមទៀតផង។

Shutterstock_772667137 (1)

មនុស្សប្រុសទាំងអស់ កុំនិយាយថា ខ្លួនជាប្ដី ជាមេគ្រួសារ មិនអាចធ្វើកិច្ចការងារកំប៉ិកកំប៉ុកក្នុងផ្ទះបាន ហើយក៏កុំនិយាយថា ខ្លួនមិនចេះធ្វើកិច្ចការងារទាំងនេះ កុំយកលេសទាំងហ្នឹង មកគេចវេសការជួយធ្វើកិច្ចការងាររបស់ប្រពន្ធ មនុស្សប្រុសណា ក៏គេចេះធ្វើដែរ គ្រាន់តែគេចង់ ឬមិនចង់ ព្រមជួយ ឬមិនជួយតែប៉ុណ្ណោះ។ មនុស្សប្រុសនៅប៉ែកខាងអ៊ឺរ៉ុប គេមិនដែលខ្វល់រឿងនេះទេ ទំនេរពីការងារខ្លួន គឺគេជួយការងារប្រពន្ធ អ្នកក្នុងផ្ទះតែមួយ ត្រូវចេះជួយគ្នាទៅវិញទៅមក។

២

ប៉ុន្តែអ្នកគិតខុសហើយ បើចង់ឱ្យខ្លួនឯងក្លាយជាបុរសពិត ស្វាមីពិតប្រាកដ អ្នកត្រូវតែចេះជួយរំលែកទុក្ខធុរៈរបស់ភរិយា ព្រោះមនុស្សស្រីឥឡូវ គាត់ក៏ចេញធ្វើការរកលុយចូលក្នុងផ្ទះដែរ ក្នុងនាមអ្នកជាប្ដីល្អម្នាក់ អ្នកត្រូវតែអាចធ្វើនូវកិច្ចការងារទាំងឡាយទាំងពួង កុំប្រកាន់ភារៈ ឬតួនាទី ត្រូវជួយគ្នាមើលថែរក្សា ជាពិសេសនោះគឺ អប់រំ មើលថែកូនៗ ព្រោះពាក្យថា ប្ដីប្រពន្ធ គឺរួមដំណើរ សុខទុក្ខ កិច្ចការងារទាំងឡាយគឺ ចែករំលែកគ្នាទៅវិញទៅមក អាចរកក្ដីសុខ សុភមង្គលដល់ក្រុមគ្រួសារនោះហើយ ជាគ្រួសារដ៏ពេញលេញ៕

Images

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ