អាយុកាន់តែច្រើនហើយ ហើយមិត្តភក្តិ អ្នកនៅជុំវិញខ្លួន អ្នកខ្លះអាយុប្អូនយើងទៀត គេក៏មានសង្សារ មានស្នេហា គេការ អ្នកខ្លះមានកូន ២ ៣ នាក់ហើយ នៅឡើយតែយើងនេះ នៅមិនទាន់ស្គាល់ពាក្យថាសង្សារ មិនដែលមានស្នេហាសោះ ពេលខ្លះសង្ស័យខ្លួនឯង មានចិត្ត មានបេះដូង ចេះស្រឡាញ់ ឬក៏អត់?
យើងមិនស្រឡាញ់អ្នកណា ឬគ្មានអ្នកណាស្រឡាញ់យើង? នេះជាសំណួរដែលតែងតែសួរខ្លួនឯង គ្រប់ពេល ឃើញគេមានដៃគូ បណ្ដើរគ្នា។ ឆ្ងល់ខ្លួនឯងដែរ ល្អប៉ុណ្ណឹងដែរតែបែរជារកសង្សារ រកដៃគូម្នាក់នឹងគេមិនបាន គ្មានអ្នកណាស្រឡាញ់យើង ឬមកពីយើងនេះរើសពេក ចេះតែមិនត្រូវចិត្តអ្នកណា?
ក៏ដឹងហើយថា ការពិតទៅ មានមនុស្សស្រឡាញ់ខ្លួនឯងដែរ ក៏មានគេចង់ចូលមកដែរ តែមកពីយើងនេះមិនព្រមបើកចិត្តទទួលយកអ្នកណា មិនដែលចាប់អារម្មណ៍អ្នកណាសោះ។ ហើយក៏មានមនុស្សមិនស្រឡាញ់យើងទេ គឺមនុស្សដែលយើងស្រឡាញ់ហ្នឹងហើយ។
គ្មានសង្សារ គ្មានដៃគូនឹងគេ ក៏ព្រោះតែស្រឡាញ់មនុស្សដែលមិនស្រឡាញ់ខ្លួន មកពីយើងហ្នឹងរើសពេក មិនព្រមបើកចិត្តចាប់ផ្ដើមជាមួយអ្នកណា ប្រកាន់ចិត្តស្រឡាញ់ស្មោះ ទាំងដែលមនុស្សដែលខ្លួនស្រឡាញ់មិនចាប់អារម្មណ៍ខ្លួនឯងទាល់តែសោះ ខុសមកពីយើង មិនមែនគ្មានអ្នកណាស្រឡាញ់យើងនោះឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ