ភាពមានហេតុផល និងទំនួលខុសត្រូវរបស់ឪពុកម្ដាយដែលជាអាណាព្យាបាល ជាមេគ្រួសារក្នុងផ្ទះ គឺជាចំណែកមួយដ៏ធំ សម្រាប់ទំនុកបម្រុងដល់កូនចៅទៅថ្ងៃមុខ។ ម្យ៉ាងវិញទៀត គ្រួសារល្អ មានតែភាពត្រជាក់សុខដុម នឹងនាំឱ្យការរកស៊ីរីកលូតលាស់ដុះដាល ប្ដីប្រពន្ធចេះស្រឡាញ់គ្នា បារម្ភគ្នា មើលថែគ្នា ចាប់ដៃគ្នារកស៊ីជាមួយគ្នា តើបអាចឱ្យគ្រួសារធូរធារ រកស៊ីមានបាន ព្រោះរវល់រៀងៗខ្លួន មិនមានការឆ្គាំឆ្គង គ្មានពេលឈ្លោះប្រកែករករឿងគ្នាឡើយ។
ប៉ុន្តែ បើគ្រួសារក្ដៅគគុក ឪពុកម្ដាយមានតែរឿងឈ្លោះទាស់ទែង ក្ដៅក្រហាយ អាចនាំឱ្យមានភាពអន្តរាយដល់គ្រួសារ បែកបាក់ និងនាំឱ្យកូនចៅលលំបាកវេទនា ខ្វះភាពកក់ក្ដៅទៅថ្ងៃមុខទៀត។
ចាប់ដៃគ្នាជាប្ដីប្រពន្ធហើយ ក្លាយជាឪពុកម្ដាយគេហើយ ធ្វើអ្វីក៏ដោយ ឱ្យគិតដល់ចិត្តកូនៗផង កុំធ្វើខ្លួនគ្មានច្បាប់ទម្លាប់ កុំធ្វើខ្លួនផ្ដេសផ្ដាសឱ្យក្លាយជាគម្រូអាក្រក់ដល់កូនៗ ព្រោះអ្វីដែលអ្នកបានធ្វើ វានឹងក្លាយទៅជាការចងចាំដក់ជាប់ក្នុងចិត្ត ដិតក្នុងខួរក្បាលរបស់កូនៗរបស់យើង។ កុំធ្វើឱ្យកូនមានអារម្មណ៍ថា ឈឺចាប់ និងខកចិត្ត ជិវិតដិតដាមដោយស្រមោលដែលគួរឱ្យខ្លាចរអា៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ