យោងតាមគេហទំព័រសុខភាព WebMD ការរំលាយអាហាររបស់យើងថយចុះប្រហែល ៥% សម្រាប់រាល់ ១០ ឆ្នាំនៃជីវិតរបស់យើងបន្ទាប់ពីឈានដល់វ័យ ៤០ ឆ្នាំ។ នេះគឺមានន័យថាជាមធ្យមស្ត្រីត្រូវកាត់បន្ថយ ១០០ កាឡូរីពីរបបអាហារប្រចាំថ្ងៃដើម្បីរក្សារាងឲ្យនៅដដែល។ ទោះយ៉ាងណាក៏ដោយមានវិធីងាយៗ និងគួរឱ្យភ្ញាក់ផ្អើលដើម្បីដុតបំផ្លាញកាឡូរីទាំងនោះប្រសិនបើអ្នកធ្វើតាមវីធីសាស្រ្តខាងក្រោមទាំងនេះ។
ជាមួយនឹងការរំលាយអាហារថយចុះ វាសំខាន់ក្នុងការបង្កើនភាពរឹងមាំបេះដូង ដោយគ្រាន់តែហាត់ប្រាណរយៈពេល ៣០នាទីពី ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។ ការធ្វើលំហាត់ប្រាណជំរុញកម្លាំងគឺពិតជាល្អសម្រាប់ការថែរក្សាសាច់ដុំមានសុខភាពល្អ និងដុតបំផ្លាញកាឡូរីកាន់តែច្រើន។
ការដើរយ៉ាងហោចណាស់ ១ ម៉ឺនជំហានក្នុងមួយថ្ងៃក៏ជាវិធីដ៏ល្អមួយដើម្បីជួយដល់ការរំលាយអាហារ រក្សារាង និងបង្កើនទំនុកចិត្ត។
អ្នកមិនគួរធ្វើបាបរាងកាយ និងអារម្មណ៍របស់ខ្លួនឯងដោយសារតែចង់ស្រកទម្ងន់បានច្រើនបំផុតក្នុងរយៈពេលខ្លីមួយឡើយ គោលដៅរបៀបនេះមានតែបង្កផលប៉ះពាល់ចំពោះសុខភាពរាងកាយ និងផ្លូវចិត្តតែប៉ុណ្ណោះ។ ការកំណត់គោលដៅដើម្បីសម្រក ១ ទៅ ២ ផោន ក្នុងមួយសប្តាហ៍ ជាមួយនឹងរបបអាហារត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណត្រឹមត្រូវ គឺប្រសើរបំផុត មានភាពងាយស្រួលនឹងសម្រេចគោលដៅ។
ការរក្សារូបរាងឲ្យនៅតែស្លីមស្រស់ស្អាត ដោយការរត់ចម្ងាយ គឺល្អបំផុត ក៏ព្រោះវាមិនបង្កផលប៉ះពាល់អាក្រក់ចំពោះរាងកាយឡើយ។
រាងកាយរបស់យើងមានតំរូវការផ្សេងៗគ្នាសម្រាប់រយៈពេលខុសគ្នានៃការរស់នៅរបស់យើង។ សម្រាប់ស្ត្រីដែលមានអាយុជាង ៤០ ឆ្នាំចាំបាច់ត្រូវបញ្ចូល កាល់ស្យូម វីតាមីន B12 ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន D អូមេហ្គា ៣ និងប្រូសេស្តេរ៉ូទៅក្នុងរបបអាហារ។
ប៉ូតាស្យូមមាននៅក្នុងផ្លែបឺរ ផ្លែអែបព្រីខត ផ្លែចេក វាថែមទាំងមានរសជាតិឆ្ងាញ់! កាល់ស្យូមមានៅក្នុងផ្លែអាល់ម៉ុននិងទឹកដោះគោជូរ ហើយអ្នកអាចទទួលបាននូវកម្រិតចាំបាច់នៃវីតាមីន D។
ការទទួលទានអាហារមិនបានទៀងពេលអាចបង្កឲ្យមានបញ្ហាចំពោះការរំលាយអាហារ ដោយសារាងកាយប្រែជាទទួលបានសញ្ញានៃការផ្ទុកនូវកាឡូរីជំនួសការដុតបំលែងទៅវិញ។ ដូច្នេះការញ៉ាំអាហារទៀងទាត់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។
អ្នកមិនគួររំលងការញ៉ាំអាហារពេលព្រឹកឡើយ ក៏ព្រោះវាជាថាមពលសម្រាប់ទ្រទ្រង់រាងកាយពេញមួយថ្ងៃ ខណៈដែលអាហារពេលយប់បានត្រឹមតែធ្វើឲ្យអ្នកឡើងទម្ងន់ និងផ្ដល់ផលអាក្រក់ចំពោះក្រពះប៉ុណ្ណោះ។
ការគេងបានគ្រប់គ្រាន់មិនត្រឹមតែផ្ដល់ផលល្អសម្រាប់ស្បែកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យរាងកាយរក្សាបាននូវសុខល្អរឹងមាំ និងមានរូបរាងស្លីមស្រស់ស្អាតផងដែរ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យដឹងថា គេងមិនគ្រប់គ្រាន់ធ្វើអោយខួរក្បាលធ្វើការសំរេចចិត្តមិនបានត្រឹមត្រូវ (ចំណង់នៃការញ៉ាំអាហារ និងលែងចង់ហាត់ប្រាណ)។ ការគេងមិនគ្រប់ក៏មានឥទ្ធិពលធ្វើឲ្យអ្នកឃ្លានមិនឈប់ផងដែរ។
ដូច្នេះសូមទុកទូរស័ព្ទនិងកុំព្យូទ័ររបស់អ្នកឲ្យឆ្ងាយមុនពេលចូលគេងហើយគេងលក់តាមដែលអ្នកអាចធ្វើទៅបាន!
ចំណុចនេះស្តាប់ទៅហាក់ដូចជាធ្វើឲ្យអ្នកមានភាពភ្ញាក់ផ្អើលបន្តិចហើយ ប៉ុន្តែវាជាការពិតណាស់ដែលសីតុណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញខ្លាញ់ក្នុងរាងកាយពេលអ្នកកំពុងគេង ដោយសាររាងកាយព្យាយាមធ្វើការកាន់តែខ្លាំងដើម្បីរក្សាកម្ដៅ។
អ្នកវិទ្យសាស្រ្តបានផ្តល់ដំបូន្មានថា វាប្រសើរណាស់ប្រសិនបើអ្នករក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យបានត្រឹម ១៩ អង្សារសេ។ នេះគឺពិតជាវីធីល្អបំផុតដើម្បីសម្រកទម្ងន់។
ទឹកធម្មតាមិនត្រឹមតែជួយបន្សាបជាតិពុលចេញពីរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនការដុតកាឡូរីបានច្រើនទៀតផង។
ទទួលទឹកធម្មតា ១ កែវ នៅមុនពេលទទួលទានអាហារមានប្រសិទ្ធភាពជួយកាត់បន្ថយចំណង់អាហារ និងបរិមាណកាល់ឡូរីដែលអ្នកបានទទួលទាន។ ការទទួលទានទឹកត្រជាក់នឹងជួយអ្នកដុតបំផ្លាញកាឡូរីបន្ថែមទៀត ដោយសារតែរាងកាយនឹងប្រើថាមពលដើម្បីកម្ដៅវាឡើង។
ពេលខ្លះនៅពេលអ្នកមានអាយុជាង ៤០ ឆ្នាំហើយនៅតែមិនស្រកទម្ងន់ទោះបីមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយវាមានន័យថាថ្លើមរបស់អ្នកត្រូវការបំបាត់ជាតិពុល ឬអ្នកត្រូវការថែរក្សាក្រពេញទីរ៉ូអ៊ីតរបស់អ្នក។ ជាការពិតវាអាចមានបុព្វហេតុផ្សេងៗទៀតប៉ុន្តែកត្តាទាំង ២ នេះមានលក្ខណៈទូទៅបំផុត។
ប្រសិនបើក្នុងករណីនេះ អ្នកត្រូវតែពិនិត្យសុខភាពជាមួយគ្រូពេទ្យ។ ចំពោះថ្លើមរបស់អ្នកការផ្លាស់ប្តូររបៀបរស់នៅនិងរបបអាហារប្រហែលជាគ្រប់គ្រាន់ហើយ ខណៈបញ្ហាក្រពេញទីរ៉ូអ៊ីតមានភាពស្មុគស្មាញជាង ប៉ុន្តែត្រូវយកចិត្តទុកដាក់៕
អត្ថបទដោយ ៖ វីរៈ | ប្រភព ៖ Brightside