លោក Bill Gates ពេលនេះលែងមានឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ឬតំណែងណាមួយនៅក្រុមហ៊ុន Microsoft តទៅទៀតហើយ ពោលគឺលោកបានប្រកាសចាកចេញបន្ទាប់ពីលោកគឺជាស្ថាបនិកមួយរូប ដែលបានបង្កើតឡើងនៅក្រុមហ៊ុន Microsoft អស់រយៈពេលជាង ៤០ ឆ្នាំមកនេះ។
យោងតាមការចុះផ្សាយរបស់ New York Times នៅថ្ងៃទី ១៣ មិនា កន្លងទៅបានប្រកាសពីការលាឈប់របស់លោក Bill Gates ពីតំណែងផ្សេងៗទាំងនៅ Microsoft និង Berkshire Hathawayដោយលោកបានប្រកាសពីហេតុផលតាមរយៈគណនី LinkedIn ថា៖ "ខ្ញុំបានសម្រេចចិត្តលាឈប់ពីតំណែងនៃក្រុមហ៊ុនទាំងពីរ ព្រោះដើម្បីចង់ចំណាយពេលលើសកម្មភាពមនុស្សធម៌ ដូចជាការទាក់ទិននឹងបញ្ហាសុខភាពពិភពលោក ការអភិវឌ្ឍ ប្រព័ន្ធអប់រំនិងដំណោះស្រាយបម្រែបម្រួលបរិយាកាសផ្សេងៗ"។
រំឭកថាក្រុមហ៊ុន Microsoft បានបង្កើតឡើងនៅឆ្ណាំ ១៩៧៥ ពោលមានអាយុកាល ៤៤ ឆ្នាំហើយ ដោយស្ថាបនិកនៃក្រុមហ៊ុនអាមេរិកនេះមាន ២ រូបគឺលោក Bill Gates និង Paul Allen ខណៈបច្ចុប្បន្ននាយកប្រតិបត្តិជាលោក Satya Nadella។
ចំពោះ Bill Gates បច្ចុប្បន្នឈរឈ្មោះជាមហាសេដ្ឋីលំដាប់ទី ២ ក្នុងសកលលោក ដោយមានទ្រព្យសម្បត្តិប្រមាណ ១០៣,៦ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ Zing