សៀមរាប៖ ថ្មីៗនេះព័ត៌មានជាច្រើនបានផ្សព្វផ្សាយជាផ្លូវការថា តំបន់អង្គរមានគម្រោងស្ថាបនាផ្លូវសម្រាប់ជិះកង់ ដោយមានដើមឈើតូចធំតាមដងផ្លូវសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្ត។
ស្រាប់តែថ្មិៗនេះ ដងវិថីសម្រាប់ជិះកង់ ត្រូវបានគេដឹងថា ស្ថាបនាជិតរួចរាល់ហើយ ពោលគឺនឹងស្វាគមន៍ភ្ញៀវមកជិះលេងនាពេលខាងមុខ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះហើយ។
តាមរយៈគណនីហ្វេសប៊ុកផេក យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានរៀបរាប់ថា៖ « ផ្លូវសម្រាប់ជិះកង់ មានទទឹង២ម៉ែត្រ បណ្ដោយ២៣គីឡូម៉ែត្រ នៅក្នុងតំបន់អង្គរ កំពុងត្រូវបានស្ថាបនាឡើងក្នុងគោលបំណង ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋសិស្សានុសិស្ស ទេសចរកំសាន្ត និងហាត់ប្រាណ រួមនិងកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវធំ ដោយកសាងក្នុងទិសដៅស្របនឹងផ្លូវកៅស៊ូដែលមានស្រាប់ ដោយអាស្រ័យទៅតាមទីតាំងនិងស្ថានភាពដី គ្រោងដាក់ឱ្យដំណើរការនៅខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ »។
ដូច្នេះកុំភ្លេចត្រៀមៗណា វិថីជិះកង់ក្នុងតំបន់អង្គរ ដឹងតែសប្បាយកប់ហើយមិនចាញ់វិថីជិះកង់ស្រុកគេនោះឡើយ កុំភ្លេចនាំគ្នាកម្សាន្តទាំងអស់គ្នា៕