បើយោងតាមសារព័ត៌មានល្បីឈ្មោះមួយរបស់ប្រទេសថៃ TheThaiger (ឈរលេខរៀងទី ១៩៣ លើ Alexa) បានចុះផ្សាយថាផ្សែងដែលចេញមកពីការដុតលើដីកសិដ្ឋាននៅប្រទេសកម្ពុជា បានបង្កើតក្លាយជាផ្សែងនិងអ័ព្ទអាប់អួជាច្រើនបណ្ដែតតាមខ្យល់ស្រាលៗ រហូតធ្វើឲ្យសាលារដ្ឋទាំងអស់ក្នុងទីក្រុងបាងកកចាំបាច់ត្រូវបិទទ្វាររហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
ប្រភពបានបន្ត រដ្ឋបាលក្រុងបាងកកបានឲ្យដឹងថាដោយសារកត្តានៃចរន្តខ្យល់ខ្សោយនិងខ្យល់បក់ស្រាលៗ រុញឲ្យមានការប្រមូលផ្តុំការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់ ធ្វើឲ្យគុណភាពខ្យល់មានការចុះអន់ថយខ្លាំងអាចប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ជាពិសេសគឺក្មេងៗ ទើបរដ្ឋបាលក្រុងប្រញាប់ប្រកាសឲ្យសាលាទាំងអស់បិទទ្វារ។
បើគិតពីសន្ទស្សន៍គុណភាពខ្យល់នៅទីក្រុងបាងកកទាំងមូលកាលពីថ្ងៃអង្គារម្សិលមិញគឺបានកើនឡើងដល់ ១៨៨ ដែលវាជាខ្យល់ពុលកម្រិតខ្ពស់មួយទាមទារឲ្យមានការប្រុងប្រយ័ត្នខ្លាំងបំផុត។
បច្ចុប្បន្នរដ្ឋបាលក្រុងកំពុងចាត់វិធានការ ដើម្បីកាត់បន្ថយកម្រិតខ្យល់ពុលមួយនេះ ដោយធ្វើការហាមឃាត់មិនឲ្យរថយន្តប្រភេទកង់ ៦ ឬលើសពីនេះចូលតាមផ្លូវក្រវ៉ាត់ក្រុង Ratchadapisek រហូតដល់ពាក់កណ្ដាលអាធ្រាត្រថ្ងៃព្រហស្បតិ៍ ហើយនឹងធ្វើការត្រួតពិនិត្យមើលការបំភាយផ្សែងរបស់យានយន្តដែលឆ្លងកាត់ទាំងអស់។
យ៉ាងណាមិញប្រភពខាងលើបានសង្កត់ធ្ងន់ថាវាជាគ្រាន់ជាវិធានការទប់ស្កាត់ទូទៅតែប៉ុណ្ណោះ ប៉ុន្តែដើមចមដែលធ្វើឲ្យមានកង្វក់ខ្យល់មួយនេះកើតឡើងខ្លាំង ក៏ដោយសារតែការដុតចម្ការអំពៅ ពោត និងវាលស្រែនៅភាគកណ្ដាល ខាងជើង និងទិសបូព៌ា ក៏ដូចជាផ្សែងដែលបក់ចេញពីការដុតនៅឯកសិដ្ឋានរបស់ពលរដ្ឋកម្ពុជា៕
ប្រែសម្រួល៖ Knongsrok | ប្រភព៖ TheThaiger