គិតមកទល់ថ្ងៃទី ១២ មិនា ឆ្នាំ ២០២០ នេះ ករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មី COVID-19 មានចំនួន ១២៦ ២៥៨ ករណី ដោយអ្នកស្លាប់មានចំនួន ៤ ៦៣៨ នាក់ និងព្យាបាលសះស្បើយចំនួន ៦៨ ២៨៤ នាក់។
ក្រឡេកទៅមើលប្រទេសអ៊ីតាលីគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសចិន ដែលបានផ្ទុះការរាតត្បាតដ៏ខ្លាំងនៃវីរុស COVID-19 ដែលមានអ្នកឆ្លងសរុបចំនួន ១២ ៤៦២ នាក់ ហើយនិងអ្នកស្លាប់កើនឡើងដល់ ៨២៧ នាក់ ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ដោយសារបញ្ហានៃការព្រួយបារម្ភនេះ នាយករដ្ឋមន្រ្តីលោក Giuseppe Conte បានប្រាប់ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅចំណុចប្រកាសអាសន្នមួយ ហើយបញ្ជាឲ្យហាងលក់ទាំងអស់ទូទាំងប្រទេស មិនថាតែអាហារដ្ឋាន ឬអាជីវកម្មផ្សេងៗចាំបាច់ត្រូវបិទទ្វារជាបណ្តោះអាសន្ន លើកលែងតែឱសថស្ថាននិងហាងលក់ចំណីអាហារមួយគត់។
រំឭកថាប្រទេសអ៊ីតាលីមានប្រជាជនសរុបចំនួន ៦០ លាននាក់ ហើយអ្នកបាត់បង់ជីវិតភាគច្រើនគឺសុទ្ធសឹងជាមនុស្សវ័យចំណាស់ តែរដ្ឋាភិបាលបានប្រកាសឲ្យពលរដ្ឋចាំបាច់ត្រូវចូលរួមប្រយុទ្ធតតាំងនឹងវីរុសដ៏កាច.សាហាវនេះ ទន្ទឹមដែលវ៉ាក់សាំងផ្លូវការក៏កៀកនឹងលេចចេញរូបរាងក្នុងពេលដ៏ខ្លីខាងមុខហើយនោះ៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ DailyMail