ធម្មតាទេ រាល់កាស្រឡាញ់ តែងតែមានការប្រចណ្ឌ ហួងហែងលើដៃគូអ៊ីចឹងហើយ តែកុំព្រោះតែករប្រចណ្ឌ ហួងហែង ក្លាយទៅជាបញ្ហា នាំឱ្យដៃគូបែកបាក់គ្នាឱ្យសោះ ព្រោះគ្មាននរណាម្នាក់ ចង់មានសម្ពាធលើស្នេហា ដោយសារតែអារម្មណ៍ ហួងហែង ប្រចណ្ឌគ្នានោះឡើយ។
គេថា បើមិនប្រចណ្ឌ មិនហួងហែង មានន័យថា មិនបានស្រឡាញ់ តែការប្រចណ្ឌ ហួងហែងហួសហេតុវិញ វាអាចធ្វើឱ្យការស្រឡាញ់ ក្លាយទៅជា ភាពអាត្មានិយម បិទសិទ្ធសេរីភាពដៃគូ និងនាំឱ្យទំនាក់ទំនងមានបញ្ហាទៅវិញទេ។
ត្រូវដឹងថា ការពិតទៅ ការប្រចណ្ឌហួងហែងនេះ មិនបានបញ្ជាក់ថា យើងស្រឡាញ់ ឬមិនស្រឡាញ់ទេ តែការដែលយើងហួងហែងគ្នា ប្រចណ្ឌគ្នានេះ វាបង្ហាញថា យើងមិនមានទំនុកចិត្តលើទំនាក់ទំនង មិនជឿជាក់លើដៃគូរបស់ខ្លួនឯង ដូចពាក្យចាស់ពោលថា មនុស្សខឹង គឺល្ងង់ ប្រចណ្ឌ គឺភ្លើ វាជាពាក្យសម្រាប់ដាស់តឿនយើង កុំឱ្យល្ងង់ ឬភ្លើ ព្រោះតែអារម្មណ៍ ខឹង ប្រចណ្ឌហួងហែងគ្នានេះ។
បើស្រឡាញ់គ្នាពិត ត្រូវចេះទុកចិត្ត និងជឿជាក់លើគ្នា កុំប្រចណ្ឌ កុំហួងហែង កុំបិទសិទ្ធសេរីភាពគ្នាអី មនុស្សដែលយើងស្រឡាញ់ បើគេស្រឡាញ់យើងមែន គេក៏នៅតែជារបស់យើង គ្មាននរណាម្នាក់មកដណ្ដើមគេពីយើងបានឡើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ