ការផ្ទុះឡើងនៃជំងឺ Coronavirus (COVID-19) ដែលបានឆក់យកអាយុជីវិតមនុស្សជាង ២០០០ នាក់នៅជុំវិញពិភពលោក នៅពេលនេះបានជះឥទ្ធិពលដល់ឧស្សាហកម្មបច្ចេកវិទ្យាផងដែរ។ Mobile World Congress ហៅកាត់ MWC ដែលជាកម្មវិធីដាក់បង្ហាញសម្ភោធផលិតផលបច្ចេកវិទ្យាចល័តដ៏ធំ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ ត្រូវបានលុបចោល ហើយបណ្តាញអ្នកចែកចាយផ្គត់ផ្គង់ស្មាតហ្វូននៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដោយសារបញ្ហានេះផងដែរ។
ឥឡូវនេះព័ត៌មានចេញពីប្រទេសកូរ៉េខាងត្បូងបានប្រាប់អោយដឹងថាក្រុមហ៊ុន Samsung បានបិទរោងចក្រផលិតស្មាតហ្វូននៅទីក្រុង Gumi បន្ទាប់ពីបុគ្គលិកម្នាក់បានឆ្លងវីរុសកូរ៉ូណា។
រោងចក្រនេះ ជារោងចក្រដែលក្រុមហ៊ុនសាមសុងផលិត Galaxy Fold និង Galaxy Z Flip ត្រូវធ្វេីការបិទទ្វាររហូតដល់ថ្ងៃទី ២៤ ខែកុម្ភះ ហើយនិងធ្វេីការបិទឃាំងជាន់ដែលបុគ្គលិកធ្វេីការមិនអោយអ្នកណាចូលរហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ។
Samsung បានប្រកាសប្រាប់ខាងសារពត៌មានថា គ្រប់បុគ្គលិករបស់ខ្លួនណាដែលបានទាក់ទង ឬធ្លាប់បាននិយាយជាមួយបុគ្គលិកម្នាក់ដែលបានឆ្លងមេរោគនោះ នឹងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ដេីម្បីធ្វេីការពិនិត្យតេស្ដឱ្យបានល្អិតល្អន់ថាពួកគេមានឆ្លងមេរោគ កូរ៉ូណា ដែរ ឬអត់ ដេីម្បីការពារការឆ្លងរីករាលដាល។
ការបិទរោងចក្រនៅ Gumi នេះទំនងជាមិនមានផលប៉ះពាល់អ្វីធំដុំទៅលើដំណេីរការផលិតស្មាតហ្វូនរបស់ Samsung ទេព្រោះវាមានចំណែកតិចតួចនៃការផលិតស្មាតហ្វូនសរុបរបស់ខ្លួនប៉ុណ្ណោះ៕
ប្រភព៖gsmarena