សម្រាប់ជីវិតជាកូនប្រុស ការរៀនមានចំណេះដឹងខ្ពង់ខ្ពស់ ហើយមានការងារល្អ មានមុខមានមាត់ មានកិត្តិយសក្នុងសង្គម គឺជារឿងមួយដែលចាំបាច់ត្រូវតែមាន។ ប៉ុន្តែរឿងមួយទៀត ដែលរឹតតែសំខាន់បំផុតសម្រាប់ជីវិតជាកូនប្រុសនោះគឺ ប្រពន្ធកូន គ្រួសារ។
ការបង្កើតគ្រួសារមួយវាជារឿងងាយ ប៉ុន្តែការផ្ដល់ក្ដីសុខ និងសុភមង្គលឱ្យដល់សមាជិកក្នុងគ្រួសារទើបជារឿងដែលពិបាក។ គ្រួសារអាចត្រូវការការទំនុកបម្រុង ត្រូវការសេដ្ឋកិច្ច លុយកាក់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ ប៉ុន្តែសម្រាប់ប្រពន្ធកូន រឹតតែត្រូវការនោះគឺ ក្ដីសុខ សុភមង្គល និងពេលវេលានៅក្បែរ មើលថែរក្សាពីអ្នកដែលជាឪពុក ប្ដី ជាមេគ្រួសារ។
ត្រូវចាំថា ក្នុងនាមជាប្ដីម្នាក់ ជាឪពុកដ៏ល្អម្នាក់ ក្រៅតែពីភារកិច្ចការងារ ការរកស៊ីខាងក្រៅ អ្នកត្រូវតែចេះចំនាយពេល ឆ្លៀតពេល និងនបង្កើតឱកាសនៅក្បែរ មើលថែ ប្រពន្ធកូនឱ្យបានច្រើន រវល់ ឬមមាញឹក និងការងារច្រើនប៉ុនណាក៏ដោយ ក៏ត្រូវតែមានពេលឱ្យក្រុមគ្រួសារ។ កុំប្រឹងរក ប្រឹងធ្វើការរហូតដល់ភ្លេចរឿងប្រពន្ធកូន ភ្លេចគ្រួសារ ព្រោះពេលខ្លះ ទោះអ្នកមានលុយ មានមុខមានមាត់ខ្លាំងប៉ុនណា ក៏ប្រពន្ធកូនមិនត្រូវការដែរ ព្រោះអ្វីដែលពួកគេចង់បានបំផុតនោះគឺ ក្ដីសុខ សុភមង្គល ការស្រឡាញ់ ថ្នាក់ថ្នម មើលថែ និងពេលវេលាដើរកម្សាន្តជុំគ្នា៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ