កាលពីជំនាន់មុន ខ្ទង់ទស្សវត្ស ៧០ និង ៨០ វិស័យកុននៅស្រុកខ្មែរមិនទាន់មាន ឬដំណើរការជឿនលឿននៅឡើយទេ ដោយភាគច្រើនប្រជាជននិយមស្តាប់តាមរលកវិទ្យុ និងទិញកាសែតចាក់ស្តាប់ ហើយក្នុងនោះការបញ្ចូលសំឡេងក៏ជាអាជីពមួយដ៏ពេញនិយមផងដែរក្នុងសម័យនោះ។
ថ្មីៗនេះតារាបញ្ចូលសំឡេងជើងចាស់ លោកតាស៊ិប សារិន ហៅ តាទន្សាយ ត្រូវបានគេស្គាល់ថាជាតារាបញ្ចូលសំឡេងអាជីពដ៏មានទេពកោសល្យម្នាក់កាលពីជំនាន់មុន ដែលលោកតាអាចនិយាយថាជាតារាជ័យចំណាស់ជាងគេបំផុតដែលមានជីវិតទល់សព្វថ្ងៃនេះ។
យោងតាមប្រភពព័ត៌មានតាមរយៈគណនីហ្វេសប៊ុក Sokmean Alexandra បានឱ្យដឹងថា៖ « លោកតា ស៊ិប សារិន ហៅ តាទន្សាយ វ័យ ៨៧ ឆ្នាំ តារាបញ្ចូលសំឡេងភាពយន្តចាស់ជាងគេបង្អស់នៅស្រុកខ្មែរដែលនៅរស់តាំងពីស្រុកយើងមិនទាន់មានកុនខ្មែរបញ្ចាំងនៅឡើយ អំឡុងពាក់កណ្តាលទសវត្សរ៍ទី៥០ បន្ទាប់ពីបានឯករាជ្យជាតិថ្មីៗ គ្រាដែលខ្មែរនិយមមើលកុនឥណ្ឌា និង សៀម។
លោកតាបានបញ្ចូលសំឡេងកុនផ្ទាល់នៅក្នុងរោងភាពយន្តតារា (Cine Star) ហើយបន្តបញ្ចូលសំឡេងចល័តភាពយន្តគ្រប់ខេត្តទម្រាំដល់ខ្មែរអាចថតបញ្ចូលសំឡេងតាមខ្សែអាត់ម៉ាញ៉េទិចទៅក្នុងភាពយន្ត។ លោកតានិយមបញ្ចូលសំឡេងតួតាឥសី និង សំឡេងតួកំប្លែងនាយកណ្តុរគ្រុនក្នុងទ.វ.ទី៦០។ ក្រោយឆ្នាំ១៩៧៩ លោកតាបានបញ្ចូលសំឡេងជា "នាយត្រដក់" នៅនាយកដ្ឋានភាពយន្តរហូតចូលនិវត្តន៍ក្នុងឆ្នាំ១៩៩២។
សព្វថ្ងៃលោកតាមានវ័យជរានិងមានជីវភាពខ្វះខាត ប៉ុន្តែលោកតានៅមានការចងចាំល្អចាំបានប្រហែល80%នៃរឿងរ៉ាវអតីតកាល។ លោកតាថាលោកតានៅតែអាចបញ្ចូលសំឡេងកុនបាន គ្រាន់តែភ្នែកអន់ បញ្ចូលយឺត ទើបលោកតាឈប់ពីអាជីពនេះ »។
សង្ឃឹមថានឹងមានសប្បុរសជនដែលមានសណ្តានចិត្ត អាចជួយដល់លោកតាដែលមានវ័យជរា និងមានបញ្ហាទុក្ខលំបាកក្នុងជីវិតប្រចាំថ្ងៃ៕