ជាការពិតណាស់ ថ្ងៃទី ១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ត្រូវបានគេដឹងថាជាថ្ងៃនៃក្តីស្រលាញ់ ឬ Valentine's day ដែលជាពិធីបុណ្យរបស់ខាងសាសនាគ្រឹស្តប៉ែកអឺរ៉ុប តែពិធីបុណ្យនេះបានហូរចូលមកខាងប្រទេសអាស៊ីជាខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានទាំងប្រទេសកម្ពុជាយើងផងដែរ។
យើងឃើញថាជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃនៃការពេញនិយមពិធីបុណ្យនៃក្តីស្រលាញ់ នៅតាមដងផ្លូវ និងហាងផ្កាមួយចំនួនបានដាក់លក់ផ្កាព្រោងព្រាតខុសពីសព្វមួយដង ដោយសារតែទាំងយុវវ័យ និងមនុស្សវ័យកណ្តាលទេ សុទ្ធសឹងតែទិញផ្កាជូនមនុស្សជាទីស្រលាញ់ ឯអ្នកខ្លះក៏ទិញជូនម៉ាក់ប៉ា បងប្អូន មិត្តភក្តិ និងមិត្តរួមការងារជាដើម ធ្វើឱ្យអ្នកលក់ផ្កាលក់ដាច់ខ្លាំងខុសពីធម្មតា រហូតមានអ្នកប្រកបរបរលក់ផ្កានេះតែមួយថ្ងៃក្នងមួយឆ្នាំទៀតផង។
ជាក់ស្តែងសម្រាប់ថ្ងៃនេះផងដែរ មានសារព៏ត៌មានជាច្រើនបានចុផ្សាយថាការលក់ផ្កានៅឆ្នាំនេះមានការធ្លាក់ចុះ និងស្ងប់ស្ងាត់ខុសពីធម្មតា តែបើតាមរយៈការចុះដោយផ្ទាល់របស់ក្រុមការងារ « ក្នុងស្រុក» បានឃើញទិដ្ឋភាពអ៊ូអរជាខ្លាំងនៅតាមបណ្តាហាងនានា។
បើតាមការចុះផ្ទាល់ទៅដល់ហាងលក់ផ្កាស្អាតៗជាច្រើនកន្លែង អ្នកលក់បានបិទទទួលកក់តាំងពីថ្ងៃត្រង់ម្ល៉េះ ដោយសារមានអ្នកមកទិញ និងកក់ឱ្យខ្ចប់ច្រើនរហូតរកផ្កាលក់មិនទាន់ បើចង់កម្ម៉ង់ទាល់តែយប់ទើបបាន តែបើងាកមកមើកមុខរបរលក់ផ្កាកូលាបតាមចិញ្ចើមផ្លូវហាក់មានភាពស្ងប់ស្ងាត់ពិតមែន អាចនិយាយបានថាសំរាប់ហាងផ្កាធំៗគឺរកផ្កាលក់សឹងមិនទាន់ អាចមកពីអតិថិជនភាគច្រើនមានទំនុកចិត្តលើការវេចខ្ចប់ ហើយហាងផ្កាធំៗភាគច្រើនសំបូរសុទ្ធផ្កាធំស្រស់ៗល្អ ការវេចខ្ចប់ក៏មានភាពទាក់ទាញខ្លាំង បើទោះបីជាតំលៃរាងថ្លៃបន្តិចក៏ដោយ៕
រក្សាសិទ្ធអត្ថបទ និងរូបភាព៖ ក្នុងស្រុក