បើនិយាយពីពិធីកាត់គ្រោះ លើករាសីខ្មែរយើង គឺមានច្រើនសណ្ឋានណាស់ តែពិធីដែលពេញនិយមជាងគេគឺពិធីសូត្រមន្តរំដោះគ្រោះពីសំណាក់ព្រះសង្ឃតែម្តង តែការពិតទៅគឺមានពិធីជាច្រើនទៀតដែលយើងមិនបានដឹង។
ថ្ងៃនេះផងដែរ « ក្នុងស្រុក » សូមលើកឡើងពីពិធីរំដោះគ្រោះមួយ ដែលត្រូវបានផ្សាយដោយ គណនីហ្វេសប៊ុកផេក Living with Heritage Project ដូចខាងក្រោមនេះ ៖
ពុតម្ឈូស៖ នៅក្នុងពិធីកាត់គ្រោះមួយនេះ គេធ្វើម្ឈូសស្រទបចេកដាក់រូបមនុស្សសូនពីម្សៅ ដោយសន្មតថាជាសពរូបម្ចាស់របស់សមីពិធីដែលបានស្លាប់ទៅ។
បើសមីពិធីជាមនុស្សប្រុសគេសូនរូបប្រុស តែបើជាស្ត្រីវិញគេសូនរូបស្ត្រី ជាតំណាងដូច្នេះ។ ដោយសារម្ឈូសនោះជាវត្ថុ <<បញ្ឆោត>> ដូច្នេះហើយ ទើបបានជាគេហៅថា <<ពុត>> ធ្វើពុត ធ្វើកល ធ្វើល្បិច ដែលមិនមែនជា <<ពិត>>។
ឆ្លងកាត់កិច្ចពិធីនេះ សមីពិធីហាក់សន្មតថាបានកើតឡើងវិញ មានរូបថ្មី អាយុនោះក៏បានវែងទៅមុខទៀត ដោយហេតុថា រូបចាស់ដែលសន្មតឡើងតាមរយៈរូបម្សៅអង្ករ ក្នុងពុតម្ឈូស ត្រូវគេយកទៅដុតចោលនៅពេលចុងក្រោយនៃពិធី។
ក្នុងស្រុក សូមបញ្ជាក់ថា មពិធីខាងលើ គ្រាន់តែជាការចែករំលែកបន្តគ្នាឱ្យបានដឹងឱ្យបានស្គាល់ នៃពិធីបុរាណខ្មែរតែប៉ុណ្ណោះ បើទោះបីជានេះជាសម័យជឿនលឿន តែទាក់ទងនឹងអបិយជំនឿខ្មែរបុរាណក៏មិនអាចប្រមាថបានដែរ ដូច្នេះជឿ ឬមិនជឿសូមឱ្យប្រិយមិត្តធ្វើការពិចារណាដោយខ្លួនឯង ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖ Living with Heritage Project