ថ្ងៃនេះ ពេលនេះ ក្នុងវ័យប៉ុណ្ណេះ អ្នកប្រហែលកំពុងតែអង្គុយខូចចិត្ត ឈឺចាប់ ព្រោះតែរឿងស្នេហា ឬក៏ព្រោះតែមាននរណាម្នាក់ ដែលធ្វើឱ្យអ្នកឈឺចាប់ ឬអារម្មណ៍មិនល្អមែនទេ?
ជាការពិត អ្នកប្រហែលកំពុងតែចំណាយពេលចោលព្រោះតែរឿងអស់ទាំងហ្នឹងច្រើនណាស់ ... នេះក៏ព្រោះតែអ្នកនៅវ័យនេះ អ្នកប្រហែលជាគិតថា ស្នេហា ឬការតាមទ្រ ផ្គាប់ផ្គន់ ចំពោះទំនាក់ទំនង វាសំខាន់ខ្លាំង ដែលអាចនិយាយបានថា អ្នកអត់វាមិនបានហើយ។ ប៉ុន្តែ ... ប្រហែលជា ៥ ៦ ឆ្នាំ តទៅមុខទៀត អ្នកនឹងដឹងហើយថា ការពិតទៅ អ្វីដែលសំខាន់សម្រាប់អ្នកពិតប្រាកដ? អ្នកអាចនឹងភ្ញាក់ខ្លួន ហើយគិតថា " ខ្លួនអញ មិនគួរណាចំណាយពេលចោល ទៅខូចចិត្ត គិតរឿងស្នេហា ឬគិតថា អ្នកណារាប់អញ ឬមិនរាប់អញសោះ "។
ត្រូវហើយ ដំណាក់កាលនេះ យើងប្រាកដជាខ្លាចការបាត់បង់ តែច្រើនឆ្នាំទៅមុខទៀត យើងប្រាកដជាចេះលះបង់ ហើ់យក៏ចេះ ប្រឈមមុខ នឹងការបាត់បង់ដូចគ្នា។
ដំណាក់កាលនៃភាពជាយុវវ័យ ស្នេហា ឬទំនាក់ទំនង យើងប្រាកដជាផ្ដោតភាពសំខាន់ខ្លាំងឱ្យវា ... ប៉ុន្តែ ៥ ៦ ឆ្នាំ ទៅមុខទៀតអ្នកនឹងដឹងថា ៖
- ការដែលតែលតោល គ្មានការងារធ្វើច្បាស់លាស់
- ការដែលមិនងាចរកបានចំណូល គ្មានលុយចាយ
- ការដែលគ្មានបាយហូបគ្រប់គ្រាន់
- ការដែលគ្មានផ្ទះនៅឱ្យកក់ក្ដៅដូចគេ
- ការដែលគ្មានពេលបាននៅជួបជុំក្រុមគ្រួសារ
- ការដែលមិនអាចផ្ដល់ក្ដីសុខឱ្យខ្លួនឯងបាន ...។
ចំណុចទាំងប៉ុន្មានខាងលើនេះ ទើបជារឿងដែលសំខាន់ និងចាំបាច់សម្រាប់អ្នក ច្រើនជាងការដែលត្រូវទៅចំណាយពេល ខូចចិត្ត ទឹកភ្នែក ព្រោះតែរឿងស្នេហាអត់ប្រយោជន៍៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ