នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២០ នេះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបញ្ជាក់នៅក្នុងការថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនបានរកឃើញថ្នាំសម្រាប់ការពារ Covid-19 ហើយ ថែមទាំងនឹងនាំមកកម្ពុជានៅចុងខែមីនានេះផងដែរ។
ដំណឹងដ៏រីករាយមួយនេះ បានធ្វើឱ្យមហាជនមានការធូរស្បើយចិត្តជាខ្លាំង និងមិនសូវជាមានការបារម្ភ ឬផ្អើលទិញទំនិញខ្លាំងដូចមុនទៀតឡើយ ដោយថ្នាំវ៉ាក់សាំងការពារ Covid-19 នឹងអាចជួយឱ្យប្រជាជនចាក់ការពារវីរុសដ៏រាលដាលនេះបាន។
តែអ្វីដែលកាន់តែពិសេស និងភ្ញាក់ផ្អើលខ្លាំង រហូតធ្វើឱ្យមហាជនសាទរនោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញចុះទៅជួបប្រជាជននៅក្នុងខេត្តសៀមរាប ថែមទាំងទៅសួរសុខទុក្ខបុរសជនជាតិខ្មែរ ដែលផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) នៅខេត្តសៀមរាបដើម្បីផ្តល់កម្លាំងចិត្ត ដោយមិនមានការខ្លាចរអារផងដែរ។
គួរឱ្យដឹងផងដែរថា ការប្រកាសដោយផ្ទាល់ពីសម្តេច ហ៊ុន សែន នេះ គឺធ្វើឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ មីនា ២០២០នេះ ៕