ទិន្នន័យកើនការលក់របស់ Apple បានបញ្ជាក់អោយឃើញថា iPhone នៅតែជាទូរស័ព្ទល្អដាច់គេ និងមានតម្រូវការខ្ពស់នៅពេលនេះ។ តលចាំទេនៅពេលដែលលោក Tim Cook បាននិយាយថាគាត់មានទំនុកចិត្តគ្រប់គ្រាន់ថា Apple នឹងជោគជ័យក៏ដូចជាកើនការលក់ទូរស័ព្ទម៉ូឌែលថ្មី iPhone 11? យោងតាមរបាយការណ៍ត្រីមាសដំបូងរបស់ពួកគេ ទិន្នន័យការលក់ iPhone 11បានលើសការព្យាករណ៏របស់ Cook ទៅទៀត។
នៅក្នុងកំណត់ត្រាប្រាក់ចំណូលចុងក្រោយបង្អស់ដែលរាយការណ៍ដោយក្រុមហ៊ុនយក្សបច្ចេកវិទ្យានេះ ពួកគេទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,៨ ពាន់លានដុល្លារអាមេរិក។ វាជាការកើនឡើង ៩ ភាគរយបើប្រៀបធៀបទៅនឹងរបាយការណ៍ប្រាក់ចំណូលត្រីមាសមុន។ ៦១ ភាគរយនៃប្រាក់ចំណូលសរុបបានមកពីការលក់នៅក្រៅទឹកដីសហរដ្ឋអាមេរិក។
ទឹកប្រាក់ប្រមាណ ២៥ ពាន់លានដុល្លារត្រូវបានប្រគល់ទៅឱ្យម្ចាស់ភាគហ៊ុនវិញ ចំណែក ២០ ពាន់លានដុល្លារអាមេរិកទៀតក្រុមហ៊ុនបានទៅទិញភាគហ៊ុនមកវិញ និងនៅសល់ ៣.៥ ពាន់លានដុល្លារអាមេរិកជាភាគលាភនិងភាគហ៊ុន។
ជាមួយនឹងរដូវកាលឈប់សម្រាកកាលពីឆ្នាំមុនគេរំពឹងថាប្រជាជននឹងទិញផលិតផលប្រើប្រាស់ច្រើន។ តំរូវការដ៏ធំធេងសំរាប់ iPhone 11 ទាំង ៣ សេរី បូកផ្សំនឹងសេវាកម្មដ៏ល្អរបស់ក្រុមហ៊ុន បានជម្រុញការលក់អោយមានការកើនឡើង។
ជាមួយនឹងលទ្ធផលកើនបរិមាណនៃការលក់នេះ បានបញ្ជាក់អោយឃើញថា Apple មានមូលដ្ឋានច្បាស់លាស់ធ្វើអោយអតិថិជនពេញចិត្តនិងមានទំនុកចិត្តខ្ពស់លើផលិតផលក្រុមហ៊ុនមួយនេះ។ លោក Tim Cook ក៏បានបន្ថែមទៀតថាភាពស្មោះត្រង់និងភាពជឿជាក់របស់អតិថិជនមកលើក្រុមហ៊ុនគឺជាកត្តាជំរុញដ៏ធំធេងដល់ការរីកចម្រើនរបស់ក្រុមហ៊ុន Apple៕