នៅក្នុងកម្មវិធី Unpacked 2020 របស់ Samsung កាលពីយប់ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2020 ធ្វើឱ្យអ្នកគាំទ្រប្រេនមួយនេះក៏ដូចជាសារពត៌មានជាច្រើនមានការភ្ញាក់ផ្អើលចំពោះបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដែល Samsung បានបំពាក់លើកំពូល Smartphone ត្រកូល S20 ទាំងបីម៉ូដែលរបស់ខ្លួន ជាពិសេសគឺកាមេរ៉ាដ៏ខ្លាំងដែលអាចធ្វើការ Zoom ដល់ 100X (Space Zoom) ក្នុងនោះ Samsung ក៏បានបង្ហាញពីកាសឥតខ្សែជំនាន់ថ្មីដែលមានឈ្មោះថា Galaxy Buds+ ផងដែរ ។
ក្រៅពីការបង្ហាញកំពូល Smartphone ប្រចាំឆ្នាំរបស់ខ្លួនហើយ ឆ្លៀតក្នុងឱកាសនោះក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះក៏បានណែនាំនៅសមាជិកថ្មីកូនពៅមួយទៀតទៅកាន់ពិភពលោក នោះគឺ Galaxy Z flip ដែលជា Smartphone មានអេក្រង់បត់ជំនាន់ថ្មី ។ វាមានភាពខុសប្លែកពី Galaxy Fold ដែលបានចេញលក់កន្លងទៅ ដោយវាជាប្រភេទអេក្រង់បត់បែបទទឹង ហើយម្ដងនេះ Samsung មិនបានបំពាក់អេក្រង់ជាប្រភេទផ្លាស្ទិកដូចជំនាន់មុននោះទេ ដោយវាជាប្រភេទកញ្ចក់ស្ដើង ដែលមើលទៅអាចប្រើប្រាស់បានធន់ជាង ។
Galaxy Z flip មានទំហំអេក្រង់ 6.7 អ៉ីង ជាប្រភេទ Amoled ជាមួយកម្រិតបង្ហាញ 1080x2636 pixels HDR10+ វាមានបំពាក់រ៉េមទំហំ 8GB ជាមួយអង្គផ្ទុកទិន្នន័យ 256GB អ្វីដែលគួរអោយស្ដាយនោះគឺថា Galaxy Z flip នេះមិនបានបំពាក់ឈីបជំនាន់ចុងក្រោយដូចត្រកូល S20 ទេ ដោយវាប្រើឈីប Snapdragon 855+ ដែលចេញកាលពីឆ្នាំទៅ យ៉ាងណាក៏ដោយ ឈីបនេះគឺនៅតែខ្លាំងអាចទ្រទ្រង់គ្រប់កម្មវិធីនិងហ្គេមធំៗទាំងអស់ដែលចេញនាពេលនេះ ។
វាមានកាមេរ៉ាភ្លោះពីរគ្រាប់ មួយគ្រាប់ទំហំ 12mp មាន Aperture 1.8 ជាប្រភេទ Wide និងមួយគ្រាប់ទៀតទំហំ 12mp ដូចគ្នា មាន Aperture 2.2 ជាប្រភេទ Ultra Wide សំរាប់ថតផ្ទៃទូលាយ សំរាប់ការថតវីដេអូវាអាចថតបានកម្រិត 4K 60fps មិនលោតដល់ 8K ដូច S20 ឡើយ វាមានទំហំថ្ម 3300mAh គាំទ្រការសាកថ្មលឿន fast charge 15W ហើយក៏មានមុខងារ Wireless charge ផងដែរ ។ សំរាប់មុខងារស្កេនក្រយ៉ៅដៃលើ Galaxy Z flip គឺត្រូវបានបំពាក់នៅលើប៊ូតុង Power នៅផ្នែកខាងស្ដាំ មិនមែននៅក្រោមអេក្រង់នោះទេ ។ នៅពេលដែលយើងបត់អេក្រង់ចូលក្នុងយើងនឹងឃើញមានអេក្រង់តូចមួយទៀតដែលបំពាក់នៅខាងក្រោយជិតផ្នែកកាមេរ៉ាភ្លោះ ទំហំ 1.1 អ៉ីង កម្រិតបង្ហាញ 112x300 pixels សំរាប់បង្ហាញ ម៉ោង សារដំណឹង ជាដើម ហើយក៏មានមុខងារ always on display ផងដែរ ។
សំរាប់តំលៃនៅលើទីផ្សារអន្តរជាតិ Galaxy Z flip មានតំលៃ 1379$ តំលៃនេះនឹងប្រែប្រួលពេលមកដល់ទីផ្សារស្រុកយើង ដោយវាមានជំរើសបីពណ៌ គឺពណ៌ ខ្មៅ ស្វាយ និង មាស ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? តើអ្នកគួរចំណាយទឹកប្រាក់មួយពាន់ដុល្លារជាងទៅលើទូរស័ព្ទមួយគ្រឿងនេះដែររឺទេ?